គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់ និងទទួលវិញ្ញាបនបត្រ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី៩ ឆ្នាំសិក្សា២០២៥-២០២៦ ប្រមាណជាង ៧០០នាក់ នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នៅក្នុងឱកាសនោះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងអបអរសាទរចំពោះសិស្សថ្នាក់ទី៩ ទាំងអស់ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យ។ ជាមួយគ្នានេះ លោកស្រីបានមានប្រសាសន៍អរគុណចំពោះសិស្សានុសិស្សទាំងអស់ដែលបានខិតខំរៀនរហូតទទួលបានលទ្ធផលល្អនៅថ្ងៃនេះ និងអរគុណដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលទុកចិត្តលើគុណភាពអប់រំ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង ព្រោះការសិក្សានៅ AIS គឺពិតជាទទួលបាននូវការបណ្ដុះនូវមូលធនមនុស្សដ៏អស្ចារ្យសម្រាប់សង្គមជាតិ។
លើសពីនេះទៀត លោកស្រីបានមានប្រសាសន៍លើកឡើងពីចំណុចសំខាន់ៗផ្តាំទៅដល់សិស្សានុសិស្សថា សមិទ្ធផលអស្ចារ្យ សម្បើម ផ្ដើមចេញពីជំហានដំបូង! រៀន និងធ្វើវាថ្ងៃនេះ កុំចាំថ្ងៃស្អែក! ភាពខ្ជិលជាឧបសគ្គនៃភាពរីកចម្រើន! យើងត្រូវតែហ៊ានស្រមៃឱ្យបានខ្ពស់ សម្រួចវាជាប្រចាំ នោះក្ដីស្រមៃនឹងទទួលបានជោគជ័យ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ អបអរសាទរ និងក្តីរីករាយ ដោយបានឃើញ ក្មួយៗ សិស្សានុសិស្ស ទាំងអស់ មានការតស៊ូ អត់ធ្មត់ យកចិត្តទុកដាក់មោះមុតក្នុងការរៀនសូត្ររហូតដល់បានបញ្ចប់ថ្នាក់ទី៩។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា «នេះជានិមិ្មតរូបមួយដ៏អស្ចារ្យចំពោះពួកយើង ទាំងអស់គ្នា ដែលជាលោកគ្រូ អ្នកគ្រូ លោកឪពុក អ្នកម្តាយ អ្នកអាណាព្យាបាល ពិតជាសប្បាយរីករាយ វាជាក្តី សង្ឃឹមរបស់លោកឪពុក អ្នកម្តាយដែលកំពុងតែ មើលឃើញ អនាគតដ៏ភ្លឺស្វាង របស់កូនៗ ក្មួយៗទាំងអស់ ដែលកំពុងឈានទៅមុខ បន្តការសិក្សាឱ្យចប់វិទ្យាល័យ និងក្លាយទៅជាអនាគតរបស់ជាតិយើង»។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់បន្ថែមថា ការបញ្ចប់ថ្នាក់ទី៩នៅពេលនេះ មិនមែនជាការចប់ចុងក្រោយនៃការសិក្សានោះទេ ក្មួយៗនឹងត្រូវបន្តទៅវិទ្យាល័យថ្នាក់ទី១០ ទី១១ និងទី១២ ដែលជាឱកាសផង និងការប្រឈម ដែលក្មួយៗជួបប្រទះក្នុងការរៀនសូត្រ នៅក្នុងថ្នាក់វិទ្យាល័យ ដែលត្រូវទទួលខុសត្រូវច្រើនជាងមុន និងក្មួយៗត្រូវយកចិត្តទុកដាក់ក្នុងការសិក្សាដើម្បីត្រៀម ប្រឡងបាក់ឌុប នៅពេលខាងមុខទៀត។
ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានរំលេចនូវសាចំនួន៥ ចំណុច ផ្តាំផ្ញើទៅកាន់សិស្សានុសិស្ស នៅក្នុងឱកាសនោះ ទី១ គឺការជឿជាក់ និងទំនុកចិត្តលើខ្លួនឯង ជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ដែលផ្តើមចេញពីខ្លួនឯង និងបន្តក្តីស្រមៃរហូតឱ្យធំ ដើរតាមក្តីស្រមៃ បន្តធ្វើ នោះក្តីស្រមៃនឹងមកដល់។ទី២ អបអរសាទរ ចំពោះសមិទ្ធផលដែលខ្លួនបានទទួលជោគជ័យ ប៉ុន្តែកុំឱ្យភ្លេចខ្លួន និងបន្តឈានជើងទៅមុខគ្រប់ពេលវេលា បន្តការប្រកួតប្រជែង បន្តការរៀនសូត្រ ព្រោះការរៀនមិនមានថ្ងៃបញ្ចប់ឡើយ។ ទី៣ រក្សាភាពស្មោះត្រង់ សេចក្តីថ្លៃថ្នូរ និងចេះដាក់ខ្លួន ព្រោះ ការចេះដាក់ខ្លួននេះ ធ្វើឱ្យក្មួយៗទទួលបាននូវការគោរព ហើយការគោរពពី អ្នកដទៃធ្វើឱ្យយើងមានមោទនភាព និងកាន់តែទទួលបានជោគជ័យថែមទៀត។ ទី៤ ក្មួយៗទាំងអស់ ចូលរួមធ្វើការងារជាក្រុម ហើយឱ្យតម្លៃក្រុម និងឱ្យតម្លៃនៃមិត្តភាព និងទី៥ ពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈ ការអប់រំ ទាំងអស់នេះនឹងជួយឱ្យក្មួយៗមានចំណេះដឹងខ្លាំង ដែលជាផ្លូវដឹកនាំខ្លួនឯង គ្រួសារ និងប្រទេសជាតិឱ្យរីកចម្រើន អភិវឌ្ឍន៍។
ជាចុងក្រោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែង អំណរគុណដល់លោក លោកស្រីជាមាតាបិតា អ្នកអាណាព្យាបាលសិស្សដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្តជាមួយកូនៗក្នុងការគាំទ្រ សហការជាមួយសាលា និងសូមអរគុណគណៈគ្រប់គ្រងសាលា បុគ្គលិកគ្រប់ផ្នែកដែលចូលរួមអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីឆ្លើយតបបាវចនា គុណភាព វិន័យ និងសេវាកម្មរបស់សាលាឱ្យកាន់តែល្អប្រសើរ៕
