ធ្វើដូចម្ដេចដើម្បីកុំឱ្យកូនសិស្សខ្លាចសាលា ហើយបែរមកជាចូលចិត្តសាលាវិញ?

បានផ្សាយចេញ | ២៨ កុម្ភៈ ២០២៥

ធ្វើដូចម្ដេចដើម្បីកុំឱ្យកូនសិស្សខ្លាចសាលា ហើយបែរមកជាចូលចិត្តសាលាវិញ?

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ធ្វើដូចម្ដេចដើម្បីកុំឱ្យកូនសិស្សខ្លាចសាលា ហើយបែរមកជាចូលចិត្តសាលាវិញ?”
អត្ថបទដកស្រង់ដោយ : ទេព មនោរម្យ
#MJQE #AmericanInterconSchool

ជំហានដំបូងនៃការចូលសាលា ក្មេងណាក៏ដូចជាក្មេងណាដែរ ចៀសមិនផុតពីការភ័យខ្លាច យំមិនចង់ចូលក្នុងថ្នាក់។ ហេតុអ្វីបានជាកូនក្មេងខ្លាចសាលា? ក្មេងខ្លាចសាលាដោយមូលហេតុច្រើនដូចជា៖

១. បែកពីក្រុមគ្រួសារ : 
ដោយសារតែឪពុកម្ដាយ ឬអ្នកអាណាព្យាបាលជាអ្នកមើលថែរក្សានៅជិតដិតជាមួយពួកគាត់ បញ្ចុកអាហារ ងូតទឹក លេងជាមួយ ជាអ្នកផ្ដល់ភាពកក់ក្ដៅ ធ្វើឱ្យពួកគាត់មិនចង់បែក។
២. មានមនុស្សប្លែកមុខច្រើន : 
មកដល់សាលាដំបូង ក្មេងមិនទាន់ស្គាល់អ្នកណាម្នាក់ឡើយ មិនដឹងថាអ្នកណាស្លូត អ្នកណាកាច អ្នកណាអាចលេងជាមួយបាន អ្នកណាដែលអាចផ្ដល់ភាពកក់ក្ដៅដូចឪពុកម្ដាយ ឬអាណាព្យាបាលរបស់ពួកគាត់។
៣. មានអារម្មណ៍ថាឯកា : 
កម្រថាក្មេងមិនយំណាស់នៅថ្ងៃចូលរៀនដំបូង ព្រោះតែពួកគាត់យល់ថា គ្មានអ្នកអាង គ្មានអ្នកពឹងពាក់អាស្រ័យ អ្នកផ្សេងមិនដូចឪពុកម្ដាយ ឬអាណាព្យាបាលខ្លួន។
៤. ទីកន្លែង : 
ទីតាំងថ្មី សិស្សមិនទាន់ស៊ាំនឹងបរិវេណធំល្ហល្ហេវ មិនដូចជាស្ថានភាពនៅផ្ទះ ឬលំនៅរបស់ពួកគាត់ មិនដឹងថាទៅកន្លែងមួយណាដែលត្រូវទៅ ឬមានសុវត្ថិភាពរបស់ពួកគាត់ ។

តើគួរធ្វើដូចម្ដេចកុំឱ្យក្មេងខ្លាចសាលា?
នៅថ្ងៃចូលរៀនដំបូង ក្មេងខ្លះយំបីថ្ងៃ ក្មេងខ្លះយំមួយសប្ដាហ៍ ក្មេងខ្លះមួយខែ បីខែ ឬយូរជាងនេះ។ វិធីសាស្ត្រខាងក្រោមអាចកាត់បន្ថយការយំ ឬខ្លាចសាលារបស់កុមារ ទោះមិនបានភ្លាមៗ ក៏អាចកាត់បន្ថយការខ្លាចមកត្រឹមរយៈពេលខ្លីបាន។

១. បរិស្ថានទាក់ទាញ : 
គ្រឹះស្ថានសិក្សា សាលាមត្តេយ្យ ឬសាលារៀនគួរបន្ថែមបរិយាកាសដើម្បីទាក់ទាញសិស្សតាមរយៈគំនូរ    ក្មេងៗស្អាតៗតាមជញ្ជាំងមានសួនផ្កា មានកន្លែងលក់នំចំណី បណ្ណាល័យមានសៀវភៅរូបភាពច្រើន មានកន្លែងសម្រាប់ក្មេងបញ្ចេញសកម្មភាព កន្លែងក្មេងលេង (Playground)។ល។

២. ការស្វាគមន៍របស់គ្រូ និងគណៈកម្មការសាលា : 
ប្រាកដណាស់គ្រូដែលមានការថ្នាក់ថ្នម សម្ដីទន់ភ្លន់ យកចិត្តទុកដាក់ចំពោះសិស្ស នោះកូនសិស្សប្រាកដជាស្រឡាញ់ ឃើញមុខគ្រូចង់រត់ទៅឱបជាក់ជាមិនខាន។ មិនថាគ្រូ ឬគណៈកម្មការសាលាត្រូវមានភាពរួសរាយរាក់ទាក់ចំពោះសិស្ស ផ្ដល់ភាពកក់ក្ដៅចំពោះក្មេង ធ្វើយ៉ាងណាឱ្យសិស្សយល់ថាគ្រូ ឬគណៈកម្មការសាលាប្រៀបដូចជាឪពុកម្ដាយរបស់ពួកគាត់។ បន្ថែមពីនេះគ្រូត្រូវបន្ថែមទំនាក់ទំនងសិស្សចាស់ជាមួយសិស្សថ្មី លើកទឹកចិត្តសិស្សចូលរួមសកម្មភាពសិក្សាផ្សេងៗដូចជា កិច្ចការក្នុងថ្នាក់ កិច្ចការក្រុម ការសង្កេតជាដើម គឺប្រៀបដូចសង្គមគ្រួសារមួយដែលគាត់ធ្លាប់មាននៅផ្ទះ។

៣. ឪពុកម្ដាយ ឬអ្នកអាណាព្យាបាល : 
តាមការកត់សម្គាល់ អ្នកអាណាព្យាបាលដែលជូនកូនមករៀនរួចផ្ដល់ឱកាសឱ្យគ្រូជាអ្នកគ្រប់គ្រង ដឹកនាំ    រយៈពេលនៃការខ្លាចសាលាមានភាពខ្លីជាអ្នកអាណាព្យាបាលដែលជូនកូនមកហើយនៅចាំមើលរហូតដល់ម៉ោងទៅផ្ទះ។ សកម្មភាពបែបនេះ ធ្វើឱ្យសិស្សមិនមានភាពម្ចាស់ការលើខ្លួនឯង មិនសូវក្លាហានសម្របទៅនឹងបរិស្ថានថ្មី។ អ្នកអាណាព្យាបាលគួរលើកទឹកចិត្ត ជំរុញកូនឱ្យមានភាពក្លាហាន ឯករាជ្យបន្សាំខ្លួនទៅនឹងបរិស្ថានថ្មី ទីតាំងថ្មី។ ជាងនេះទៅទៀត អ្នកអាណាព្យាបាលគួរតាមដានការសិក្សាជាមួយកូន ជួយពិនិត្យកិច្ចការផ្ទះ ចុះហត្ថលេខាលើកិច្ចការផ្ទះ ដើម្បីឱ្យសិស្សមានភាពកក់ក្ដៅ មានទំនុកចិត្តក្នុងការសិក្សា៕