ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ក្រសួងអប់រំ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការរៀបចំសិក្ខាសាលា “Digital Transformation” ពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងយុគសម័យឌីជីថល

បានផ្សាយចេញ | ២៨ កក្កដា ២០២៦ 358

ក្រសួងអប់រំ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការរៀបចំសិក្ខាសាលា “Digital Transformation” ពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងយុគសម័យឌីជីថល

សាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរក្នុងបរិបទឌីជីថល (Digital Transformation)” កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព និងធ្វើបច្ចុប្បន្នភាពចំណេះដឹងដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា ឱ្យស្របតាមនិន្នាការអប់រំសម័យថ្មី។ សិក្ខាសាលានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។



ក្នុងឱកាសនោះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្ហាញក្តីសោមនស្សរីករាយចំពោះការយកចិត្តទុកដាក់ពីក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការចូលរួមដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ក្នុងការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការផ្លាស់ប្តូរឌីជីថលជូនដល់លោកគ្រូ អ្នកគ្រូ។ លោកស្រីបានលើកឡើងថា ការចែករំលែកចំណេះដឹង និងបទពិសោធក្នុងបរិបទថ្មីៗ ជាពិសេសវិស័យឌីជីថល គឺមានសារៈសំខាន់ចំពោះការអភិវឌ្ឍវិស័យអប់រំ។



លោកស្រីបានបន្ថែមថា លោកគ្រូ អ្នកគ្រូ គឺជាបុគ្គលដ៏អស្ចារ្យ ម្នាក់នៅក្នុងការបង្កើត មនុស្ស អស្ចារ្យជាច្រើននាក់ទៀត។ ដូច្នេះ លោកគ្រូ អ្នកគ្រូ គឺជាតួអង្គសំខាន់រាល់សកម្មភាព រាល់ឥរិយាបថ រាល់គុណតម្លៃដែលលោកគ្រូ អ្នកគ្រូបានសាងគឺបានបង្កើតគុណតម្លៃខ្លួនឯងយ៉ាងមហិមា ដែលមិនអាចវាយតម្លៃបាន។

លោកស្រី រស់ យ៉ាណា ក៏បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសសមត្ថភាពគ្រូបង្រៀន និងបុគ្គលិក គឺជាអាទិភាពសំខាន់ ដែលជាការវិនិយោគដោយផ្ទាល់លើគុណភាពអប់រំ និងអនាគតរបស់សិស្សានុសិស្ស។



ក្នុងបរិបទបច្ចុប្បន្ន ដែលបច្ចេកវិទ្យាឌីជីថលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស វិស័យអប់រំត្រូវបន្តបំប្លែងខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗ។ ការប្រើប្រាស់បច្ចេកវិទ្យា មិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាកត្តាចាំបាច់ក្នុងការគ្រប់គ្រង ការបង្រៀន ការវាយតម្លៃ និងការទំនាក់ទំនង។ ជាមួយគ្នានេះ ការផ្លាស់ប្តូរឌីជីថលក៏ទាមទារឱ្យមានការកែប្រែផ្នត់គំនិត និងវិធីសាស្រ្តបង្រៀន ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងផ្តោតលើអ្នកសិក្សាជាសំខាន់។ ជាពិសេស ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាបានបង្កើតឱកាសថ្មីៗសម្រាប់ការរៀបចំមេរៀន ការបង្កើតសម្ភារសិក្សា និងការវាយតម្លៃ។ ទោះជាយ៉ាងណា ការប្រើប្រាស់បច្ចេកវិទ្យា ត្រូវអនុវត្តដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីធានាថា វាជួយលើកកម្ពស់គុណភាពអប់រំ មិនមែនជំនួសតួនាទីគ្រូបង្រៀននោះទេ។



លោកស្រី បានបង្ហាញជំនឿថា សិក្ខាសាលានេះ នឹងផ្តល់នូវចំណេះដឹង បទពិសោធ និងទស្សនៈថ្មីៗ ដែលអាចយកទៅអនុវត្តជាក់ស្តែងក្នុងការបង្រៀន ការគ្រប់គ្រង និងការអភិវឌ្ឍសាលារៀន ឱ្យស្របតាមនិន្នាការឌីជីថល និងការអប់រំសម័យថ្មី។ ជាមួយគ្នានេះ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ដែលបានផ្តល់កិត្តិយសចូលរួមចែករំលែកចំណេះដឹងដ៏មានតម្លៃដល់បុគ្គលិកអប់រំទាំងអស់៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/G9.jpg

សិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ចូ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/G12.jpg

AIS ប្រគល់វិញ្ញាបនបត្រលើកទី៥០ ជូនសិស្សថ្នាក់ទី១២ ប្រមាណ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Sport SR.jpg

បិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ពានរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/photo_2026-08-14_14-45-35.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ បរាជ័យមិនមែនជាការបរាជ...