កាលពីពេលថ្មីៗនេះ មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគនូវ កញ្ចប់សម្ភារៈសិក្សា ចំនួន ២៧០ ឈុត និង ក្ដារខៀនព័ត៌មាន ចំនួន ១ ឈុត ជូនដល់ សាលាបឋមសិក្សាភូមិ៧ ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការបរិច្ចាគនេះ មានគោលបំណងដើម្បី ពង្រឹងគុណភាពការសិក្សា និងជំរុញការរៀនសូត្ររបស់សិស្សានុសិស្ស ជាពិសេសក្នុងឱកាសអបអរសាទរការបើកបវេសនកាល ឆ្នាំសិក្សា ២០២៥–២០២៦ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ។
គួររំឭកផងដែរថា កម្មវិធីអំណោយសប្បុរសធម៌នេះ ត្រូវបានបង្កើតឡើងក្រោម គំនិតផ្តួចផ្តើមរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ កម្មវិធីនេះត្រូវបានរៀបចំជាប្រចាំ ដោយ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សហការជាមួយ មូលនិធិ ម៉េងលី ជេ. គួច។
ក្នុងនាមជាស្ថាបនិកសាលារៀន អន្តរទ្វីប អាមេរិកាំង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តផ្ដោតលើការចូលរួមចំណែកអភិវឌ្ឍសង្គម តាមរយៈសកម្មភាពសប្បុរសធម៌ជាប្រចាំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានអនុវត្តគម្រោងជួយសហគមន៍ជាបន្តបន្ទាប់ ដូចជា ការផ្តល់ជំនួយដល់មណ្ឌលកុមារកំព្រា អង្គការមិនមែនរដ្ឋាភិបាល និងសាលារៀននៅតាមបណ្តាខេត្តដាច់ស្រយាល។ សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃ គោលបំណងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម និងលើកកម្ពស់ការអប់រំ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង ពីគ្រប់សាខាបានអនុវត្តជាប្រចាំ៕
https://www.facebook.com/mjqfoundation
.jpg)
.jpg)