សិស្សានុសិស្សថ្នាក់ទី៩ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានចូលរួមដំណើរទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណេះដឹង និងបើកទស្សនវិស័យអំពីអាជីពការងារនាពេលអនាគត។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងផ្តល់ឱកាសឱ្យសិស្សឈ្វេងយល់អំពីប្រភេទការងារនាពេលអនាគត ព្រមទាំងស្គាល់ពីស្ថាប័នបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានសក្តានុពលខ្ពស់នៅកម្ពុជា។ លើសពីនេះ សិស្សក៏បានស្គាល់បន្ថែមអំពីការងារបច្ចេកទេស និងបច្ចេកវិទ្យាទំនើប ដែលជាជំនាញសំខាន់សម្រាប់យុគសម័យឌីជីថល និងឧស្សាហកម្ម ៤.០។ កម្មវិធីនេះក៏មានគោលដៅជំរុញឱ្យសិស្សខិតខំប្រឹងប្រែងសិក្សា ដើម្បីត្រៀមខ្លួនសម្រាប់អនាគតផងដែរ។
លោក ផេង ឧត្តម ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាទួលសង្កែ បានប្រាប់ឱ្យដឹងថា
ការជ្រើសរើសវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ជាទីតាំងសិក្សាក្រៅថ្នាក់ គឺផ្អែកលើសក្តានុពលដ៏ខ្លាំងរបស់ស្ថាប័ននេះ ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

ក្នុងអំឡុងពេលទស្សនកិច្ច សិស្សបានចូលទស្សនាបន្ទប់ពិសោធន៍ រោងជាង និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដែលជួយបើកទូលាយទស្សនវិស័យ និងបង្កើនការយល់ដឹងជាក់ស្តែងអំពីការងារបច្ចេកទេស។ ជាមួយគ្នានេះ សិស្សក៏ទទួលបានការណែនាំពីអ្នកជំនាញ និងវាគ្មិនកិត្តិយស ដែលបានចែករំលែកបទពិសោធ និងព័ត៌មានអំពីអាជីពការងារផ្សេងៗ។
លោកបានបន្ថែមថា ក្រោយបញ្ចប់កម្មវិធី សិស្សភាគច្រើនបានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗដែលអាចអនុវត្តន៍បាន។
ពួកគេក៏មានការតាំងចិត្តខ្ពស់ក្នុងការខិតខំសិក្សាបន្ថែម និងរៀបចំផែនការអនាគតរបស់ខ្លួនឱ្យច្បាស់លាស់ជាងមុន។
ដំណើរទស្សនកិច្ចនេះក៏បានជួយសិស្សជាច្រើន ដែលមិនទាន់កំណត់គោលដៅអាជីពឱ្យច្បាស់ អាចយល់ដឹងកាន់តែច្បាស់ពីចំណង់ចំណូលចិត្ត និងសមត្ថភាពរបស់ខ្លួន ជាពិសេសសិស្សដែលចាប់អារម្មណ៍លើវិស័យបច្ចេកទេស និងវិទ្យាសាស្រ្តទំនើប។ ការទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំនាញនៅទីតាំង បានជួយឱ្យពួកគេទទួលបានព័ត៌មានជាក់ស្តែង និងមានទិសដៅច្បាស់លាស់សម្រាប់ការជ្រើសរើសជំនាញបន្តសិក្សា។

ជាមួយគ្នានេះ លោក ផេង ឧត្តម បានបញ្ជាក់ថា សាលារៀននឹងបន្តរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះបន្ថែមទៀត នៅតាមស្ថាប័ន និងទីតាំងសំខាន់ៗផ្សេងៗ ដើម្បីផ្តល់ឱកាសឱ្យសិស្សទទួលបានបទពិសោធជាក់ស្តែង និងចំណេះដឹងទូលំទូលាយ។
ការសហការជាមួយវិទ្យាស្ថាន NTTI បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដោយជួយឱ្យសិស្សយល់ដឹងពី បរិបទការងារពិត និងបង្កើនចំណាប់អារម្មណ៍លើវិស័យបច្ចេកទេស។ ជាមួយនេះផងដែរ សាលារៀនក៏បន្តបំពេញបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងជំនាញ ស្របតាមតម្រូវការសង្គម និងទីផ្សារការងារកំពុងអភិវឌ្ឍ៕
