លោកគ្រូ ស៊ុំ គង់ហេង គ្រូបង្វឹកកីឡាតេក្វាន់ដូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់ ដោយដណ្តើមបានមេដាយចំនួន ៤ រួមមាន មេដាយមាស ២ ប្រាក់ ១ និងសំរិទ្ធ ១ ពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី។ សមិទ្ធផលនេះមិនត្រឹមតែជាមោទនភាពសម្រាប់រូបលោកប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការខិតខំប្រឹងប្រែង វិន័យ និងស្មារតីតស៊ូ ដែលលោកតែងតែបណ្តុះដល់សិស្សានុសិស្ស AIS តាមរយៈកីឡា។

ការចូលរួមក្នុងការប្រកួតកម្រិតអាស៊ីនេះ ត្រូវបានលោកគ្រូ ស៊ុំ គង់ហេង ចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយក្នុងជីវិតជាកីឡាករ និងជាគ្រូបង្វឹក ព្រោះវាជាឱកាសសម្រាប់លោកតំណាងឱ្យប្រទេសកម្ពុជា និងគ្រួសារ AIS លើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីសមត្ថភាព និងការរីកចម្រើនរបស់កីឡាតេក្វាន់ដូ ITF នៅកម្ពុជាផងដែរ។
ក្នុងចំណោមមេដាយទាំង ៤ ដែលទទួលបាន មេដាយមាសលើវិញ្ញាសាបច្ចេកទេសពិសេសជាក្រុម គឺជាមេដាយដែលលោកគ្រូចាត់ទុកថាពិសេសជាងគេ។ វិញ្ញាសានេះតម្រូវឱ្យកីឡាករមានការសម្របសម្រួលជាក្រុម ប្រើប្រាស់កម្លាំងកាយ ស្មារតី និងបច្ចេកទេសក្នុងកម្រិតខ្ពស់ ដើម្បីប្រឈមនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ។

មុនឈានដល់លទ្ធផលនេះ លោកគ្រូបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងម៉ត់ចត់អស់រយៈពេលជាច្រើនខែ ដោយផ្តោតលើការពង្រឹងកាយសម្បទា បច្ចេកទេសវាយប្រហារ និងការពារ ល្បឿន ព្រមទាំងការហ្វឹកហាត់ផ្លូវចិត្ត ដើម្បីរក្សាស្មារតីរឹងមាំនៅពេលប្រឈមនឹងសម្ពាធនៃការប្រកួត។
ជាមួយនឹងការហ្វឹកហាត់ដ៏តឹងរ៉ឹង លោកក៏ត្រូវប្រឈមនឹងឧបសគ្គមួយចំនួន ដូចជាការនឿយហត់រាងកាយ ការរងរបួសបន្តិចបន្តួចពេលហ្វឹកហាត់ ការបែងចែកពេលវេលា និងអាកាសធាតុត្រជាក់ខ្លាំងនៅប្រទេសម៉ុងហ្គោលី។ ទោះជាយ៉ាងណា លោកបានជម្នះឧបសគ្គទាំងនេះដោយប្រកាន់ខ្ជាប់នូវវិន័យ ការថែរក្សាសុខភាព និងស្មារតីមិនបោះបង់ ព្រមទាំងផ្តោតលើគោលដៅដែលបានកំណត់។

ក្រៅពីមេដាយ និងជ័យជម្នះ ការប្រកួតកម្រិតអាស៊ីនេះក៏បានផ្តល់បទពិសោធថ្មីៗជាច្រើនដល់លោកគ្រូ ក្នុងនាមជាកីឡាករ និងជាគ្រូបង្វឹក។ លោកបានសិក្សាពីយុទ្ធសាស្ត្រប្រកួត និងបច្ចេកទេសថ្មីៗពីកីឡាករជើងខ្លាំងមកពីបណ្តាប្រទេសនៅអាស៊ី ដែលបទពិសោធទាំងនេះ លោកមានបំណងនាំយកមកអភិវឌ្ឍការហ្វឹកហាត់ និងបណ្តុះបណ្តាលសិស្សានុសិស្ស AIS ឱ្យកាន់តែមានប្រសិទ្ធភាព។
សម្រាប់លោកគ្រូ ស៊ុំ គង់ហេង កីឡាតេក្វាន់ដូមិនមែនគ្រាន់តែជាកីឡាដែលបង្រៀនពីក្បាច់គុន និងការប្រកួតប្រជែងនោះទេ ប៉ុន្តែជាមធ្យោបាយបណ្តុះស្មារតី វិន័យ ការអត់ធ្មត់ ការគោរពអ្នកដទៃ និងភាពជឿជាក់លើខ្លួនឯង។ គុណតម្លៃទាំងនេះក៏ជាអ្វីដែលលោកចង់បន្តបណ្តុះដល់សិស្ស AIS តាមរយៈការហ្វឹកហាត់កីឡា។

លោកគ្រូបានបង្ហាញក្តីសង្ឃឹមថា សមិទ្ធផលដែលទទួលបាននាពេលនេះ នឹងក្លាយជាកម្លាំងចិត្តសម្រាប់សិស្ស AIS ឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង និងហ៊ានដាក់គោលដៅខ្ពស់ ទាំងក្នុងការសិក្សា និងវិស័យកីឡា។ លោកបានលើកឡើងថា «គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ប្រសិនបើយើងមានគោលដៅច្បាស់លាស់ និងខិតខំប្រឹងប្រែងពិតប្រាកដ»។
អ្វីដែលសំខាន់ជាងមេដាយសម្រាប់លោក គឺមេរៀនពីពាក្យថា «ការតស៊ូ»។ លោកយល់ថា ការតស៊ូមិនមែនមានន័យថា ធ្វើអ្វីមួយតែពេលមានកម្លាំងចិត្តនោះទេ ប៉ុន្តែជាការបន្តដំណើរទៅមុខ ទោះបីជាជួបភាពនឿយហត់ ការឈឺចាប់ ឬឧបសគ្គយ៉ាងណាក៏ដោយ។ «ការតស៊ូពិតប្រាកដ គឺការក្រោកឈរឡើងវិញរាល់ពេលដែលយើងដួល»។
ជ័យជម្នះលើឆាកអាស៊ីនេះ ក៏មិនមែនជាចំណុចបញ្ចប់នៃក្តីស្រមៃរបស់លោកគ្រូ ស៊ុំ គង់ហេង នោះឡើយ។ លោកមានគោលដៅបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកម្រិតពិភពលោក (World Championship) នាពេលខាងមុខ និងខិតខំប្រឹងប្រែងដណ្តើមសមិទ្ធផលជូនជាតិបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏ប្តេជ្ញាបន្តបណ្តុះបណ្តាលសិស្ស AIS ឱ្យក្លាយជាកីឡាករជំនាន់ក្រោយដែលមានសមត្ថភាព និងមានស្មារតីកីឡាដ៏រឹងមាំ។
សមិទ្ធផលមេដាយ មាស ២ ប្រាក់ ១ និងសំរិទ្ធ ១ របស់លោកគ្រូ ស៊ុំ គង់ហេង នៅលើឆាក ITF ជើងឯកអាស៊ី លើកទី១១ មិនត្រឹមតែជាលទ្ធផលនៃការប្រកួតមួយលើកនោះទេ ប៉ុន្តែជាផ្លែផ្កានៃការហ្វឹកហាត់វិន័យ ការតស៊ូ និងការមិនបោះបង់។ ជាមួយគ្នានេះ សមិទ្ធផលនេះក៏ក្លាយជាគំរូជាក់ស្តែងមួយសម្រាប់សិស្ស AIS ថា ភាពជោគជ័យកើតចេញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការមិនបោះបង់ក្តីស្រមៃ។
លោកគ្រូ ស៊ុំ គង់ហេង ក៏បានសម្តែងការដឹងគុណចំពោះក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សហព័ន្ធ និងគ្រូបង្វឹក ព្រមទាំងសិស្សានុសិស្ស និងអ្នកគាំទ្រទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកម្លាំងចិត្តដល់លោកក្នុងដំណើរឆ្ពោះទៅរកសមិទ្ធផលនេះ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១ (11th Asian ITF Taekwon-Do Championships) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូលានបាទ័រ ប្រទេសម៉ុងហ្គោលី និងបានបិទបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ជាប្រវត្តិសាស្ត្រ កម្ពុជាដណ្តើមបានមេដាយសរុប ៤១ គ្រឿង៕