ក្នុងបរិយាកាសពោរពេញដោយស្នាមញញឹម សំណើច និងអនុស្សាវរីយ៍ល្អៗ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទាំង ១២ សាខា បានជួបជុំគ្នាអបអរសាទរ ពិធីបិទបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ យ៉ាងអធិកអធម នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦។ ពិធីនេះមានការចូលរួមយ៉ាងកក់ក្តៅពីគណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពី ១២ ទីតាំង ដែលរួមមាន ១០ សាខានៅរាជធានីភ្នំពេញ និង ២ សាខានៅខេត្តសៀមរាប និងខេត្តតាកែវ។

ក្នុងឱកាសដ៏ពិសេសនេះ សាខានីមួយៗបានរៀបចំកម្មវិធីសិល្បៈ និងកម្សាន្តយ៉ាងសម្បូរបែប ដើម្បីបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់សិស្សានុសិស្ស ដូចជា ការរាំរបាំ ការច្រៀងជាក្រុម និងសកម្មភាពកម្សាន្តផ្សេងៗ។ ព្រមទាំងមានការចែកវត្ថុអនុស្សាវរីយ៍ រួមមានសៀវភៅ និងបណ្ណសរសើរ ដល់សិស្សដែលមានការខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលល្អក្នុងការសិក្សា។

ជាមួយគ្នានេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ ក៏បានជូនពរ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត។ ទន្ទឹមនឹងនេះ សាលាក៏បានជូនដំណឹងអំពីកាលវិភាគសិក្សាក្នុងអំឡុងពេលវិស្សមកាល ដោយនឹងបើកថ្នាក់បំប៉ន ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ រៀនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
សម្រាប់បវេសនកាលសិក្សាថ្មី ឆ្នាំ ២០២៦-២០២៧ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦៕


