កម្មវិធី Technovation (តិចណូវេសិន) គឺជាកម្មវិធីសិក្សាក្រៅម៉ោងសិក្សា និងការប្រកួតប្រជែងលំដាប់អន្តរជាតិ ដែលផ្តោតជាពិសេសលើ កុមារីអាយុចាប់ពី ៨ ដល់ ១៨ ឆ្នាំ ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងសហគ្រិនភាព ក្នុងយុគសម័យឌីជីថល។
យោងតាមសេចក្តីប្រកាសលើគេហទំព័រផ្លូវការរបស់ក្រសួងអប់រ យុវជន និងកីឡា បានបញ្ជាក់ថា កម្មវិធីនេះផ្តល់ឱកាសឱ្យក្មេងស្រី បម្លែងគំនិតច្នៃប្រឌិត និងគំនិតអាជីវកម្មរបស់ខ្លួន ទៅជាកម្មវិធីទូរសព្ទដៃ (Mobile Application) ដែលអាចប្រើប្រាស់បានពិតប្រាកដ ដើម្បីរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងសហគមន៍ និងសង្គមជាសកល ព្រមទាំងបង្កើនទំនុកចិត្ត និងសមត្ថភាពក្នុងការក្លាយជាអ្នកដឹកនាំវ័យក្មេង។
កុមារី ដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានការបណ្តុះបណ្តាលរយៈពេល ១២ សប្តាហ៍ លើជំនាញសំខាន់ៗចំនួន ៥ រួមមាន ការបង្កើតគំនិត (Ideation) ការសរសេរកូដ (Coding) សហគ្រិនភាព (Entrepreneurship) ការធ្វើបទបង្ហាញ និងការលក់គំនិត (Pitching) និងបញ្ញាសិប្បនិម្មិត (AI) ក្រោមការណែនាំពីគ្រូបណ្តុះបណ្តាល និងអ្នកជំនាញដែលមានបទពិសោធ។
លក្ខខណ្ឌចូលរួម គឺសម្រាប់ក្មេងស្រីអាយុចន្លោះពី ៨ ដល់ ១៨ ឆ្នាំ មិនថាកំពុងសិក្សានៅសាលារដ្ឋ ឬសាលាឯកជនឡើយ ត្រូវចូលរួមជាក្រុមមានសមាជិកពី ២ ដល់ ៥ នាក់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលពេញលេញ។
កម្មវិធី Technovation ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយ ក្នុងការបណ្តុះបណ្តាល និងលើកស្ទួយសមត្ថភាពកុមារីឱ្យត្រៀមខ្លួនក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា និងសហគ្រិនវ័យក្មេងក្នុងពេលអនាគត៕
.png)