ដំណើរទស្សនកិច្ចសិក្សាដើម្បីសប្បុរសធម៌លើកទី៣ នៃក្រុមប្រឹក្សាសិស្ស ទៅកាន់សាលាបឋមសិក្សាអូរតូច ខេត្តកំពត

បានផ្សាយចេញ | ២៥ កញ្ញា ២០២៤

ដំណើរទស្សនកិច្ចសិក្សាដើម្បីសប្បុរសធម៌លើកទី៣ នៃក្រុមប្រឹក្សាសិស្ស ទៅកាន់សាលាបឋមសិក្សាអូរតូច ខេត្តកំពត

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីទស្សនកិច្ចដើម្បីសប្បុរសធម៌ ដោយមានការសហការឧបត្ថម្តដោយសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំយកអំណោយសប្បុរធម៌ ទៅជូនដល់សាលាបឋមសិក្សាអូរតូច នៅក្នុងខេត្តកំពត។

កម្មវិធីនេះមានការសម្របសម្រួលដោយក្រុមការងារមូលនិធី ម៉េងលី ជេ. គួច និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សដែលជាសមាជិកនៃក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើនរូបទៀត។

លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តំណាងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា អំណោយសម្បុរសធម៌ ដែលនាំយកទៅចែកជូនដល់សាលាបឋមសិក្សាអូរតូចនេះ គឺទទួលបានមកពីក្រុមប្រឹក្សាសិស្សតាមរយៈកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ ដែលប្អូនៗបានរៀបចំដើម្បីរៃអង្គាសប្រមូល និងសន្សំថវិកា ដើម្បីការរៀបចំកម្មវិធីទស្សនកិច្ចដើម្បីស្បុរសធម៌នេះ ដោយរួមមានដូចជា សម្ភារសិក្សារៀនសូត្រ ដល់សិស្សានុសិស្ស សម្ភារៈការិយាល័យដល់លោកគ្រូ អ្នកគ្រូ ក្តារខៀន និងថវិកាចំនួន២,០០០,០០០រៀល សម្រាប់ការជួសជុលសាលា និងការរៀបចំផ្សេងៗតាមតម្រូវការ។

លោកស្រី ឯក លក្ខណា នាយិកានៃសាលាបឋមសិក្សាអូរតូច បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអំណោយសប្បុរសធ៌ ដែលផ្តល់ជូនដល់សាលាបឋមសិក្សាអូរតូច។ អំណោយទាំងអស់នេះ ពិតជាជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងការខ្វះខាតនៃសម្ភារៈដែលជាជំនួយដល់ការរៀនរបស់សិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។

គួរបញ្ជាក់ផងដែរថា អំណោយស្បុរសធម៌នេះ គឺចែកជូនដល់សិស្សានុសិស្សចំនួន ៣១៤ នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១១ នាក់ នៃសាលារៀនបឋមសិក្សាអូរតូច ហើយនេះជាកម្មវិធីទស្សនកិច្ចដើម្បីសប្បុរសធម៌លើកទី៣ របស់ក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ។