ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គន្លឹះ៥ចំណុចជួយលើកកម្ពស់សុខុមាលភាពការងារពង្រឹងគុណភាពជីវិត

បានផ្សាយចេញ | ២៧ វិច្ឆិកា ២០២៤ 636

គន្លឹះ៥ចំណុចជួយលើកកម្ពស់សុខុមាលភាពការងារពង្រឹងគុណភាពជីវិត

អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ

ក្រោមប្រធានបទ “គន្លឹះ៥ចំណុចជួយលើកកម្ពស់សុខុមាលភាពការងារពង្រឹងគុណភាពជីវិត”

អត្ថបទដកស្រង់ដោយ : សោម ចាន់ណា

#MJQE#AmericanInterconSchool

 

និយាយពីសុខុមាលភាពការងារ ឬភាសាអង់គ្លេសថា Occupational well-being អាចជារឿងថ្មីមួយ សម្រាប់ប្រជាជន ដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែបើនិយាយថា ធ្វើការងារមួយដែលមនុស្សពេញចិត្ត ឬធ្វើការងារដែលខ្លួនស្រឡាញ់ នោះទំនងជាប្រជាជនភាគច្រើន ងាយស្រួលយល់ន័យជាង ពាក្យសុខុមាលភាពការងារ។ កាលបើនិយាយពីសុខុមាលភាពការងារនេះ ប្រជាជនដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តែងតែប្រាថ្នាចង់បាន ព្រមទាំងរកទ្រឹស្តី និងគន្លឹះអនុវត្តការងាររបស់ខ្លួន ឱ្យប្រសើរឡើងជាបន្តបន្ទាប់។ ខាងក្រោមនេះគឺជាគោលការណ៍គន្លឹះទាំង៥ ដើម្បីលើកកម្ពស់សុខុមាលភាពការងារ ឱ្យកាន់តែប្រសើរ ដែលបានស្រាវជ្រាវដោយអ្នកជំនាញសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Cornell នៃសហរដ្ឋអាមេរិក អំពីសុខុមាលភាពជីវិត (well-being)៖

១. ចាប់យកជំនាញ ឬអាជីពដែលខ្លួនពេញចិត្ត :

ការពេញចិត្តនឹងការងារ គឺជួយឱ្យមនុស្សមានទឹកចិត្តក្នុងការធ្វើការងារដោយគ្មានភាពនឿយហត់ ឬមិនងាយបោះបង់ការងារដោយងាយៗនោះឡើយ។ ការចាប់យកជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនច្បាស់លាស់ ជួយឱ្យមនុស្សមានភាពប៉ិនប្រសប់ក្នុងការងារ និងធ្វើការដោយជំនាញ (professional work) ។ អត្រានៃការផ្លាស់ប្តូរអាជីពការងារមានតិចតួចបំផុត សម្រាប់អ្នកមានជំនាញច្បាស់លាស់ ដោយសារអ្នកមានជំនាញ អាចផ្លាស់ប្តូរទីកន្លែងធ្វើការបាន ប៉ុន្តែមិនងាយផ្លាស់ប្តូរជំនាញរបស់ខ្លួននោះទេ។ ភាពច្បាស់លាស់លើគន្លងអាជីពតាមក្តីស្រមៃផ្ទាល់ខ្លួននេះ ជំរុញឱ្យប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ពង្រឹងគោលនយោបាយអប់រំដោយលើកទឹកចិត្តឱ្យយុវជន ចាប់យកជំនាញ (skills) និងឱ្យតម្លៃខ្ពស់ ដល់អ្នកទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

២. ការងារជួយឱ្យមនុស្សមានគោលដៅច្បាស់លាស់ :

មិនថាគោលដៅនោះ ស្ថិតនៅក្នុងរយៈពេលវែង ឬពេលខ្លីនោះទេ ប្រសិនបើមនុស្សមានគោលដៅការងារច្បាស់លាស់ ភាពហត់នឿយពីការងារ នឹងមិនមានឥទ្ធិពលលើដំណើរជីវិតឡើយ។ សុខុមាលភាពការងារ ចេញពីគោលដៅការងារនេះ ដោយជំរុញឱ្យមនុស្សមានចំណង់ការងារកាន់តែខ្លាំង ព្រមទាំងអភិវឌ្ឍន៍ការងារឱ្យកាន់តែប្រសើរជាប្រចាំ។ មនុស្សមានប្រសិទ្ធភាពការងារ រមែងកើតពីរបៀបធ្វើការងារដោយភាពវិជ្ជមាន ។

៣. មើលឃើញឱកាសអភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ :

នៅពេលមនុស្សពេញចិត្តនឹងការងារ នោះមនុស្ស នឹងអភិវឌ្ឍន៍ការងារឱ្យកាន់តែប្រសើរឡើងជានិច្ច ។ ការចែករំលែកចំណេះដឹងដល់ក្រុមការងារ ជាវិធីសាស្ត្រដ៏ល្អមួយ ជួយឱ្យមនុស្សមានកម្លាំងចិត្តតាមរយៈការទទួលស្គាល់សមត្ថភាពការងារ ។ ទន្ទឹមគ្នានេះ ការទទួលយកចំណេះដឹងថ្មីៗពីក្រុមការងារ ក៏ជាគន្លឹះអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនដ៏ប្រសើរផងដែរ។ ក្រៅពីឱកាសអភិវឌ្ឍន៍សមត្ថភាពនៅក្នុងស្ថាប័ន ការអភិវឌ្ឍសមត្ថភាពតាមរយៈការបណ្តុះបណ្តាលជំនាញ ឬការបណ្តុះបណ្តាលនៅខាងក្រៅ ក៏ជួយឱ្យមនុស្សមានអារម្មណ៍កក់ក្តៅ និងផ្តោតអារម្មណ៍ខ្ពស់ លើការងារផងដែរ។

៤. បរិស្ថានការងារប្រកបដោយសុវត្ថិភាព :

បច្ចុប្បន្ន បរិស្ថានកន្លែងធ្វើការ កំពុងជះឥទ្ធិពលខ្លាំង ដល់ប្រសិទ្ធភាពការងារ។ គ្មាននរណាម្នាក់ ប្រាថ្នាចង់ធ្វើការងារក្នុងបរិយាកាសស្មុគស្មាញនោះទេ ដូច្នេះហើយ ទីតាំងការងារទំនើប តែងមានលំហទូលាយ មានរុក្ខជាតិតាំងលម្អ មានកន្លែងសម្រាក និងមានកន្លែងទទួលទានអាហារប្រកបដោយផាសុកភាព។ សុវត្ថិភាពការងារ រាប់បញ្ចូលទាំងសុវត្ថិភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។

៥. ភ្ជាប់បណ្តាញការងារទូលំទូលាយ :

តាមរយៈកេរ្តិ៍ឈ្មោះដែលសាងសមិទ្ធផលនៅក្នុងស្ថាប័នការងារ នោះនឹងផ្តល់ឱកាសកាន់តែទូលាយឱ្យមនុស្សពេញចិត្តនឹងការងារកាន់តែខ្លាំង។ ជាក់ស្តែង នៅក្នុងស្ថាប័នការងារ បុគ្គលិក តែងបង្ហាញវត្តមានខ្លួនទៅកាន់ស្ថាប័នដទៃតាមរយៈតួនាទី ឬការងារនៅស្ថាប័នរបស់ខ្លួន។ គេអាចស្គាល់ច្បាស់ពីសមត្ថភាពមនុស្សម្នាក់ចេញពីក្រុមហ៊ុនមួយ លឿនរហ័សជាងស្គាល់បុគ្គល ហើយបុគ្គលធ្វើការងារកាន់តែមានគុណភាព ចំណង់ទាក់ទងជាមួយមនុស្ស ក្រុមការងារ និងមិត្តភក្តិ នឹងមានកាន់តែច្រើន។ ពេលនោះ មនុស្សស្គាល់បណ្តាញរបស់ខ្លួន កាន់តែច្បាស់ ឱ្យតម្លៃខ្ពស់ដល់ការងាររបស់ខ្លួន ព្រមទាំងមានមោទនភាពចំពោះក្រុមការងារ និងកន្លែងធ្វើការរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា សុខុមាលភាពការងារ (Occupational well-being) កើតឡើងដោយសារការប្រើប្រាស់ចំណេះដឹង ជំនាញ សមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន គួបផ្សំនឹងឱកាសផ្សេងៗ។ សុខុមាលភាពការងារ ជះឥទ្ធិពលដល់ទំនាក់ទំនងមិត្តភក្តិ និងក្រុមគ្រួសារ ហើយទំនាក់ទំនងនេះ មានឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារផងដែរ។ ការបង្កើនសុខុមាលភាពការងារ ជាចំណែកមួយនៃការបង្កើនគុណភាពសុខុមាលភាពជីវិត (well-being) ដែលមនុស្សម្នាក់ៗ អាចកសាងបានតាមរយៈសកម្មភាពវិជ្ជមានប្រចាំថ្ងៃ៕

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://education.ams.com.kh/life-education/news/five-principles-to-improve-work-well-being-improve-quality-of-life

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Phi Pharin.jpg

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Tep Monorom (1).jpg

វិធីធម្មជាតិដ៏ល្អសម្រាប់ជួយអ្នកជំងឺផ្លូវចិត្ត

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Manet111.jpg

Artificial Intelligence (AI) និងឥទ្ធិពលរបស់វាលើការអប់រំ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Pov Peakdey1.jpg

វិធីសាស្រ្តជួយកុមារដើម្បីបំបាត់បញ្ហាស្រ្តេស