សិស្សានុសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានចូលរួមសកម្មភាពពិសោធន៍មុខវិជ្ជារូបវិទ្យា ស្តីពី «អត្ថិភាពនៃសម្ពាធបរិយាកាស» ឈ្វេងស្វែងយល់ពីសម្ពាធបរិយាកាសដែលមាននៅជុំវិញខ្លួន និងឥទ្ធិពលរបស់វាទៅលើអង្គធាតុផ្សេងៗ។ សកម្មភាពនេះដឹកនាំដោយអ្នកគ្រូ ផេង រចនា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
អ្នកគ្រូ ផេង រចនា បានឱ្យដឹងថា ការពិសោធនេះមានគោលបំណងជួយឱ្យសិស្សយល់ដឹងពីអត្ថិភាពនៃសម្ពាធបរិយាកាសខាងក្រៅ ដែលមាននៅជុំវិញខ្លួនយើង តាមរយៈការសង្កេត និងអនុវត្តជាក់ស្តែង។ តាមរយៈសកម្មភាពនេះ សិស្សអាចយល់ពីឥទ្ធិពលនៃសម្ពាធបរិយាកាសទៅលើអង្គធាតុដែលស្ថិតនៅក្នុងបរិយាកាស។

អ្នកគ្រូបានបន្ថែមថា ការរៀនតាមរយៈការពិសោធជួយឱ្យសិស្សយល់មេរៀនកាន់តែច្បាស់ និងអាចយកចំណេះដឹងទៅផ្សារភ្ជាប់ជាមួយនឹងបាតុភូតដែលបានជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ វិធីសិក្សានេះក៏ជួយឱ្យសិស្សមិនត្រឹមតែយល់ពីទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចសង្កេត និងឈ្វេងយល់ពីបាតុភូតវិទ្យាសាស្ត្រតាមរយៈការអនុវត្តផ្ទាល់ផងដែរ។
ជាមួយគ្នានេះ អ្នកគ្រូចង់ឱ្យសិស្សយល់ច្បាស់ថា មនុស្សគ្រប់រូបកំពុងស្ថិតនៅក្រោមឥទ្ធិពលនៃសម្ពាធបរិយាកាសជានិច្ច ប៉ុន្តែយើងមិនមានអារម្មណ៍ថារងសម្ពាធនេះទេ ព្រោះសម្ពាធខាងក្នុងរាងកាយមានតុល្យភាពជាមួយនឹងសម្ពាធបរិយាកាសខាងក្រៅ។

តាមរយៈការរៀន និងពិសោធន៍ជាក់ស្តែង សិស្សានុសិស្សអាចបង្កើនការយល់ដឹងផ្នែកវិទ្យាសាស្ត្រ ព្រមទាំងចេះភ្ជាប់ចំណេះដឹងក្នុងថ្នាក់ទៅនឹងបាតុភូតដែលកើតមានក្នុងជីវិតប្រចាំថ្ងៃ៕