នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំប្រារព្ធកម្មវិធីប្រគល់វិញ្ញាបនបត្រលើកទី៣៣ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
នៅក្នុងពិធីនោះ មានគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើនរូប ចូលរួមយ៉ាងច្រើនកុះករ។
គួរជម្រាបជូនថា សិស្សានុសិស្សដែលត្រូវទទួលវិញ្ញាបនបត្រនៅក្នុងថ្ងៃនេះ មានចំនួនប្រមាណជាជាង៩០០នាក់។
នៅក្នុងកម្មវិធីដ៏អធិកអធមនោះ ទាំងសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល មានទឹកមុខញញឹម ស្រស់ស្រាយ ដែលហាក់ដូចជាសញ្ញាបង្ហាញទៅកាន់បុត្រធីរបស់ពួកគាត់ថា ទោះជាក្នុងកាលៈទេសៈណា មាតាបិតា នឹងនៅតែផ្តល់ក្តីសង្ឃឹម និងជួយជ្រោមជ្រែងដល់កូនៗរបស់ពួកគាត់ជានិច្ច។ ជាការពិតណាស់ ភាពជោគជ័យរបស់បុត្រធីតាក្នុងការសិក្សាលើកម្រិតទុតិយភូមិ នោះគឺជាពន្លឺដែលនឹងនាំពួកគាត់ ឆ្ពោះទៅកាន់វិថីបន្ទាប់ នៅក្នុងសាកលវិទ្យាល័យ ប្រកបដោយចំណេះដឹង និងក្រមសីលធម៌ដ៏ល្អនៅក្នុងសង្គម។
ដូច្នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ជានិច្ចកាល តែងតែប្រឹងប្រែងបង្កើនគុណភាពអប់រំជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យមានចំណេះដឹងពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងមានក្រមសីលធម៌ខ្ពស់ ក្នុងការសិក្សាររបស់ពួកគាត់។
ថ្លែងក្នុងឱកាសដ៏មហោឡារិកនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា “នៅក្នុងថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានឃើញប្អូនៗ ទទួលបានភាពជោគជ័យក្នុងជីវិតដែលបានសិក្សានៅក្នុងថ្នាក់វិទ្យាល័យ។ ប៉ុន្តែជីវិតបន្ទាប់ពីនេះ គឺប្អូនៗ ត្រូវប្រឹងប្រែងស្វែងរកការសិក្សាជាបន្ត ទៅក្នុងសាកលវិទ្យាល័យ ដើម្បីឱ្យប្អូនៗ មានចំណេះដឹងកាន់ច្រើនឡើង។ ពិតមែនហើយ ការមានចំណេះដឹង និងមានជំនាញច្រើន នោះនឹងធ្វើឱ្យប្អូនៗ កាន់តែងាយស្រួលឡើងក្នុងការស្វែងរកការងារធ្វើ ឬបង្កើតអាជីវកម្មដោយខ្លួនឯង។
យ៉ាងណាមិញ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនដ៏មានប្រជាប្រិយភាពមួយ ដែលទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ហើយទទួលសិស្សានុសិស្សចាប់ពីអាយុ ២ឆ្នាំឡើងទៅ។ អ្វីដែលកាន់តែពិសេស សាលារៀន អន្តរទ្វីប អាមេរិកាំង មានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមាន មុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡា ដូចជា ការ៉ាតេ បាល់បោះ បាល់ទះ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។
ចំណែកក្នុងអគារសិក្សា និងក្នុងបរិវេណសាលារៀន មានភាពធំទូលាយ។ ក្រៅពីនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រមទាំងបន្ទប់ពិសោធន៍ ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។ ចំពោះលោកគ្រូ អ្នកគ្រូ មានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀនផ្សារភ្ជាប់នឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានភាពងាយស្រួលក្នុងការយល់ដឹង និងមានការចងចាំបានល្អ។
សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់ជូននូវថ្នាក់សិក្សាចំណេះដឹងទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសាលារៀន ក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលអាចឱ្យសិស្សានុសិស្ស ជ្រើសរើស ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់។
ចំពោះកម្មវិធីប្រគល់វិញ្ញាបនបត្រលើកទី៣៣ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ នេះ គឺជាសក្ខីកម្មមួយថ្មីផ្សេងទៀត ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តោតលើការលើកកម្ពស់វិស័យអប់រំជាខ្លាំង ដែលនេះ គឺជាសកម្មភាពដ៏អស្ចារ្យក្រៃលែង ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង មានភាពលេចធ្លោជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។