កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីឧត្តមភាព សហគ្រិនភាពនៅកម្ពុជា

បានផ្សាយចេញ | ២៧ វិច្ឆិកា ២០២៤

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីឧត្តមភាព សហគ្រិនភាពនៅកម្ពុជា

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បានជ្រើសរើសជ័យលាភី ជាក្រុមប្រកួត និងក្រុមហ៊ុនចំនូន១៤ ដែលបានបង្ហាញនូវនវានុវត្តន៍ និងការរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា។

នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ ក៏នៅក្នុងព្រឹត្តិការណ៍នេះដែរ គឺមានការរៀបចំការប្រកួតប្រជែងរយៈពេលមួយឆ្នាំ ដែលមានបេក្ខជនចូលរួមជិត ២,០០០ នាក់។

លោកបានកោតសរសើរដល់ជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តដល់អ្នកចូលរួមប្រកួត ឱ្យខិតខំប្រឹងប្រែងជាបន្ត ដោយការអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីចាប់យកឧត្តមភាពដ៏ខ្ពង់ខ្ពស់បំផុត។ លោកបានលើកឡើងថា “ភាពជោគជ័យ មិនមែនស្ថិតនៅលើពានរង្វាន់នារាត្រីនេះតែមួយមុខនោះទេ។ សហគ្រិន គួរមានភាពក្លាហាន ហ៊ានចូលរួមប្រកួតប្រជែង ដោយសាកល្បងសមត្ថភាព ដើម្បីទទួលយកចំណេះដឹងថ្មីៗ និងប្រែក្លាយឧបសគ្គ ឱ្យទៅជាឱកាស ដើម្បីភាពជោគជ័យនាពេលអនាគត។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ មានបួនប្រភេទគឺ៖ ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ, ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់ធុរកិច្ចថ្មី, និងពានរង្វាន់សហគ្រាសធុនតូច និងមធ្យម។

ពានរង្វាន់ទាំងនេះ ឆ្លុះបញ្ចាំងពីតួអង្គសំខាន់ៗ នៃសហគ្រិនភាព ដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា។

ជ័យលាភី ត្រូវបានទទួលស្គាល់ចំពោះភាពច្នៃប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែងក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។

កម្មវិធីនេះផ្តល់ឱកាសសម្រាប់ការបណ្តុះបណ្តាល ការកសាងបណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅគ្រប់កម្រិត។