ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំហាមឃាត់ជាដាច់ខាតចំពោះការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) មុនការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងបានបញ្ជាក់ថា វិធានការនេះមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ មានយុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ ជាមួយគ្នានេះ ក៏មានគោលដៅរក្សាការសម្ងាត់នៃឯកសារប្រឡង និងជៀសវាងការយល់ច្រឡំ ឬការប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជនចំពោះប្រព័ន្ធប្រឡង។
ក្រសួងបានអំពាវនាវដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ ឱ្យជ្រាបថា ការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងប្រឡង តាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ គឺត្រូវបានហាមឃាត់ក្នុងអំឡុងពេលដំណើរការសំណេរ កំណែ ស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ រហូតដល់មុនពេលប្រកាសលទ្ធផលជាផ្លូវការ។
ទោះជាការផ្សព្វផ្សាយនោះធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬមធ្យោបាយផ្សេងៗក៏ដោយ ក៏ត្រូវបានចាត់ទុកថាជាអំពើល្មើស។ បុគ្គលណាដែលរំលោភលើការហាមឃាត់នេះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ និងអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់តាមករណីនីមួយៗ។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមគោរព និងអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែករក្សាភាពសុចរិត តម្លាភាព និងភាពជឿជាក់នៃការប្រឡងបាក់ឌុប សម័យប្រឡង៖ ១០ សីហា ឆ្នាំ២០២៦ ខាងមុខនេះ៕
ប្រភព៖ក្រសួងអប់រំ យុវជន និងកីឡា