រោគសញ្ញាទាំង១០ បង្ហាញថាយើងកំពុងខ្វះវីតាមីន C

បានផ្សាយចេញ | ០៦ មករា ២០២៥

រោគសញ្ញាទាំង១០ បង្ហាញថាយើងកំពុងខ្វះវីតាមីន C

អត្ថបទព័ត៌មានស្តីពីសុខភាព

ក្រោមប្រធានបទ៖ រោគសញ្ញាទាំង១០ បង្ហាញថាយើងកំពុងខ្វះវីតាមីន C

អត្ថបទដកស្រង់ដោយ : ហេង សុវណ្ណារិទ្ធ

#MJQE#AmericanInterconSchool

 

ជីវិតរស់នៅប្រចាំថ្ងៃ ត្រូវការថាមពល និងសុខភាពល្អ ដើម្បីធ្វើឱ្យរាងកាយស្រស់ស្រាយ ហើយវីតាមីន C ពិតជាសំខាន់ណាស់ សម្រាប់សុខភាព និងដំណើរការរបស់រាងកាយ។ មនុស្សយើង ត្រូវការវីតាមីននេះ នៅកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ ព្រោះវីតាមីន C មិនស្ថិតនៅក្នុងរាងកាយយូរដូចវីតាមីនដទៃទៀតទេ។ ការខ្វះវីតាមីន C អាចបង្កនូវផលវិបាកដល់រាងកាយច្រើនយ៉ាង ហើយអត្ថបទនេះ នឹងបង្ហាញនូវអាការៈទាំង១០ ដែលបង្ហាញថា យើងខ្វះវីតាមីន C ៖

ចំនុចទី១ : អញ្ចាញធ្មេញហើម និងមានឈាម

វីតាមីន C ជាវីតាមីនចាំបាច់សម្រាប់សុខភាពអញ្ចាញធ្មេញ ប៉ុន្តែ ប្រសិនបើយើងមិនទទួលបានវីតាមីននេះគ្រប់គ្រាន់រាល់ថ្ងៃទេ យើងអាចរលាកអញ្ចាញធ្មេញ។ មួយវិញទៀត បើទោះជាយើង ថែទាំអនាម័យមាត់ធ្មេញបានល្អ ប៉ុន្តែអញ្ចាញធ្មេញ នៅតែហើម និងហូរឈាម យើងគួរព្យាយាមញ៉ាំវីតាមីន C បន្ថែម។

ចំនុចទី២ : ស្នាមជាំ និងរបួស ប្រើពេលយូរក្នុងការជាសះស្បើយ

ប្រសិនបើយើងមានស្នាមជាំ អាចបណ្តាលមកពីខ្វះវីតាមីន C។ អាការៈនេះ អាចបង្ការបានដោយញ៉ាំផ្លៃក្រូច និងបន្លែផ្សេងទៀតជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះទៀត បើសង្កេតឃើញថា ស្នាមរបួសដែលក្រនឹងជានេះ ក៏ជាសញ្ញាបង្ហាញថា យើងខ្វះវីតាមីន C ដែរ ដោយសារតែរាងកាយ ត្រូវការវីតាមីន C ដើម្បីផលិត collagen។

ចំណុចទី៣ :  សក់ផុយស្រួយ និងជ្រុះ

អ្នកញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ នឹងមានបញ្ហាសក់ខូច និងជ្រុះ។ ដើម្បីចៀសវាងការចំណាយថរិកាទៅលើផលិតផលថែរក្សាសក់ យើងអាចសាកញ៉ាំអាហារសម្បូរដោយវីតាមីន C មានដូចជា ផ្កាខាត់ណាខៀវ និងផ្លែគីវី ។

 

ចំណុចទី៤ : ឈឺសន្លាក់

អាការៈឈឺសន្លាក់ ជាអាការៈ ដែលមនុស្សយើងជួបញឹកញាប់នៅពេលខ្វះវីតាមីន C ព្រោះវីតាមីននេះ ជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ នៅពេលខ្វះសារធាតុប្រឆាំងអ៊ុកស៊ីតកម្មនេះ បណ្តាលឱ្យមានការរលាក ដែលនាំឱ្យឈឺនៅសន្លាក់។ ការឈឺសន្លាក់នេះ អាចពិបាកក្នុងការគ្រប់គ្រង ដូចនេះ យើងគួរតែបញ្ចូលនូវវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។

ចំណុចទី៥ : ឈឺញឹកញាប់

ប្រសិនបើយើងឆ្លងជំងឺផ្តាសាយ ផ្តាសាយធំ ឬជំងឺឆ្លងផ្សេងៗ នោះមកពីប្រព័ន្ធភាពស៊ាំ មានការចុះខ្សោយ។ វីតាមីន C ជួយជំរុញការផលិតកោសិកាឈាមស ដែលជួយប្រឆាំងនឹងជំងឺឆ្លង និងជំងឺលុកលុយផ្សេងទៀត។ ដូចនេះ បើយើងឈឺមិនឈប់ យើងគួរញ៉ាំវីតាមីន C បន្ថែម ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។

ចំណុចទី៦ : ឡើងទម្ងន់

អ្នកដែលឡើងទម្ងន់ដោយមិនមានការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ នេះអាចមកពីមានបញ្ហាខ្វះវីតាមីន C។ ការសិក្សាបានបង្ហាញពីទំនាក់ទំនងរវាងវីតាមីន C និងការឡើងជាតិខ្លាញ់ខ្ពស់ក្នុងរាងកាយ ជាពិសេសខ្លាញ់នៅត្រង់ពោះ។ វីតាមីន C នេះ អាចជួយក្នុងការដុតនូវជាតិខ្លាញ់បានយ៉ាងមានប្រសិទ្ធភាព។

ចំណុចទី៧ : ងងុយគេង និងហត់

នៅពេលដែលយើងមានអារម្មណ៍ថាហត់ នៅពេលថ្ងៃបន្ទាប់ពីបានគេងគ្រប់គ្រាន់នៅពេលយប់ នេះមកពីយើងញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ដែរ។ ការនឿយហត់ ជារោគសញ្ញាមួយដែលកើតពីកង្វះវីតាមីន C។ អ្នកអាចបញ្ចៀសបញ្ហានេះបានដោយញ៉ាំផ្លែគីវីមួយ ជំនួសកាហ្វេដប់ពែង។

ចំណុចទី៨ : ស្បែកស្ងួត និងស្រអាប់

ដូចបានលើកឡើងខាងលើថា វីតាមីន C សំខាន់សម្រាប់ការផលិត collagen។ នោះមានន័យថា បើយើងញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ ស្បែករបស់យើង នឹងស្រអាប់ និងមានស្នាមជ្រួញ។

ចំណុចទី៩ : ឈាមច្រមុះញឹកញាប់

តាមធម្មតា ឈាមច្រមុះ មិនបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពទេ ប៉ុន្តែ បើយើងជួបបញ្ហានេះញឹកញាប់ អាចមកពីរាងកាយត្រូវការវីតាមីន C។ ច្រមុះ ពោរពេញដោយសរសៃឈាមតូចៗ ហើយវីតាមីន C មានតួនាទីក្នុងការរក្សាកុំឱ្យសរសៃឈាមទាំងនោះ ចុះខ្សោយ ដែលជាហេតុបង្កឱ្យមានការឈាមច្រមុះ។

ចំណុចទី១០ : ក្រចកស្តើង និងខ្សោយ

រាងកាយត្រូវការវីតាមីន C ដើម្បីស្រូបយកជាតិដែក ប៉ុន្តែនៅពេលរាងកាយមានវីតាមីន C មិនគ្រប់គ្រាន់ អាចបង្កឱ្យមានជំងឺសេ្លកស្លាំងដោយសារខ្វះជាតិដែកធ្វើឱ្យក្រចកខ្សោយ និងផុយ។ ក្រោយពីយើងសាកប្រើនូវផលិតផលពង្រឹងក្រចកហើយ នៅតែមិនឃើញលទ្ធផល យើងគួរងាកមកញ៉ាំបន្លែ និងផ្លែឈើស្រស់បន្ថែមវិញ៕

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https:// npn.news/post/sp326786/5631