ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រយ័ត្នការធ្វើដំណើរតាមតំបន់ជួរភ្នំ និងមាត់សមុទ្រ ខណៈអាចមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ

បានផ្សាយចេញ | ០៣ មីនា ២០២៦ 340

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រយ័ត្នការធ្វើដំណើរតាមតំបន់ជួរភ្នំ និងមាត់សមុទ្រ ខណៈអាចមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ

ភ្នំពេញ៖  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តំបន់មួយចំនួននៅទូទាំងព្រះរាជាណាចក្រកម្ពុជា អាចរងឥទ្ធិពលភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

ប្រភពដដែលបានឱ្យដឹងថា បាតុភូតនេះកើតឡើងដោយសារឥទ្ធិពលរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា បណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុលើតំបន់មួយចំនួន។

១. តំបន់វាលទំនាប
មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣ អង្សាសេ និងអតិបរមា ៣៥ អង្សាសេ ខ្យល់បក់ពីទិសឦសាន និងទិសបូព៌ា មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រហែល ១៥ ភាគរយ នៃផ្ទៃដី។

២. តំបន់ខ្ពង់រាប
មានសីតុណ្ហភាពមធ្យមអប្បបរមា ២២ អង្សាសេ និងអតិបរមា ៣៥ អង្សាសេ ខ្យល់បក់ពីទិសឧត្តរ និងទិសឦសាន ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រហែល ១០ ភាគរយ នៃផ្ទៃដី។

៣. តំបន់មាត់សមុទ្រ
មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣ អង្សាសេ និងអតិបរមា ៣៤ អង្សាសេ ខ្យល់បក់ពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រហែល ១០ភាគរយ នៃផ្ទៃដី។

ដោយឡែក រលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,០០ ម៉ែត្រ។

ក្នុងឱកាសនេះ អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងប្រកបរបរនេសាទតាមតំបន់ជួរភ្នំ និងមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានជាយថាហេតុ៕


 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Dron.jpg

បច្ចេកវិទ្យា «ដ្រូន» ជួយពង្រឹងការអភិរក្សធនធានធម្មជាតិឱ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Peacock.jpg

មជ្ឈមណ្ឌល ACCB បង្កាត់ពូជសត្វក្ងោកជិតផុតពូជបានដោយជោគជ័យ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Inovation11.jpg

បើកឱកាសឱ្យកុមារី អាយុ ៨ ដល់ ១៨ ឆ្នាំ ក្នុងការរៀនបង្កើត...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Spray mosquito repellent.jpg

មន្រ្តីជំនាញចុះបាញ់ថ្នាំមូសនៅតាមសង្កាត់ ភូមិ និងសាលារៀន...