ការជ្រើសរើសប្រទេសកម្ពុជា និងប្រាសាទតាព្រហ្ម ក្នុងតំបន់អង្គរ ខេត្តសៀមរាប ជាទីតាំងថតកម្មវិធីទូរទស្សន៍អន្តរជាតិ «Race Across the World» គឺជាឱកាសដ៏មានតម្លៃសម្រាប់បង្ហាញសម្រស់ធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។

ក្នុងឱកាសរៀបចំការថតកម្មវិធីនៅប្រាសាទតាព្រហ្ម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្ម និងអ្នកចូលរួមក្នុងកម្មវិធី «Race Across the World» ចំនួន ៤២រូប ដឹកនាំដោយ លោក JAVIER LLANOS SANCHEZ ប្រធានក្រុមកម្មវិធី។
ការចុះសំណេះសំណាលនេះ ធ្វើឡើងដើម្បីស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមការងារផលិតកម្មអន្តរជាតិ ដែលបានជ្រើសរើសកម្ពុជាជាទីតាំងថត ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ក្រសួងទេសចរណ៍ចំពោះការផលិតកម្មវិធី និងភាពយន្តអន្តរជាតិនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការជ្រើសរើសកម្ពុជាជាគោលដៅនៃការប្រកួត និងការថតកម្មវិធី «Race Across the World» គឺជាឱកាសដ៏សំខាន់ក្នុងការប្រើប្រាស់វិស័យភាពយន្ត និងកម្មវិធីកម្សាន្តអន្តរជាតិ ជាមធ្យោបាយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធនធានធម្មជាតិ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទស្សនិកជនជុំវិញពិភព
លោក។
ជាពិសេស ការជ្រើសរើសប្រាសាទតាព្រហ្មជាទីតាំងថត គឺជាឱកាសដ៏ល្អក្នុងការបង្ហាញមន្តស្នេហ៍នៃតំបន់អង្គរ ដែលរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់
ត្រកាល។ ការផ្សព្វផ្សាយតាមរយៈកម្មវិធីអន្តរជាតិនេះ ក៏អាចរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជាប្រទេសដែលផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងក្រុមផលិតកម្មអន្តរជាតិ។
«Race Across the World» គឺជាកម្មវិធីប្រកួតប្រជែងបែបផ្សងព្រេង ដែលអ្នកចូលរួមត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសនានា ក្រោមថវិកាកំណត់ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរក្នុងស្រុក។ តាមរយៈការធ្វើដំណើរនេះ អ្នកចូលរួមមានឱកាសស្វែងយល់ និងទទួលបទពិសោធដោយផ្ទាល់ពីជីវភាពរស់នៅរបស់ប្រជាជន វប្បធម៌ ប្រពៃណី និងគោលដៅទេសចរណ៍នានាតាមដងផ្លូវ។
ក្នុងដំណើរប្រកួតនេះ កម្មវិធីបានឆ្លងកាត់ប្រទេសមួយចំនួន រួមមាន ចិន វៀតណាម កម្ពុជា ឡាវ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ហើយគ្រោងនឹងចាក់ផ្សាយនៅប្រទេសអេស្ប៉ាញនាពេលខាងមុខ តាមរយៈស្ថាប័នដែលទទួលបានសិទ្ធិផលិត និងចាក់ផ្សាយកម្មវិធី។

កម្មវិធី «Race Across the World» ក៏ជាកម្មវិធីទូរទស្សន៍អន្តរជាតិដ៏ល្បីល្បាញ និងជាម្ចាស់ពានរង្វាន់ BAFTA ដែលតាមដានដំណើរផ្សងព្រេង និងការប្រកួតប្រជែងរបស់អ្នកចូលរួមជាគូៗ ទាំងប្រជាជនទូទៅ និងបុគ្គលល្បីៗ ក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើន។ នៅចក្រភពអង់គ្លេស កម្មវិធីនេះត្រូវបានចាក់ផ្សាយតាម BBC និងទាក់ទាញអ្នកទស្សនាប្រមាណ ៧លាននាក់ ដល់ជិត ៨លាននាក់ក្នុងមួយភាគ ដែលធ្វើឱ្យវាក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានអ្នកទស្សនាច្រើននៅម៉ោងមាស។ កម្មវិធីនេះក៏ទទួលបានការទស្សនាតាមអនឡាញរាប់លានដងនៅលើ BBC iPlayer និងជាប់ក្នុងចំណោមកម្មវិធីដែលមានប្រជាប្រិយភាពខ្ពស់នៅលើវេទិកានេះផងដែរ។
តាមរយៈការចូលរួមរបស់កម្ពុជា ក្នុងកម្មវិធីដែលមានអ្នកទស្សនារាប់លាននាក់នេះ សម្រស់នៃប្រាសាទតាព្រហ្ម តំបន់អង្គរ វប្បធម៌ ប្រពៃណី និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា នឹងមានឱកាសត្រូវបានបង្ហាញទៅកាន់ទស្សនិកជនអន្តរជាតិ ដែលអាចជួយបង្កើនការយល់ដឹង និងចំណាប់អារម្មណ៍លើកម្ពុជាជាគោលដៅទេសចរណ៍ និងជាទីតាំងដ៏មានសក្តានុពលសម្រាប់ផលិតកម្មអន្តរជាតិ៕
ប្រភព៖ ក្រសួងទេសចរណ៍