លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នឹងអភិវឌ្ឍខ្លួនទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗរបស់មូលនិធិ ដើម្បីបន្តបំផុសចលនាបរិច្ចាគពីគ្រប់មជ្ឈដ្ឋាន សំដៅធានានិរន្តរភាពនៃប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា។
មន្ទីរពេទ្យគន្ធបុប្ផា មានបេសកកម្មសង្គ្រោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ដោយផ្តល់សេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាព មិនរើសអើង និងមិនគិតថ្លៃ ជាពិសេសសម្រាប់កុមារមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ។
 (5).png)
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាស «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ព្រមទាំង «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន» ដែលបានប្រារព្ធឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ព្រមទាំងជំរុញសកម្មភាពកៀរគរថវិកាសប្បុរសធម៌ និងលើកកម្ពស់ស្មារតី «ខ្មែរជួយខ្មែរ» ក្នុងចំណោមប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមមាន សិស្ស និស្សិត មន្ត្រីរាជការ និងវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ «ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ»។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ហើយក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមក បានផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងជួយសង្គ្រោះជីវិតកុមារ និងស្ត្រីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ដើម្បីបន្តគាំទ្របេសកកម្មមនុស្សធម៌នេះ នៅឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តួចផ្តើមបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលជាមូលនិធិផ្លូវការតែមួយ សម្រាប់ទទួលថវិកាបរិច្ចាគពីគ្រប់ប្រភពស្របច្បាប់ ទាំងក្នុង និងក្រៅប្រទេស៕
ប្រភព៖ ក្រសួងព័ត៌មាន