នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទាំង១២ទីតាំង បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ជាផ្លូវការ ក្នុងបរិយាកាសសប្បាយរីករាយ ដោយមានការជួបជុំរបស់សិស្សានុសិស្ស និងការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូ អ្នកគ្រូ ដើម្បីចាប់ផ្តើមដំណើរនៃការសិក្សាឆ្នាំថ្មី ប្រកបដោយភាពស្វាហាប់ និងក្តីរំភើប។
ចាប់ពីពេលដែលសិស្សានុសិស្សឈានជើងចូលក្នុងបរិវេណសាលា ជាមួយនឹងក្តីរំភើប ដោយសិស្សចាស់រីករាយជួបជុំមិត្តភក្តិ ខណៈសិស្សថ្មីបានចាប់ផ្តើមស្គាល់មិត្តរួមថ្នាក់ និងគ្រូបង្រៀនរបស់ខ្លួន។ ស្នាមញញឹម ការសួរសុខទុក្ខ និងការចែករំលែកអនុស្សាវរីយ៍ពីវិស្សមកាល បានធ្វើឱ្យថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មីកាន់តែមានភាពកក់ក្តៅ និងរស់រវើក។
ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក សាលារៀន អន្តរទ្វីប អាមេរកាំង (AIS) បានត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីស្វាគមន៍សិស្សានុសិស្ស និងជួយឱ្យពួកគេចាប់ផ្តើមឆ្នាំសិក្សាថ្មីប្រកបដោយទំនុកចិត្ត។ សកម្មភាពស្វាគមន៍ និងបរិយាកាសរីករាយនៅតាមសាខានីមួយៗ បានបង្កើតជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់សិស្សានុសិស្សនៅថ្ងៃដំបូងនៃការចូលរៀន។
ការបើកបវេសនកាលឆ្នាំសិក្សាថ្មី មិនមែនគ្រាន់តែជាការចាប់ផ្តើមការរៀនក្នុងថ្នាក់រៀនឡើងវិញនោះទេ ប៉ុន្តែជាឱកាសសម្រាប់សិស្សានុសិស្សចាប់ផ្តើមគោលដៅថ្មី បង្កើតមិត្តភាពថ្មី និងត្រៀមខ្លួនសម្រាប់បទពិសោធសិក្សាថ្មីៗ។ បរិយាកាសសប្បាយរីករាយនៅថ្ងៃដំបូង ក៏ជាកម្លាំងចិត្តមួយដែលជួយឱ្យសិស្សមានអារម្មណ៍ថា សាលារៀន គឺជាកន្លែងដែលពួកគេអាចរៀន ឈ្វេងយល់ និងរីកចម្រើនជាមួយមិត្តភក្តិ និងគ្រូបង្រៀន។
សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ AIS ក៏បានត្រៀមកម្មវិធីសិក្សា និងសកម្មភាពអប់រំជាច្រើន ដើម្បី
ផ្តល់បទពិសោធសិក្សាដែលកាន់តែសម្បូរបែប និងឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្សក្នុងសម័យបច្ចេកវិទ្យា។ ការសិក្សាត្រូវបានផ្តោតលើការពង្រឹងចំណេះដឹង ជំនាញ ការគិតវិភាគ ការច្នៃប្រឌិត ការសហការជាក្រុម និងការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។
ពីស្នាមញញឹមនៅច្រកចូលសាលា រហូតដល់ភាពសកម្មនៅក្នុងថ្នាក់រៀន ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ បានបង្ហាញពីការចាប់ផ្តើមដ៏ស្រស់ស្រាយ និងពោរពេញដោយថាមពលវិជ្ជមាន។ វាជាការចាប់ផ្តើមដំណើរថ្មីមួយ ដែលសិស្សានុសិស្សអាចបន្តដំណើរ នៃការរៀនសូត្រ បង្កើតបទពិសោធថ្មីៗ និងរីកចម្រើនទៅមុខជាមួយ AIS៕






