ការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី៣ ប្រចាំឆ្នាំ២០២៦ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ត្រូវបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងមកនេះ ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយមោទនភាព ចំពោះលទ្ធផលដែលកីឡាករ-កីឡាការិនីទទួលបានតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន។

លោក សុខ សូនីដា នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានថ្លែងកោតសរសើរ និងអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធ ដែលបានសហការយ៉ាងសកម្ម ធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ លោកបានបញ្ជាក់ថា វិស័យកីឡាមានតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនង បង្កើនសាមគ្គីភាព និងលើកកម្ពស់សុខភាពរបស់បុគ្គលិក និងសិស្សានុសិស្ស ដែលជាកត្តាចម្បងសម្រាប់ការសិក្សា និងការងារដែលមានប្រសិទ្ធភាព។ លើសពីនេះ ការចូលរួមសកម្មក្នុងកីឡា ក៏ជួយរឹតបន្តឹងចំណងមិត្តភាព កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងចូលរួមទប់ស្កាត់បញ្ហាសង្គម ដូចជាការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សា ព្រមទាំងលើកកម្ពស់សុខមាលភាពទូទៅផងដែរ។

គណៈកម្មការរៀបចំបានឱ្យដឹងថា ការប្រកួតនេះត្រូវបានរៀបចំឡើងស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលតែងតែផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សុខភាព សាមគ្គីភាព និងមិត្តភាពក្នុងចំណោមសិស្សានុសិស្ស និងបុគ្គលិក ដោយកំណត់ឱ្យមានការប្រកួតកីឡាជាប្រចាំរៀងរាល់ឆ្នាំ។

សម្រាប់ឆ្នាំ២០២៦នេះ ការប្រកួតបានប្រព្រឹត្តទៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ វិញ្ញាសាអត្តពលកម្ម វាយសី និងបាល់ទាត់ ត្រូវបានរៀបចំនៅ Watbo Sport Center ខណៈវិញ្ញាសាការ៉ាតេ និងបាល់បោះ ប្រព្រឹត្តនៅក្នុងទីលានសាលារៀន អេ អាយ អេស និងវិញ្ញាសាហែលទឹក ប្រព្រឹត្តនៅអាងហែលទឹកសណ្ឋាគារប៉ាស៊ីហ្វីក។

ការប្រកួតឆ្នាំនេះ មានសរុប ៦ វិញ្ញាសា រួមមាន វាយសី ការ៉ាតេ ហែលទឹក អត្តពលកម្ម បាល់បោះ និងបាល់ទាត់ ដោយមានការចូលរួមយ៉ាងសកម្មពីសិស្សជាច្រើន។ លទ្ធផលមួយគួរឱ្យកត់សម្គាល់ គឺសាលាបានចូលរួមការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកថ្នាក់ខេត្ត ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងទទួលបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារត់ល្បឿន ១០០ ម៉ែត្រ ផ្នែកបុរស។
គួរបញ្ជាក់ថា លទ្ធផលជោគជ័យទាំងនេះ បានកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួនរបស់កីឡាករ-កីឡាការិនី ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ជាពិសេសការលើកទឹកចិត្តពីសំណាក់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានជួយជំរុញឱ្យសកម្មភាពកីឡានេះទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕
