ហេតុអ្វីបានជាការលេងមានសារៈសំខាន់ក្នុងសាលាមត្តេយ្យសិក្សា?

បានផ្សាយចេញ | ២៦ កុម្ភៈ ២០២៥

ហេតុអ្វីបានជាការលេងមានសារៈសំខាន់ក្នុងសាលាមត្តេយ្យសិក្សា?

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ហេតុអ្វីបានជាការលេងមានសារៈសំខាន់ក្នុងសាលាមត្តេយ្យសិក្សា?”
អត្ថបទដកស្រង់ដោយ : អ៊ូ ពិសាល
#MJQE #AmericanInterconSchool

ការលេងមានសារៈសំខាន់ក្នុងវ័យកុមារភាព ព្រោះក្មេងតូចៗការររៀនសូត្ររបស់ពួកគេគឺតាមរយៈការ លេង។ ការលេងរបស់កុមារក៏អភិវឌ្ឍជំនាញសំខាន់ៗដូចជា ការអភិវឌ្ឍន៍ការយល់ដឹង និងការសិក្សា ហើយកុមាររៀនពីសង្គម និងអារម្មណ៍ពីការលេងផងដែរ។ ការរៀនតាមរយៈលេង (Play-based learning) ភ្ជាប់មកជាមួយអត្ថប្រយោជន៍មួយចំនួនដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍កុមារតូច និងដំណើរសិក្សារបស់ពួកគេ។ សម្រាប់សិស្សសាលាមត្តេយ្យសិក្សា វាអាចផ្តល់ឱ្យពួកគេនូវចំណាប់អារម្មណ៍ភាពវិជ្ជមានចំពោះសាលា និងរៀបចំពួកគេឱ្យទទួលបានជោគជ័យនៅឆ្នាំក្រោយៗទៀត។ កុមារនឹងទទួលអត្ថប្រយោជន៍ទយ៉ាងពីការរៀនតាមរយៈលេង (Play-based learning)។ 

១. ជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍន៍សិស្ស :
ការស្រាវជ្រាវបង្ហាញថា ការរៀនផ្អែកលើការលេង (Play-based learning) បង្កើតជំនាញការយល់ដឹង សង្គម-អារម្មណ៍ និងជំនាញសិក្សាចំពោះកុមារ។ វាក៏មានអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍនរូបរាងកាយទាំងមូលរបស់កុមារ ហើយជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការឈានទៅដល់ការអភិវឌ្ឍជំនាញសម្រាប់កុមារថ្នាក់មត្តេយ្យ។

២. លើកទឹកចិត្តដល់ការបំផុសការសាកសួររបស់កុមារ :
ការរៀនតាមរយៈការលេងជួយជំរុញឱ្យពួកគេកាន់តែសកម្មនៅក្នុងវ័យកុមារភាព ហើយកុមារតូចៗមានការចង់ដឹងចង់ឃើញពីធម្មជាតិរួចទៅហើយ។ ការរៀនតាមរយៈលេង (Play-based learning) ដើម្បីជំរុញឱ្យកុមារចេះសង្កេត សួរសំណួរ និងស្វែងរកចម្លើយ។

៣. ការច្នៃប្រឌិត :
តាមរយៈការចូលរួមក្នុងការលេង មិនថាវាជាការលេងដោយសេរី ឬសកម្មភាពដែលផ្អែកលើការលេងដែលមានការណែនាំពីអ្នកជុំវិញគាត់នោះទេ កុមារនឹងចាប់យកភាពច្នៃប្រឌិត និងការស្រមើលស្រមៃរបស់ពួកគេ វាថែមទាំងអាចនាំឱ្យរកឃើញនូវអ្វីដែលជាដំណោះស្រាយទៅលើបញ្ហាដែលពួកគេបានជួបតាមរយៈការលេងផងដែរ។

៤. ជំរុញជំនាញទំនាក់ទំនង :
យើងនិយាយអំពីការអភិវឌ្ឍទៅលើទំនាក់ទំនង ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការគូសបញ្ជាក់ថាការលេងមានសារៈសំខាន់យ៉ាងណាចំពោះទំនាក់ទំនងបែបវិជ្ជមាន។ ការរៀនផ្អែកលើការលេង (Play-based learning) ផ្តល់ឱ្យកុមារនូវឱកាសក្នុងការដោះស្រាយបញ្ហា ចរចា និងសហការ។ កុមាររៀនពីរបៀបដោះស្រាយជម្លោះ និងអភិវឌ្ឍជំនាញចាប់យកទស្សនៈតាមរយៈការលេង។

៥. គាំទ្រការអភិវឌ្ឍភាសា និងអក្ខរកម្ម :
ឥទ្ធិពលនៃការលេងនៅលើសកម្មភាពដៃកាន់តែច្រើនគឺជាក់ស្តែង ប៉ុន្តែវាក៏ផ្តល់នូវឱកាសដ៏សម្បូរបែបសម្រាប់ការរីកលូតលាស់ជំនាញភាសា និងអក្ខរកម្មរបស់កុមារផងដែរ។
តាមរយៈការលេង កុមារចូលរួមក្នុងការសន្ទនា និងការនិទានរឿង ពង្រីកវាក្យសព្ទ ការយល់ដឹង និងជំនាញនិទានរឿងរបស់ពួកគេ។

៦. បង្កើតសេចក្តីស្រឡាញ់យូរអង្វែងសម្រាប់ការសិក្សា :
ការរៀនដោយផ្អែកលើការលេងគឺមានភាពសប្បាយរីករាយ និងមានសកម្មភាពចូលរួមច្រើន។ វាជួយអភិវឌ្ឍអាកប្បកិរិយាវិជ្ជមានបន្ថែមទៀតចំពោះការរៀនសូត្ររបស់សិស្សនៅក្នុងថ្នាក់។ កុមារចងចាំនូវសេចក្តីរីករាយ និងការពេញចិត្តនៃការរកឃើញ និងការស្ទាត់ជំនាញថ្មីតាមរយៈការលេង ដែលអាចនាំឱ្យមានការលើកទឹកចិត្តដើម្បីរៀនសូត្រ និងតស៊ូចាប់ពីមត្តេយ្យសិក្សាតទៅ។ ការរៀនផ្អែកលើការលេងនៅតែទាមទារការណែនាំពីគ្រូ ប៉ុន្តែវាក៏តម្រូវឱ្យអ្នកអប់រំបោះបង់ចោលនូវរចនាសម្ព័ន្ធដែលពួកគេអាចប្រើក្នុងថ្នាក់បន្តិចផងដែរ។ វាជារឿងសំខាន់ដែលទាំងគ្រូ និងឪពុកម្តាយមើលឃើញពីតម្លៃនៃការរៀនផ្អែកលើការលេង (Play-based learning) គឺជាវិធីមួយដើម្បីរៀបចំកុមារឱ្យបំពេញតាមតម្រូវការសិក្សាតាមបែបរបស់ពួកគេ។ 

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖

Acceleratelearning