សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ឱ្យទៅពិនិត្យសុខភាពជាប្រចាំ និងសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានវេជ្ជបណ្ឌិត និងឆ្មបជំនាញ ព្រមទាំងទទួលសេវាថែទាំក្រោយសម្រាលទាំងមាតា និងទារកឱ្យបានត្រឹមត្រូវ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងតាមរយៈសារលិខិតរបស់សម្ដេច ក្នុងឱកាសទិវាឆ្មបជាតិ–អន្តរជាតិ ថ្ងៃទី ៥ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»។

ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ស្វាមី ក្រុមគ្រួសារ សហគមន៍ ស្ថាប័នសាធារណៈ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រស្ត្រីមានផ្ទៃពោះ ព្រមទាំងជំរុញការវិនិយោគលើការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពឆ្មប រួមទាំងការបង្កើតលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ ជាពិសេសនៅតំបន់ជនបទ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា សម្ដេចមានក្តីសោមនស្សរីករាយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការលើកតម្កើងតួនាទីដ៏សំខាន់របស់ឆ្មប ដែលជាអ្នករួមចំណែកសំខាន់ក្នុងការការពារអាយុជីវិត និងសុខភាពរបស់ស្ត្រីជាមាតា និងទារក។
ក្នុងនាមកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្ដែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកសុខាភិបាលនៅជួរមុខ ជាពិសេសឆ្មប ដែលបានលះបង់ខ្ពស់ បំពេញការងារដោយក្តីមេត្តា និងវិជ្ជាជីវៈ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ទាំងក្នុងស្ថានភាពធម្មតា និងស្ថានភាពអាសន្ន។
សម្ដេចបានគូសបញ្ជាក់ថា ឆ្មបជាស្នូលសំខាន់ក្នុងការធានាសុវត្ថិភាពមាតា និងទារក តាមរយៈការថែទាំអំឡុងពេលមានផ្ទៃពោះ ការជួយសម្រាលដោយសុវត្ថិភាព និងការថែទាំក្រោយសម្រាល។ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម ដែលមានតួនាទីជួយសង្គ្រោះអាយុជីវិត និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារ។
 (5).png)
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបន្ថែមថា អនាគតរបស់សង្គមជាតិអាស្រ័យយ៉ាងខ្លាំងលើសុខភាពមាតា និងទារក ខណៈការអំពាវនាវជាសកលសម្រាប់ឆ្មបបន្ថែម ១លាននាក់ បានបង្ហាញយ៉ាងច្បាស់ថា ការវិនិយោគលើឆ្មប គឺជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតសង្គមទាំងមូល។
សម្រាប់កម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា ការទទួលបានសេវាថែទាំមាតា និងទារកដោយឆ្មបជំនាញ នៅតែមានសារៈសំខាន់ខ្លាំង ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។ កម្ពុជាបានបន្តខិតខំមិនត្រឹមតែបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ប៉ុន្តែធានាគុណភាពអប់រំតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់តួនាទីឆ្មបឱ្យក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាពវិជ្ជាជីវៈ។
ចុងក្រោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានស្នើឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល បន្តពង្រឹងប្រព័ន្ធសុខាភិបាល និងជំរុញការគ្របដណ្តប់សុខភាពជាសកល ព្រមទាំងបន្តវិនិយោគលើធនធានមនុស្សក្នុងវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕
រូបភាព៖ ឯកសារ