ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ពីទ្រឹស្តីទៅការអនុវត្ត៖ សិស្សថ្នាក់ទី៥ក រីករាយជាមួយពិសោធន៍អគ្គិសនី

បានផ្សាយចេញ | ២០ កក្កដា ២០២៦ 261

ពីទ្រឹស្តីទៅការអនុវត្ត៖ សិស្សថ្នាក់ទី៥ក រីករាយជាមួយពិសោធន៍អគ្គិសនី

នៅក្នុងបរិយាកាសថ្នាក់រៀនដែលពោរពេញដោយការចាប់អារម្មណ៍ និងសំឡេងរីករាយ សិស្សានុសិស្សថ្នាក់ទី៥ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានចូលរួមសកម្មភាពពិសោធន៍មុខវិជ្ជាវិទ្យាសាស្រ្ត ស្តីពីអគ្គិសនី ដែលជាផ្នែកមួយនៃការសិក្សាដែលផ្តោតលើការអនុវត្តជាក់ស្តែង។

ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់លោកគ្រូ សោម សុជាតុល សិស្សានុសិស្សបានចាប់ផ្តើមឈ្វេងយល់ពីមូលដ្ឋានគ្រឹះនៃអគ្គិសនី តាមរយៈការតភ្ជាប់សៀគ្វីអគ្គិសនីជាស៊េរី និងជាខ្នែង។ ពួកគេមិនត្រឹមតែស្តាប់ទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមអនុវត្តដោយដៃផ្ទាល់ ដោយប្រើឧបករណ៍សាមញ្ញដូចជា ថ្មពិល ខ្សែភ្លើង និងអំពូលភ្លើង ដើម្បីសង្កេតឃើញលទ្ធផលជាក់ស្តែង។



លោកគ្រូ សោម សុជាតុល បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃសកម្មភាពនេះ គឺដើម្បីឱ្យសិស្សយល់ដឹងអំពីរបៀបដំណើរការរបស់អគ្គិសនី ការស្គាល់គោលវិជ្ជមាន (+) និងគោលអវិជ្ជមាន (-) របស់ថ្មពិល ព្រមទាំងការយល់ដឹងអំពីចំនួនវ៉ុល និងតួនាទីរបស់វាក្នុងការផ្គត់ផ្គង់ថាមពល។ លើសពីនេះ សិស្សក៏បានសិក្សាអំពីប្រភេទឧបករណ៍អគ្គិសនីផ្សេងៗ និងរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវ។



តាមរយៈការអនុវត្តពិសោធនេះ សិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងវិទ្យាសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍជំនាញសំខាន់ៗដូចជា ការធ្វើការជាក្រុម ការចែករំលែកយោបល់ និងការដោះស្រាយបញ្ហាដោយខ្លួនឯង។ បរិយាកាសសិក្សាបែបនេះបានជំរុញឱ្យសិស្សមានការចូលរួមយ៉ាងសកម្ម និងមានភាពទុកចិត្តលើខ្លួនឯងកាន់តែខ្ពស់។
លោកគ្រូបានបញ្ជាក់បន្ថែមថា សកម្មភាពពិសោធន៍ជាផ្នែកសំខាន់មួយដែលធ្វើឱ្យសិស្សមានការចាប់អារម្មណ៍ខ្លាំងជាងការសិក្សាទ្រឹស្តីតែមួយមុខ។ ជាក់ស្តែង លោកបានសង្កេតឃើញថា សិស្សភាគច្រើនចូលចិត្ត និងរីករាយក្នុងការចូលរួមសកម្មភាពអនុវត្តន៍បែបនេះ ព្រោះវាធ្វើឱ្យពួកគេយល់ដឹងបានច្បាស់ និងចងចាំបានយូរ។

ជាមួយគ្នានេះផងដែរ លោកគ្រូក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សថា នៅពេលធ្វើពិសោធន៍ ត្រូវគោរពតាមវិធានសុវត្ថិភាព ដោយពាក់អាវពិសោធន៍ឱ្យបានត្រឹមត្រូវ និងមិនគួរធ្វើការពិសោធន៍អគ្គិសនីដោយខ្លួនឯងនៅផ្ទះឡើយ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមាន។
សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា ការសិក្សាដែលបញ្ចូលការអនុវត្តជាក់ស្តែង គឺជាគន្លឹះសំខាន់ក្នុងការបង្កើនគុណភាពអប់រំ និងបង្កើតបទពិសោធសិក្សាដែលមានន័យសម្រាប់សិស្សានុសិស្ស។



គួរបញ្ជាក់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តែងតែផ្តល់ការគាំទ្រយ៉ាងពេញលេញ ដោយផ្គត់ផ្គង់សម្ភារពិសោធន៍មានសុវត្ថិភាព បន្ទប់ពិសោធន៍ទំនើប និងលើកទឹកចិត្តឱ្យមានសកម្មភាពបង្ហាញស្នាដៃវិទ្យាសាស្ត្រ។ ការបង្រៀនបែបបំណិនជីវិតបែបនេះ កំពុងជួយបណ្តុះសិស្សឱ្យក្លាយជាមនុស្សមានចំណេះដឹង មានបំណិន និងមានការយល់ដឹងអំពីការប្រើប្រាស់វិទ្យាសាស្ត្រនៅក្នុងជីវិតពិត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Biology1.jpg

សិស្សថ្នាក់ទី១០ សិក្សាសរីរាង្គខាងក្នុងរបស់ត្រី តាមរយៈសក...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/photo_2026-04-30_08-14-58.jpg

AIS តាកែវ៖ ពិសោធន៍ផលិតសាប៊ូលាងចាន របស់សិស្សថ្នាក់ទី១០ក

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Electric.jpg

សិស្សថ្នាក់ទី៦ AIS សាកល្បងតភ្ជាប់សៀគ្វីអគ្គិសនីតាមការពិ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Chimistry.jpg

សកម្មភាពពិសោធសម្គាល់អាស៊ីត–បាស ដោយប្រើទឹកស្ពៃក្ដោបពណ៌ស្...