នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមូលនិធិ ម៉េងលី ជេ. គួច (MJQ Foundation) បានរួមគ្នាផ្តល់ជំនួយសប្បុរធម៌ជូនដល់លោកតាធាក់ស៊ីក្លូវ័យចំណាស់ៗចំនួនប្រមាណជា៤០នាក់ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ ស្ថិតនៅសាខាទួលសង្កែ ដែលមានអាសយដ្ឋាននៅអគារលេខ៣៨១G ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ពៅ ភក្តី នាយកចាងហ្វាង សាខាទួលសង្កែ បានឱ្យដឹងថា មូលនិធិសប្បុរធម៌ដែលបានយកទៅចែកជូននាព្រឹកនេះរួមមានម្នាក់ៗទទួលបាននូវអង្ករចំនួន២០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេះ សម្លៀកបំពាក់១កញ្ចប់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ដើម្បីជាជំនួយកាត់បន្ថយការលំបាករបស់លោកតាៗធាក់ស៊ីក្លូវ័យចំណាស់ដែលជាសមាជិកនៃសមាគមស៊ីក្លូវ័យចំណាស់កម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាជីវភាព។ ការចែករំលែកដល់លោកតាចំណាស់ៗពិតជាមានសារៈសំខាន់ និងមានន័យបំផុតសម្រាប់ការដោះស្រាយជីវភាពរបស់ពួកគាត់ដែលជាតម្រូវការចាំបាច់បំផុត ជាការបង្ហាញនូវមនោសញ្ចេតនា ក្ដីមេត្តា និងការគោរពស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក្នុងសហគមន៍ ហើយលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបានស្ម័គ្រចិត្ដមានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគតាមរយៈ មូលនិធិ ម៉េងលី ជេ. គួច ដើម្បីជាជំនួយដល់ការរស់នៅដែលបានខិតខំប្រកបរបរពឹងផ្អែកលើការធ្លាក់ស៊ីក្លូសម្រាប់ចិញ្ចឹមជីវិត ហើយក៏សូមអរគុណដល់មូលនិធិ ម៉េងលី ជេ. គួច ដែលតែងតែផ្តល់ជំនួយសប្បុរធម៌ ដើម្បីចូលរួមជួយលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពសង្គម និងបានចូលរួមយ៉ាងសកម្មភាពក្នុងសកម្មភាពមនុស្សធម៌ក្នុងសង្គម។
មូលនិធិម៉េងលី ជេ. គួច ( MJQ Foundation) ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែបានរៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីផ្តល់ជំនួយដល់លោកតាៗដែលជាសមាជិកនៃសមាគមស៊ីក្លូវ័យកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាជីវភាព។