ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គ្រូជំនួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារសម្របខ្លួនជាមួយបរិយាកាសសិក្សា

បានផ្សាយចេញ | ០២ វិច្ឆិកា ២០២៦ 123

គ្រូជំនួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារសម្របខ្លួនជាមួយបរិយាកាសសិក្សា

ការចាប់ផ្តើមចូលរៀននៅក្នុងបរិយាកាសថ្មីអាចជាបទពិសោធដ៏លំបាកមួយសម្រាប់កុមារតូចៗ ជាពិសេសការបែកពីមាតាបិតា ការស្គាល់មិត្តភក្តិថ្មី និងការសម្របខ្លួនទៅនឹងទម្លាប់នៅសាលារៀន។ ក្នុងដំណាក់កាលនេះ គ្រូជំនួយមានតួនាទីសំខាន់ក្នុងការផ្តល់ភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការណែនាំ ដើម្បីជួយកុមារមានទំនុកចិត្ត និងចូលរួមក្នុងសកម្មភាពសិក្សាបានកាន់តែល្អ។
អ្នកគ្រូ កាំង សុភី គ្រូជំនួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានចែករំលែកថា កុមារក្នុងដំណាក់កាលដំបូងនៃការចូលរៀនតែងជួបការលំបាកមួយចំនួន ដូចជា ការនឹកឪពុកម្តាយ និងមានអារម្មណ៍ភ័យខ្លាចពេលបែកពីគ្រួសារ ការមិនទាន់ស៊ាំនឹងបរិយាកាស និងទម្លាប់ថ្មីៗនៅសាលារៀន ព្រមទាំងការខ្មាស់អៀន មិនហ៊ានប្រាស្រ័យទាក់ទងជាមួយគ្រូ និងមិត្តភក្តិ។ កុមារខ្លះក៏ពិបាកគ្រប់គ្រងអារម្មណ៍ និងប្រាប់ពីតម្រូវការរបស់ខ្លួនផងដែរ។



ដើម្បីជួយកុមារឱ្យមានអារម្មណ៍កក់ក្តៅ និងសម្របខ្លួនបានល្អ អ្នកគ្រូ កាំង សុភី តែងបង្កើតបរិយាកាសថ្នាក់រៀនប្រកបដោយភាពស្និទ្ធស្នាល តាមរយៈការនិយាយដោយសំឡេងទន់ភ្លន់ ការញញឹម និងការបង្ហាញក្តីស្រឡាញ់ចំពោះកុមារ។ ជាមួយគ្នានេះ គ្រូជំនួយក៏ប្រើប្រាស់ការលេង ការច្រៀង និងការរាំជាមធ្យោបាយទាក់ទាញចំណាប់អារម្មណ៍ ព្រមទាំងណែនាំកុមារឱ្យស្គាល់សកម្មភាពប្រចាំថ្ងៃនៅក្នុងថ្នាក់រៀនជាមុន ដើម្បីកាត់បន្ថយភាពភ័យខ្លាច និងបង្កើនទំនុកចិត្ត។

ក្រៅពីការជួយសម្របខ្លួន គ្រូជំនួយក៏មានតួនាទីជំរុញឱ្យកុមារចេះចូលរួម និងរៀនសូត្រជាមួយមិត្តភក្តិ តាមរយៈការរៀបចំល្បែងជាក្រុម សកម្មភាពរួមគ្នា និងការធ្វើកិច្ចការជាដៃគូ។ វិធីសាស្ត្រទាំងនេះជួយឱ្យកុមារចេះប្រាស្រ័យទាក់ទង ចេះស្តាប់ ចេះចែករំលែក និងជួយគ្នាទៅវិញទៅមក។ អ្នកគ្រូក៏ផ្តល់ការលើកទឹកចិត្ត និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កុមារម្នាក់ៗ ដើម្បីឱ្យពួកគេមានភាពក្លាហាន និងហ៊ានចូលរួមកាន់តែច្រើន។


ទន្ទឹមនឹងតួនាទីរបស់គ្រូ មាតាបិតាក៏អាចជួយកូនឱ្យត្រៀមខ្លួនបានល្អតាមរយៈការនិយាយពីសាលារៀនក្នុងន័យវិជ្ជមាន បណ្តុះទម្លាប់ឯករាជ្យនៅផ្ទះ ដូចជាការញ៉ាំអាហារដោយខ្លួនឯង និងការប្រាប់ពីតម្រូវការផ្ទាល់ខ្លួន ព្រមទាំងបណ្តុះទម្លាប់ឱ្យកូនអាចនៅឆ្ងាយពីមាតាបិតាមួយរយៈ។ ជាពិសេស មាតាបិតាគួររក្សាការប្រាស្រ័យទាក់ទងជាមួយគ្រូបង្រៀន ដោយចែករំលែកពីចំណូលចិត្ត និងតម្រូវការរបស់កូន ព្រមទាំងតាមដានការវិវត្តរបស់កូនជាប្រចាំ។

តាមរយៈការយកចិត្តទុកដាក់ និងកិច្ចសហការរវាងគ្រូជំនួយ គ្រូបង្រៀន និងមាតាបិតា កុមារនឹងទទួលបានការគាំទ្រសមស្របក្នុងការសម្របខ្លួនជាមួយបរិយាកាសសិក្សា បង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងមានទំនុកចិត្តក្នុងការរៀនសូត្រនៅសាលារៀន៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/November/Phisical.jpg

សិស្សថ្នាក់ទី១០ ឈ្វេងយល់ពីអត្ថិភាពនៃសម្ពាធបរិយាកាស តាមរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Mr Kong Heng.jpg

«មោទនភាព AIS! លោកគ្រូ ស៊ុំ គង់ហេង ដណ្តើមមេដាយ ៤ ពីជើងឯក...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Photo2.jpg

សិស្ស AIS ១១៧០នាក់ ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Plant22.jpg

ពីថ្នាក់រៀនទៅសួនដំណាំ៖ សិស្សថ្នាក់ទី៥ក រៀនបំណិនជីវិតតាម...