ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការអាន និងការសរសេរ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការអភិវឌ្ឍជំនាញសិក្សា ការលើកកម្ពស់ភាសាជាតិ ការកែលម្អលទ្ធផលសិក្សា និងការពង្រីកការយល់ដឹងអំពីពិភពលោក។
ការថ្លែងបញ្ជាក់នេះធ្វើឡើងក្នុងឱកាសប្រារព្ធ ទិវាជាតិអំណាន ១១ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងបរិបទនៃការប្រែប្រួលសង្គម និងសកលភាវូបនីយកម្ម ការអាន និងការសរសេរ ត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ និងបណ្តុះបណ្តាល។ ជាពិសេស ត្រូវមានការរិះរកមធ្យោបាយអំណានឱ្យមានភាពចម្រុះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកអានក្នុងសម័យបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកអានអាចទទួលបានអំណានតាមរយៈមធ្យោបាយជាច្រើន ដូចជា ការអានសៀវភៅ ការអានតាមឧបករណ៍អេឡិចត្រូនិក ទូរសព្ទវៃឆ្លាត និងឧបករណ៍ឌីជីថលផ្សេងៗ។ ការអានតាមបច្ចេកវិទ្យាទំនើបមិនត្រឹមតែមានភាពងាយស្រួល និងចំណាយពេលតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ និងជួយថែរក្សាបរិស្ថានផងដែរ។ ជាក់ស្តែង សិស្ស និស្សិត និងយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍លើការអាន កំពុងប្រើប្រាស់មធ្យោបាយទាំងនេះកាន់តែច្រើនឡើង។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបន្ថែមថា ប្រសិនបើក្រឡេកមើលទៅបណ្តាប្រទេសអភិវឌ្ឍន៍ ទោះបីបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងក្លាយ៉ាងណាក៏ដោយ ការអានសៀវភៅបោះពុម្ពនៅតែមានសារៈសំខាន់ និងមានសន្ទុះរីកចម្រើនដដែល។
ដោយសារតែសារៈសំខាន់នេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា បានបន្តរៀបចំ និងប្រារព្ធទិវាជាតិអំណាន ចាប់តាំងពីឆ្នាំ២០១៦ មក ដើម្បីលើកទឹកចិត្តវប្បធម៌អំណានក្នុងសង្គម។ ជាមួយគ្នានេះ ក្រសួងក៏បានអនុវត្តវិធានការជាច្រើន ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សានៅកម្រិតដំបូងនៃបឋមសិក្សា ដោយផ្តោតលើការអនុវត្ត «កញ្ចប់អំណានថ្នាក់ដំបូង» និងពង្រីកការអនុវត្តកម្មវិធីនេះសម្រាប់សិស្សថ្នាក់ទី១ ទី២ និងទី៣ ទូទាំងប្រទេស។
សូមបញ្ជាក់ផងដែរថា នៅក្នុងទិវាអំណានជាតិ១១ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក៏ទទួលបាននូវបណ្ណសរសើរ ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕
 (5).png)