ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

លោកស្រី រស់ យ៉ាណា៖ វិញ្ញាបនបត្រមិនមែនជាទីបញ្ចប់នៃការសិក្សា ប៉ុន្តែជាការចាប់ផ្តើមមាគ៌ាថ្មី

បានផ្សាយចេញ | ២៤ សីហា ២០២៦ 134

លោកស្រី រស់ យ៉ាណា៖ វិញ្ញាបនបត្រមិនមែនជាទីបញ្ចប់នៃការសិក្សា ប៉ុន្តែជាការចាប់ផ្តើមមាគ៌ាថ្មី

លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានលើកឡើងថា វិញ្ញាបនបត្រដែលសិស្សានុសិស្សទទួលបាន គឺជាសមិទ្ធផលដ៏មានតម្លៃនៃការខិតខំប្រឹងប្រែង ប៉ុន្តែមិនមែនជាទីបញ្ចប់នៃការសិក្សានោះទេ។ លោកស្រីបានលើកទឹកចិត្តឱ្យសិស្សបន្តស្វែងរកចំណេះដឹង អភិវឌ្ឍសមត្ថភាព បណ្តុះគុណធម៌ និងត្រៀមខ្លួនក្លាយជាពលរដ្ឋដ៏ប្រសើរ ដើម្បីបន្តដំណើរ ទៅកាន់មាគ៌ាថ្មីក្នុងជីវិត។



លោកស្រី រស់ យ៉ាណា មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រលើកទី៥០ ជូនសិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
លោកស្រីបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សាកន្លងមក AIS បានបន្តពង្រឹងគុណភាពអប់រំលើគ្រប់ផ្នែក តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សា ការអភិវឌ្ឍសមត្ថភាព និងបទពិសោធសិក្សាចម្រុះ ដើម្បីអភិវឌ្ឍសិស្សឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាពស្របតាមតម្រូវការនៃសតវត្សរ៍ទី២១។


ជាមួយគ្នានេះ សិស្សានុសិស្ស AIS បានបង្ហាញសមត្ថភាព និងទទួលបានសមិទ្ធផលជាច្រើន តាមរយៈការសិក្សា ការប្រកួតប្រជែង និងការចូលរួមនៅតាមវេទិកាផ្សេងៗ ទាំងក្នុងប្រទេស និងអន្តរជាតិ។ សមិទ្ធផលទាំងនេះ មិនត្រឹមតែបង្ហាញពីការខិតខំប្រឹងប្រែងរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីគុណភាព និងសមត្ថភាពរបស់យុវជនកម្ពុជាផងដែរ។

លោកស្រីបានបន្ថែមថា AIS តែងផ្តល់ឱកាសឱ្យសិស្សតំណាងឱ្យសាលា និងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពនៅលើឆាកជាតិ និងអន្តរជាតិ។ សម្រាប់សិស្សដែលកំពុងរង់ចាំលទ្ធផលប្រឡងថ្នាក់ទី១២ លោកស្រីបានផ្តល់ការលើកទឹកចិត្តថា លទ្ធផលប្រឡងគឺជាការវាស់ស្ទង់សមត្ថភាពនៅដំណាក់កាលមួយ ប៉ុន្តែមិនមែនជាការកំណត់អនាគតរបស់សិស្សទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ វាគឺជាចំណុចចាប់ផ្តើមសម្រាប់មាគ៌ាថ្មីមួយទៀត។

លោកស្រី រស់ យ៉ាណា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការវិនិយោគលើការអប់រំ ដោយចាត់ទុកថាការវិនិយោគលើការអប់រំរបស់កូនៗ នៅថ្ងៃនេះ គឺជាការកសាងអនាគតដ៏រឹងមាំសម្រាប់ពួកគេ ក៏ដូចជាសម្រាប់សង្គម និងប្រទេសជាតិ។


លោកស្រីបានបញ្ជាក់ថា AIS មិនផ្តោតតែលើលទ្ធផលសិក្សាប្រចាំឆ្នាំ ឬការបញ្ចប់ថ្នាក់នីមួយៗប៉ុណ្ណោះទេ ប៉ុន្តែបានរៀបចំផែនការអប់រំយ៉ាងច្បាស់លាស់ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២ ដោយគ្រប់ដំណាក់កាលនៃការសិក្សាមានគោលដៅច្បាស់លាស់លើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។
ទន្ទឹមនឹងនេះ លោកស្រីបានឱ្យដឹងថា ទោះបីលទ្ធផលប្រឡងថ្នាក់ទី១២ ឆ្នាំនេះមិនទាន់ចេញជាផ្លូវការក៏ដោយ សិស្សមួយចំនួនរបស់ AIS បានទទួលការទទួលស្គាល់ និងមានឱកាសចូលរៀននៅតាមសាកលវិទ្យាល័យដៃគូរួចហើយ។ សិស្សមួយចំនួនក៏នឹងចាប់ផ្តើមដំណើរទៅសិក្សានៅបរទេសក្នុងពេលដ៏ខ្លីខាងមុខនេះ តាមប្រទេស និងសាកលវិទ្យាល័យដែលពួកគេបានជ្រើសរើស។



ជាមួយគ្នានេះ លោកស្រីបានលើកឡើងពីតួនាទីរបស់ SOGO ក្នុងការផ្តល់សេវាប្រឹក្សាផ្នែកសិក្សានៅក្រៅប្រទេស និងជួយណែនាំសិស្ស និងអ្នកអាណាព្យាបាលក្នុងការជ្រើសរើសសាកលវិទ្យាល័យ និងដៃគូសិក្សាដែលសមស្រប។ សម្រាប់សិស្សដែលមានបំណងបន្តការសិក្សានៅបរទេស និងកំពុងដាក់ពាក្យសុំអាហារូបករណ៍ទៅកាន់សាកលវិទ្យាល័យដៃគូ អាហារូបករណ៍អាចមានរហូតដល់ ១០០ភាគរយ ដោយផ្អែកលើសមត្ថភាព និងលក្ខខណ្ឌរបស់សិស្សម្នាក់ៗ។

លោកស្រី រស់ យ៉ាណា បានសម្តែងក្តីសង្ឃឹមថា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល នឹងមិនស្ទាក់ស្ទើរក្នុងការជ្រើសរើសសាកលវិទ្យាល័យ និងទិសដៅសិក្សាបន្ត ដោយមានអ្នកជំនាញជួយផ្តល់ការប្រឹក្សា និងការណែនាំសមស្រប។ លោកស្រីបានបញ្ជាក់ថា ការទទួលបានព័ត៌មាន និងការណែនាំត្រឹមត្រូវ នឹងជួយឱ្យសិស្សអាចសម្រេចចិត្តបានកាន់តែច្បាស់ និងមានទំនុកចិត្តក្នុងការជ្រើសរើសទិសដៅសិក្សាដែលសមស្របនឹងសមត្ថភាព និងគោលបំណងរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Promo.jpg

តើប្អូនៗសិស្សានុសិស្សបានត្រៀមខ្លួនរួចហើយ ឬនៅ? ជិតដល់ថ្ង...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Super Dozii.jpg

សិស្សថ្នាក់ទី៣ ចុះកម្មសិក្សានៅកន្លែងកម្សាន្ត Super Dooz...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/photo_2025-09-10_13-47-10.jpg

សិស្សានុសិស្ស  AIS ចូលរួមឈ្វេងយល់ពីជីវភាពប្រជាពលរដ្ឋរស់...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/AI Teacher.jpg

គ្រូបង្រៀន សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើនជំនាញ AI...