ទិសដៅនៃការសិក្សាគឺ ដើម្បីស្វែងរកចំណេះដឹង

បានផ្សាយចេញ | ១០ មីនា ២០២៥

ទិសដៅនៃការសិក្សាគឺ ដើម្បីស្វែងរកចំណេះដឹង

ចំណេះដឹងប្រៀបបានទៅនឹងគ្រាប់ពេជ្យល្អឥតខ្ចោះដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ទោះបីជាអ្នកមានទ្រព្យសម្បត្តិវត្ថុមានតម្លៃច្រើនប៉ុណ្ណាក៏មិនអាចប្រៀបបាននឹងចំណេះដឹងបានឡើយ។ ចំណេះដឹងគឺជារបស់មានតម្លៃដែលមនុស្សគ្រប់គ្នាមិនអាចលួច និងមិនអាចយកទ្រព្យសម្បត្តិទៅទិញបានទេ ដូចទៅនឹងពាក្យស្លោកមួយបាននិយាយថា «វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបាន ចាយច្រើនចម្រើនឡើង»។ មួយវិញទៀតសោត មនុស្សគ្រប់រូបសុទ្ធតែឲតម្លៃ និងគោរពស្រឡាញ់មនុស្សដែលមានចំណេះដឹង ព្រមទាំងបានចំណាយពេលវេលា ថែមទាំងចិត្តអំណត់ស្វះស្វែង ចេះកំណត់ទិសដៅដើម្បីទទួលបាននូវចំណេះដ៏ខ្ពង់ខ្ពស់។

មុននឹងទទួលបាននូវចំណេះដឹង ចំណេះវិជ្ជា យុវជនយុវនារីទាំងអស់សុទ្ធតែត្រូវស្គាល់ពីគោលដៅ គោលបំណងរបស់ខ្លួនឲ្យបានច្បាស់លាស់ជាមុនសិន ទើបអាចកំណត់ទិសដៅបានល្អ និងទទួលបានលទ្ធផលដែលយើងប៉ងប្រាថ្នាចង់បាន។ ពាក្យថាទិសដៅ សំដៅទៅលើការកំណត់ ឬការតម្រង់ទិស។ ចំណែកឯការសិក្សា គឺជាការហ្វឹកហាត់ ការរៀន ការស្រាវជ្រាវស្វែងយល់ទៅលើមុខជំនាញ ឬប្រធានបទអ្វីមួយ។ រីឯចំណេះដឹងមានន័យថាការយល់ដឹង ឬដឹងពីព័ត៌មាននៃប្រធានបទ ឬមាតិកាអ្វីមួយ។ សរុបមកវិញ ការតម្រង់ទិសនៃការសិក្សាស្រាវជ្រាវ គឺជាការស្វែងរកនូវអ្វីដែលយើងចេះដឹងពីការរៀន ឬពីការស្រាវជ្រាវនោះឳ្យសមស្របជាមួយនឹងគោលបំណង។ ម៉្យាងទៀត ចំណេះដឹងចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូ អត់ធ្មត់ ការមានចិត្តអំណត់ ដូចជាការចេះស្រាវជ្រាវ ការយកចិត្តទុកដាក់ស្តាប់ពេលគ្រូពន្យល់ ការមករៀនទៀងទាត់ជាដើម។ ប៉ុន្តែចំណេះដឹងមិនមែនចេញមកពីការរៀនតែមួយមុខនោះទេ វារួមបញ្ចូលគ្នាទាំងចំណេះដឹងក្នុងសាលា និងចំណេះដឹងក្នុងសង្គមផងដែរ។ នៅពេលដែលយើងមានចំណេះដឹង វាផ្តល់ផលប្រយោជន៍ដល់យើង ដោយយើងអាចយកចំណេះដឹងទាំងនោះទៅអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើនកាន់តែខ្លាំងមួយកម្រិតទៀត។

ការដាក់ទិសដៅច្បាស់លាស់ក្នុងការសិក្សា នោះលិទ្ធផលដែលយើងនឹងទទួលបាន នឹងប្រកបដោយភាពជោគជ័យ ហើយក៍ជាជំហានមួយឆ្ពោះទៅរកការសម្រេចនៃក្ដីស្រមៃ។ ប៉ុន្តែផ្ទុយទៅវិញបើយើងមិនចេះកំណត់គោលដៅក្នុងការសិក្សា ឬក៏យើងមិនមានក្តីស្រមៃច្បាស់លាស់ គ្មានគោលដៅ យើងនឹងមិនអាចទទួលបាននូវលទ្ធផលល្អ អនាគតដែលល្អប្រសើរដូចបុគ្គលដែលមានទិសដៅបានទេ។ ដើម្បីឲ្យទិសដៅដែលយើងបានកំណត់នោះទទួលបានជោគជ័យថែមទាំងមានលទ្ធផលល្អទៀតផងនោះ យើងត្រូវចេះបែងចែក និង គ្រប់គ្រងពេលវេលាឲ្យបានល្អ ប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងមានប្រយោជន៍។ មិនតែប៉ុណ្ណោះយើងត្រូវតែប្រតិបត្តិទៅតាមទិសដៅដែលយើងបានកំណត់ មិនត្រូវអូសបន្លាយពេលវេលា ឬរកលេសអ្វីសម្រាប់ខ្លួនឯងឡើយ។  យើងអាចបង្កើតជាក្រុមសិក្សា ដើម្បីចែករំលែក ឬផ្លាស់ប្តូរចំណេះដឹងជាមួយអ្នកជុំវិញខ្លួន។  ចំណេះដឹងមានអត្ថប្រយោជន៍ច្រើនណាស់ នៅក្នុងវិស័យការងារ ដែលគេតែងតែស្វែងរក និងផ្តល់ឱកាសដល់បុគ្គលដែលមានចំណេះដឹងព្រមទាំងផ្ដល់នូវអទិភាពពិសេសណាមួយដល់ពួកគេថែមទៀតផង ហើយត្រូវបានគេចាត់ទុកជាបុគ្គលដែលបានសក្ដានុព និងមានសិទ្ធអទិភាព។ តួយ៉ាងបុគ្គលដែលមានចំណេះវិជ្ជាខ្ពស់សុទ្ធតែឆ្លងកាត់ការសិក្សារៀនសូត្របានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សារៀនសូត្របានផ្ដល់ចំណេះវិជ្ជា និងការយល់ដឹងរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី នឹងនាំឲពួកគេក្លាយជាបុគ្គលដែលមានចំណេះដឹងនាថ្ងៃអនាគត ហើយការសិក្សារៀនសូត្របានផ្ដល់ទិសដៅឲមនុស្សក្នុងសកលលោកយើងនេះឲមានការអភិវឌ្ឍ និងរីកចំរើន។

 សរុបសេចក្ដីមក ការកំណត់ទិសដៅនៃការសិក្សាគឺដើម្បីស្វែងរកចំណេះដឹងដែលសមស្របជាមួយនឹងគោលបំណង ព្រមទាំងជួយដល់សិស្សានុសិស្សឲក្លាយជាបញ្ញវន្ត និងជួយដល់សង្គមជាតិឲកាន់តែរីកចម្រើននាថ្ងៃអនាគត។