នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ បានទទួលជួបសំណេះសំណាល ជាមួយតំណាងសាកលវិទ្យាល័យ California State University, Fullerton ដើម្បីរឹតចំណងមិត្តភាព ក្នុងន័យចែករំលែកបទពិសោធក្នុងវិស័យអប់រំ ចំពោះគ្នាទៅវិញទៅមក នៅការិយាល័យកណ្តាល សាខាម៉ៅសេទុង។
ក្នុងការជួបសំណេះសំណាល និងសួរសុខទុក្ខនោះ គឺបានលើកឡើងអំពីប្រធានបទផ្សេងៗ ដូចជា... កម្មវិធីសិក្សាអប់រំ ការចូលរួមរបស់សិស្ស វិធីសាស្រ្តបង្រៀន និងការចែករំលែកប្រធានបទផ្សេងៗជាច្រើនទៀត ថ្លែងក្នុងឱកាសនោះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា “សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យនានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរបទពិសោធ ក្នុងន័យលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង" ហើយអ្វីដែលកាន់តែពិសេសនោះ គឺសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១២ នោះនឹងមានឱកាសកាន់តែច្រើនឡើង ក្នុងការបន្តការសិក្សាទៅក្រៅប្រទេស ដែលជាសាកលវិទ្យាល័យដៃគូ ជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយសិស្សានុសិស្ស អាចទទួលបានអាហារូបករណ៍ផ្សេងៗ ដើម្បីសម្រួលដល់ការសិក្សា ឱ្យទទួលបានជោគជ័យ១០០ភាគរយ។
ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ចនេះ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹង ដើម្បីទំនាក់ទំនងទ្វេភាគី កាន់តែប្រសើរឡើង។