មុខរបរ៥យ៉ាង សម្រាប់ស្រ្តីមានវ័យលើសពី៥០ឆ្នាំគួរធ្វើ ដើម្បីបង្កើនចំណូលបន្ថែម

បានផ្សាយចេញ | ១៨ ធ្នូ ២០២៤

មុខរបរ៥យ៉ាង សម្រាប់ស្រ្តីមានវ័យលើសពី៥០ឆ្នាំគួរធ្វើ ដើម្បីបង្កើនចំណូលបន្ថែម

អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ

ក្រោមប្រធានបទ “មុខរបរ៥យ៉ាង សម្រាប់ស្រ្តីមានវ័យលើសពី៥០ឆ្នាំគួរធ្វើ ដើម្បីបង្កើនចំណូលបន្ថែម”

អត្ថបទដកស្រង់ដោយ : ប៉ែន វីរៈ

#MJQE#AmericanInterconSchool

 

នៅពេលដែលយើងគ្រប់គ្នាមានវ័យកាន់តែច្រើន ភាគច្រើន យើងអស់ចំណង់ធ្វើការឱ្យគេទៀតហើយ ព្រោះមនុស្សដែលអាយុច្រើន ពួកគាត់ច្រើនតែនៅផ្ទះរកស៊ីខ្លួនឯង ឬលក់អីវ៉ាន់តាមអនឡាញ ដើម្បីរកចំណូលបន្ថែមទៀតផងដែរ។ ហើយខាងក្រោមនេះ ជារបរ៥យ៉ាង ដែលស្រ្តីវ័យលើសពី៥០ឆ្នាំ អាចធ្វើបាន បើចង់បានចំណូលបន្ថែមទៀត៖

១. ធ្វើជាគ្រូហាត់ប្រាណ :

ប្រសិនជាលោក លោកស្រី ចង់ក្លាយជាគ្រូបង្វឹកផ្នែកហាត់ប្រាណម្នាក់ មិនមែនទាល់តែយើងនៅក្មេងខ្ចី ក្លាយជាស្រីស្អាត សាច់ស ទើបអាចក្លាយជាគ្រូហាត់ប្រាណបានទេ សំខាន់ ឱ្យតែយើងចេះថែសុខភាពឱ្យបានល្អ ហូបតែរបស់ជំនួយដល់សុខភាព ទោះយើងមានអាយុច្រើន តែសម្រស់ក៏ស្អាតមិនចាញ់ក្មេងដែរ។ ដូច្នេះហើយ គ្រប់ស្រ្តីទាំងអស់ដែលមានចិត្តស្រលាញ់សុខភាពពិត ហើយចង់ក្លាយជាគ្រូបង្វឹកហាត់ប្រាណ លោកអ្នក ត្រូវតែចំណាយពេលចាប់ជំនាញនេះឱ្យបានច្បាស់លាស់ ជាពិសេស គឺត្រូវច្បាស់ជាមួយរបៀបហាត់ប្រាណសម្រកគីឡូ និងវិធីសាស្រ្តក្នុងការហាត់យកសាច់ដុំ ហើយលោកអ្នក ក៏ត្រូវតែចេះវិធីសាស្រ្តក្នុងការប្រាប់កូនសិស្សពីរបបអាហារផងដែរ។ នៅពេលយើងច្បាស់នឹងជំនាញនេះ យើងអាចធ្វើជាគ្រូហាត់ប្រាណនៅក្លឹបហាត់ប្រាណ មួយវិញទៀតយើងអាចបើកបង្រៀនហាត់តាមអនឡាញបានបន្ថែមទៀតផង។

២. ផលិតផលធ្វើដោយដៃ ឬកែច្នៃ :

បើនិយាយអំពីផលិតផលធ្វើដោយដៃ ឬជាផលិតផលកែច្នៃនេះដែរ គឺគេនិយមធ្វើលក់ខ្លាំងណាស់នៅលើពិភពលោក គ្រាន់តែនៅបរទេសភាគច្រើនពេលគេធ្វើរួចហើយ គេយកទៅដាក់លក់នៅលើវេបសាយជាដើម។ ចំណែកខ្មែរយើង ក៏អាចធ្វើបានដែរ ដោយបងប្អូនអាចបង្ហោះលក់នៅលើ Tik Tok, Page Facebook ឬ Instagram ជាដើម។ ចំពោះផលិតផលធ្វើដោយដៃនេះដែរ គឺសាកសមខ្លាំងបំផុត សម្រាប់ស្រ្តីដែលមានអាយុលើសពី៥០ឆ្នាំឡើង ដោយសារតែរបរមួយនេះ នៅពេលទំនេរពីការធ្វើការងារផ្ទះ លោកអ្នកអាចឆ្លៀតធ្វើលក់តាមអនឡាញបាន ដោយយើងអាចច្នៃកាបូបលក់ គ្រឿងអលង្ការ បូសក់ និងរបរមួយចំនួនទៀត ប៉ុន្តែបើចង់លក់អនឡាញដាច់ លោកអ្នកត្រូវតែកសាងខ្លួនលើបណ្តាញសង្គមឱ្យមានអ្នកមើលច្រើនជាមុនសិន ជាពិសេសត្រូវធ្វើឱ្យអតិថិជនជឿទុកចិត្ត ទើបអាចរីកចម្រើនទៅមុខបាន។

៣. ជាអ្នកប្រឹក្សា :

បើសិនជាអ្នកធ្លាប់ធ្វើការឱ្យគេ ប្រាកដជាមានបទពិសោធច្រើន និងមានជំនាញមួយពិតប្រាកដបាន ដូច្នេះ នៅពេលយើងចង់ឈប់ធ្វើការឱ្យគេ ហើយចង់ធ្វើការខ្លួនឯង យើងអាចយកបទពិសោធដែលមានទាំងប៉ុន្មាន មកច្នៃជាលុយបាន។ លោកអ្នកអាចចាប់វិស័យជាក់លាក់មួយដូចជា ធ្វើជាអ្នកប្រឹក្សា ឬជាអ្នកបង្វឹកអាជីវកម្មក្រៅម៉ោងបានដូចជា បង្រៀនពីការគ្រប់គ្រងអាជីវកម្ម ហិរញ្ញវត្ថុ សុខភាព ការអប់រំ ឬផ្នែកផ្សេងទៀត ទៅតាមអ្វីដែលអ្នកចេះជំនាញមួយពិតប្រាដក និងមានបទពិសោធច្បាស់លាស់។

៤. អ្នកនិយាយសាធារណៈ :

ស្ត្រីដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គាត់នឹងមានបទពិសោធជីវិតច្រើនណាស់ ដូច្នេះ យើងអាចចែករំលែករឿងរ៉ាវផ្សេងៗតាមរយៈការនិយាយជាសាធារណៈ សិក្ខាសាលា ឬនិយាយតាមអនឡាញ។ ដោយការចាប់ផ្តើមដំបូង យើងអាចនិយាយតាមសិក្ខាសាលាតូចៗ ឬនិយាយលើប្រធានបទដែលអ្នកពេញចិត្ត មិនថាវាជាហិរញ្ញវត្ថុផ្ទាល់ខ្លួន សុខភាព ការអភិវឌ្ឍអាជីព ឬភាពជាអ្នកដឹកនាំនោះទេ។

៥. ជាអ្នកជួយផ្សាយតាមប្រព័ន្ធឌីជីថល :

ប្រសិនបើអ្នកមានជំនាញការជួយផ្សព្វផ្សាយផលិតផលផ្សេងៗលើប្រព័ន្ធឌីជីថលខ្លាំង សូមពិចារណានៅជំនាញមួយនេះ ព្រោះវាអាចជួយទៅដល់អាជីវកម្មខ្នាតតូចជាច្រើន ដែលត្រូវការជំនួយក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ ជាពិសេស គឺជួយផ្សាយផលិតផលតាមអនឡាញ ដើម្បីជួយទៅដល់ការលក់របស់ពួកគាត់។  បើអ្នកមានជំនាញនេះច្បាស់យូរៗទៅ អ្នកអាចពង្រីកសេវាកម្មរបស់អ្នក ឱ្យកាន់តែខ្លាំងបានហើយ នៅពេលយើងរឹងមាំអាចបង្កើតក្រុមតូចមួយ ដែលអាចបម្រើនូវសេវាកម្មមួយនេះ ឬអាចផ្លាស់ប្តូរទៅតួនាទីប្រឹក្សាយោបល់កម្រិតខ្ពស់នៅក្នុងយុទ្ធសាស្ត្រឌីជីថលបានផងដែរ៕