ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ទិវាអន្តរជាតិនារី ៨ មីនា៖ សារលើកទឹកចិត្តរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទៅកាន់គណៈគ្រប់គ្រង

បានផ្សាយចេញ | ០៧ មីនា ២០២៦

ទិវាអន្តរជាតិនារី ៨ មីនា៖ សារលើកទឹកចិត្តរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទៅកាន់គណៈគ្រប់គ្រង

ក្នុងឱកាស ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានផ្ញើសារលើកទឹកចិត្តជូនដល់គណៈគ្រប់គ្រងទាំងអស់ ដោយលើកឡើងពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្នុងការបង្កើតបរិយាកាសការងារដែលមានទំនួលខុសត្រូវ គាំទ្របុគ្គលិក និងលើកកម្ពស់សុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់។

នៅក្នុងសារនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានរំលឹកថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចាប់តាំងពីការបង្កើតក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE)មក ក្រុមហ៊ុនតែងតែខិតខំអនុលោមតាមច្បាប់ការងារ និងបង្កើតប្រព័ន្ធគាំទ្រផ្សេងៗសម្រាប់បុគ្គលិក ដូចជា គណៈកម្មការបណ្ដាញស្ត្រី (Female Hotline) មូលនិធិ ម៉េងលី ជេ. គួច និងមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច។ ជាមួយគ្នានេះ ស្ថាប័នក៏បានពង្រឹងការគ្រប់គ្រងផ្ទៃក្នុងតាមរយៈការបង្កើតផ្នែកសវនកម្ម និងការិយាល័យគ្រប់គ្រងហានិភ័យ និងអនុលោមតាម(Risk and Compliant Office)ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រង។

បន្ថែមពីលើប្រព័ន្ធទាំងនេះ យើងថែមទាំងបានណែនាំកម្មវិធីធានារ៉ាប់រងជាច្រើនប្រភេទសម្រាប់បុគ្គលិក ដែលអាចឱ្យពួកគាត់មានអារម្មណ៍ថាត្រូវបានធានាការពារ និងមានក្ដីសុខក្នុងចិត្ត។ ការណ៍នេះ ត្រូវបានអនុវត្តទោះបីជាមានសេវាបេឡាជាតិរបបសន្តិសុខសង្គម តាមរយៈរដ្ឋាភិបាលក៏ដោយ ព្រោះយើងជឿជាក់ថាបុគ្គលិករបស់យើងគួរតែទទួលបាននូវកិច្ចគាំពារ និងការគាំទ្របន្ថែម។ គោលបំណងរបស់យើងគឺតែង តែធ្វើឱ្យលើសពីតម្រូវការអប្បបរមាតាមតែអាចធ្វើទៅបាន ដើម្បីការពារដល់សុខុមាលភាពរបស់បុគ្គលិកយើងគ្រប់ៗរូប។

យើងក៏បានខិតខំជាបន្តបន្ទាប់ ដើម្បីធានាថាប្រាក់ឈ្នួល និងអត្ថប្រយោជន៍មានភាពយុត្តិធម៌ និងអាចប្រកួតប្រជែងបាន។ រចនាសម្ព័ន្ធប្រាក់ឈ្នួលត្រូវបានពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីរក្សាឱ្យស្មើ ឬលើសអត្រាទីផ្សារតាមតែអាចធ្វើទៅបាន ដោយគិតគូរពីអត្រាអតិផរណា និងថ្លៃចាយវាយលើការរស់នៅប្រចាំថ្ងៃផងដែរ។ យើងយល់ថាស្ថិរភាពហិរញ្ញវត្ថុ គឺជាផ្នែកសំខាន់មួយនៃសុខុមាលភាព និងក្ដីសុខក្នុងចិត្តរបស់បុគ្គលិក។

លើសពីប្រាក់ឈ្នួល យើងផ្តល់ជូននូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាអាហារូបករណ៍សម្រាប់ការសិក្សាបន្ត និងឱកាសសិក្សាសម្រាប់កូនៗរបស់បុគ្គលិក ជាពិសេសសម្រាប់គ្រួសារដែលរស់នៅតាមបណ្តាខេត្ត ដែលអាចនឹងមិនមានឱកាសទទួលបានការអប់រំមានគុណភាពនៅក្នុងទីក្រុង ដោយងាយស្រួល។

តាំងពីដើមរៀងមក យើងក៏បានវិនិយោគយ៉ាងសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ ការិយាល័យ និងគ្រឿងបរិក្ខារ។ ការរចនាសាលារៀន បន្ទប់សិក្សា ការិយាល័យ និងបរិយាកាសការងារ ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព សុវត្ថិភាព និងអនាម័យ។ សូម្បីតែព័ត៌មានលម្អិតតូចៗ ដូចជាការរៀបចំការិយាល័យ ទីកន្លែងសិក្សា ឧបករណ៍ និងសម្ភារៈការិយាល័យ ក៏ត្រូវបានផ្ដល់ជូនយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីធានាថាបុគ្គលិក និងសិស្សានុសិស្សអាចធ្វើការ និងសិក្សា ក្នុងបរិយាកាសដែលមានសុវត្ថិភាព ស្អាត ផាសុកភាព ដើម្បីលើកកម្ពស់ផលិតភាព និងសុខុមាលភាព។

លើសពីនេះ យើងបានវិនិយោគយ៉ាងច្រើនលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបដើម្បីឱ្យបុគ្គលិក និងលោកគ្រូ អ្នកគ្រូមានឧបករណ៍ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព មានប្រព័ន្ធដែលអាចទុកចិត្តបាន និងមានវេទិកាឌីជីថលដែលបង្កភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ។ គោលបំណងរបស់យើង គឺធានាថាបុគ្គលិក គ្រប់រូបមានធនធានចាំបាច់ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ។

នៅក្រុមហ៊ុន MJQE យើងតែងតែគិតទុកជាមុន និងរៀបចំផែនការសម្រាប់រយៈពេលវែងជានិច្ច។ លោកគ្រូ អ្នកគ្រូជាច្រើន ដែលបានបំពេញការងារជាមួយយើងអស់រយៈពេលជាច្រើនឆ្នាំ បានឃើញដោយផ្ទាល់នូវការពិត បញ្ហាប្រឈម និងភាពមិនប្រាកដប្រជា ដែលយើងបានជួបប្រទះក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ យើងឆ្លងកាត់ពេលវេលាដ៏លំបាក និងស្ថានការណ៍មិនងាយស្រួលជាច្រើនជាមួយគ្នា ប៉ុន្តែយើងមិនដែលបោះបង់ចោលការប្តេជ្ញាចិត្តដើម្បីឈានទៅមុខ កែលម្អ និងកសាងស្ថាប័នឱ្យរឹងមាំសម្រាប់អនាគតឡើយ។

ក្នុងកំលុងពេលនេះ គោលដៅរបស់យើងនៅតែរក្សាដូចដើម គឺខិតខំឱ្យឈានដល់ស្តង់ដាខ្ពស់បំផុតនៃគុណភាព សេវាកម្ម និងបំពេញចិត្ត ដល់បុគ្គលិក សិស្សានុសិស្ស និងមាតាបិតា។ មានច្រើនករណីដែរ ដែលយើងបានអនុវត្តកម្មវិធី និងការកែលម្អ ទោះមិនមែនជាតម្រូវការចាំបាច់ក៏ដោយ ព្រោះយើងជឿថា វាជាអ្វីដែលត្រឹមត្រូវ និងព្រោះយើងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះមនុស្សទាំងអស់ដែលជាផ្នែកមួយនៃស្ថាប័នរបស់យើង។

ជាមួយនឹងការខិតខំប្រឹងប្រែងទាំងអស់នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គណៈគ្រប់គ្រងរបស់យើងនឹងយល់ច្បាស់អំពីទឹកចិត្ត និងបំណងល្អនៅពីក្រោយគំនិតផ្ដួចផ្ដើមទាំងអស់នេះ ហើយជួយផ្សព្វផ្សាយសារនេះទៅកាន់បុគ្គលិកគ្រប់កម្រិត។ វាពិតជាចាំបាច់ណាស់ដែលគាត់ត្រូវយល់ថា ស្ថាប័នមានការយកចិត្តទុកដាក់ ការគោរព និងការព្រួយបារម្ភចំពោះសុខុមាលភាពរបស់គាត់ មិនត្រឹមតែនៅកន្លែងការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងជីវិតផ្ទាល់ខ្លួន ហើយពេលខ្លះជួយដល់គ្រួសាររបស់គាត់ផងដែរ នៅពេលដែលគាត់ត្រូវការការឧបត្ថម្ភគាំទ្រ។
នៅក្រុមហ៊ុន MJQE យើងមិនចាត់ទុកបុគ្គលិកត្រឹមតែជាបុគ្គលិកធម្មតាប៉ុណ្ណោះទេ។ យើងចាត់ទុកគាត់ជាដៃគូ និងសមាជិកនៃគ្រួសារធំមួយ ដែលធ្វើការរួមគ្នាដើម្បីបំពេញបេសកកម្មដ៏មានន័យ គឺការអប់រំមនុស្សជំនាន់ក្រោយ និងរួមចំណែកអភិវឌ្ឍសង្គមរបស់យើង។

លោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់យើង គឺជាបេះដូងនៃស្ថាប័ននេះ។ បើគ្មានការលះបង់ ការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តរបស់គាត់ទេ សមិទ្ធផល និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន MJQE នឹងមិនអាចកើតមានឡើយ។

ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់សមាជិកគណៈគ្រប់គ្រងទាំងអស់ សូមបន្តដឹកនាំដោយក្តីមេត្តា យុត្តិធម៌ ទំនួលខុសត្រូវ និងសុចរិតភាព។ សូមខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីធានាថាបុគ្គលិកយើងមានអារម្មណ៍ថាត្រូវបានគោរព ផ្ដល់តម្លៃ និងគាំទ្រ។

សូមយើងបន្តពង្រឹងនូវវប្បធម៌មានវិជ្ជាជីវៈ យកចិត្តទុកដាក់ និងគោរពគ្នាទៅវិញទៅមក ដើម្បីឱ្យក្រុមហ៊ុន MJQE របស់យើង មិនត្រឹមតែជាកន្លែងដែលសិស្សានុសិស្សទទួលបានការអប់រំមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដែលបុគ្គលិកអាចរីកចម្រើន សម្រេចគោលដៅ និងកសាងអាជីពការងារដែលមានន័យ និងពេញចិត្តពេញថ្លើមផងដែរ។

សូមយើងរួមគ្នាបន្តកសាងស្ថាប័នមួយនេះ ឱ្យក្លាយជាស្ថាប័នដែលយើងទាំងអស់គ្នាមានមោទកភាព។

ដោយក្តីស្រឡាញ់រាប់អាន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Ai.jpg

កសាងអ្នកដឹកនាំជំនាន់ក្រោយ ចាប់ផ្តើមពីវ័យកុមារ ជាមួយកម្ម...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/SOGO.jpg

SOGO ជួយសិស្ស បំពេញក្តីសុបិនទៅសិក្សានៅក្រៅប្រទេសឱ្យក្លា...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/TESOL.jpg

TESOL House ឈានមុខក្នុងការបណ្តុះបណ្តាលគរុកោសល្យ និងវិធី...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mouth ulcers.jpg

ឈ្វេងយល់អំពីជំងឺដំបៅមាត់ និងវិធានការការពារ