ដំបៅមាត់ គឺជាដំបៅតូចៗដែលកើតឡើងនៅលើអញ្ចាញធ្មេញ បបូរមាត់ អណ្តាត ថ្ពាល់ខាងក្នុង ផ្នែកខាងលើក្នុងមាត់ ឬសូម្បីតែក្នុងបំពង់ក។ ដំបៅទាំងនេះ ជាធម្មតាមានពណ៌ក្រហម ពណ៌លឿង ឬពណ៌ស ហើយអាចកើតមានមួយ ឬច្រើនកន្លែងក្នុងពេលតែមួយ ដែលបណ្តាលឱ្យមានការឈឺចាប់ និងភាពមិនស្រួល ពិសេសពេលទទួលទានអាហារ ផឹកទឹក ឬនិយាយ។
ជំងឺដំបៅមាត់អាចកើតមានចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែជាទូទៅ គេឃើញកើតមានញឹកញាប់ជាងនៅក្នុងក្រុមវ័យជំទង់។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញ នៃមជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” (MJQ Student Health Center) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានពន្យល់ឱ្យដឹងថាដំបៅមាត់ មិនមែនជាជំងឺឆ្លងតាមការរួមភេទ មិនអាចឆ្លងតាមការថើប ឬការចែករំលែកអាហារ និងភេសជ្ជៈនោះទេ។ ជាទូទៅ ដំបៅមាត់មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលប្រហែល ១ ទៅ ២ សប្តាហ៍។
ទោះជាយ៉ាងណាក៏ដោយ ដំបៅមាត់មួយចំនួនអាចពាក់ព័ន្ធនឹងស្ថានភាពសុខភាពមួយចំនួន ដូចជា ការឆ្លងមេរោគ ជំងឺអូតូអ៊ុយមីន បញ្ហាប្រព័ន្ធរំលាយអាហារ ឬស្ថានភាពសុខភាពរ៉ាំរ៉ៃផ្សេងៗ។ មូលហេតុពិតប្រាកដនៃដំបៅមាត់ មិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយ ប៉ុន្តែមានកត្តាជាច្រើនដែលអាចជំរុញឱ្យកើតមានដំបៅមាត់ ដូចជា ការរងរបួសនៅក្នុងមាត់ដោយសារធ្មេញ ឬអាហាររឹង ការប្រើច្រាសដុសធ្មេញរឹងពេក ភាពតានតឹង និងការថប់អារម្មណ៍ ការផ្លាស់ប្តូរអ័រម៉ូន (ជាពិសេសនៅស្ត្រីអំឡុងពេលមានរដូវ) និងកត្តាហ្សែនក្នុងគ្រួសារ។
បន្ថែមពីនេះ កង្វះវីតាមីន B12 កង្វះជាតិដែក ជំងឺ Celiac ជំងឺ Behçet ប្រព័ន្ធភាពស៊ាំចុះខ្សោយ (ដូចជាមេរោគអេដស៍) ការប្រើថ្នាំមួយចំនួន ដូចជា ថ្នាំប្រឆាំងការរលាក Ibuprofen ឬ Beta-blockers ក៏អាចជាមូលហេតុនាំឱ្យកើតដំបៅមាត់ផងដែរ។ ក្នុងករណីកម្រ ដំបៅមាត់ដែលមិនជាសះស្បើយយូរពេក អាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ ដែលត្រូវការការពិនិត្យព្យាបាលឱ្យបានឆាប់រហ័ស។
ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការកើតដំបៅមាត់ គ្រូពេទ្យជំនាញបានផ្តល់អនុសាសន៍ឱ្យប្រកាន់ខ្ជាប់អនាម័យមាត់ធ្មេញ ដោយដុសធ្មេញ និងប្រើសរសៃសម្អាតធ្មេញ (Dental Floss) ឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ ការទទួលទានអាហារមានតុល្យភាព សម្បូរទៅដោយផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ក៏មានសារៈសំខាន់ដែរ ខណៈដែលគួរចៀសវាង ឬកំណត់អាហារដែលមានជាតិអាស៊ីត និងហឹរ ដែលអាចបង្កឱ្យរលាកក្នុងមាត់។
ការផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ អាចជួយរក្សាសំណើមក្នុងមាត់ និងការពារមាត់ស្ងួត។ ការប្រើប្រដាប់ការពារមាត់ពេលលេងកីឡា ការចៀសវាងទម្លាប់យកប៊ិក ខ្មៅដៃ ឬខាំក្នុងថ្ពាល់ ក៏ជាវិធានការសំខាន់ដែរ។ ជាពិសេស ការពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់ ដើម្បីទទួលបានការណែនាំប្រកបដោយវិជ្ជាជីវៈ អំពីអនាម័យមាត់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងសិស្សានុសិស្សទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អ។ ក្នុងករណីមានរោគសញ្ញាឈឺចាប់ ឬមានដំបៅក្នុងមាត់ជាបន្តបន្ទាប់ សូមអញ្ជើញមកពិគ្រោះ និងពិនិត្យនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ដោយផ្ទាល់ ឬទាក់ទងតាមទូរសព្ទលេខ ០១២ ៥០៦ ២៤៤ / ០៦១ ៧០០ ២៤៥៕
មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ គួច បើករៀងរាល់ថ្ងៃធ្វើការ លើកលែងតែថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពេលព្រឹកចាប់ ពីម៉ោង 7:30 ព្រឹក ដល់ 11:30 យប់ និងពេលរសៀលចាប់ពីម៉ោង 01:00 ដល់ 05:30
ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ៖ ០១២ ៩០៦ ២៤៤
ហ្វេសប៊ុក: https://www.facebook.com/mjqshc
រូបភាព៖ ឯកសារគ្រូពេទ្យ