សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនដល់សិស្សានុសិស្សនិទ្ទេស A ទូទាំងប្រទេស

បានផ្សាយចេញ | ២៣ ធ្នូ ២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនដល់សិស្សានុសិស្សនិទ្ទេស A ទូទាំងប្រទេស

នៅព្រឹកថ្ងៃទី២៣ ខែ​ធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ (OCIC) ដែលពួកគាត់បានប្រឡងជាប់ កាលពីសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ០៨ តុលា ២០២៤ ។

ក្នុងកម្មវិធីនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ប្អូនៗ សិស្សានុសិស្សក្នុងន័យជំរុញលើកទឹកចិត្ត ដើម្បីធ្វើឱ្យជីវិត កាន់តែប្រសើរឡើង ដោយសារការខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្ររបស់ខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គ្មាននរណាម្នាក់ជោគជ័យ ដោយគ្មានការប្រឹងប្រែងនោះទេ។

គួររំឭកជូនថា ក្នុងកម្មវិធីសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សានុសិស្សនិទ្ទេស A នេះ ក៏មានវត្តមាននៃសិស្សានុសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន៦០រូបផងដែរ។

ការទទួលបាននិទ្ទេស A ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងថ្ងៃនេះ គឺជាសក្ខីកម្ម ដ៏ច្បាស់លាស់មួយ នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានគុណភាពល្អ ប្រកបទៅដោយចំណេះដឹង និងជំនាញពិតប្រាកដ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញការអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងជាលំដាប់។

សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅ តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅកម្ពុជា ដោយឈរលើគុណភាព វិន័យ និងសេវាកម្ម ហើយអស់រយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចម្រាញ់សិស្សានុសិស្ស ឱ្យកា្លយជាធនធានមនុស្សជាច្រើនម៉ឺននាក់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបជូនថា រង្វាន់ដែលសិស្សានុសិស្សទទួលបានពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងថ្ងៃនេះ មានដូចជា កាក់រូបហង្សចំនួន១ សៀវភៅអានមួយប្រអប់ ដែលមានសៀវភៅច្បាប់ក្រមង៉ុយមួយក្បាល និងសៀវភៅបណ្ឌិតអ៊ូចុង​មួយក្បាល ហ្គាឡាក់ស៊ីថែបមួយគ្រឿង និងថវិកាចំនួន២លានរៀល។

អត្ថបទដោយ៖ ឃី វុទ្ធី