កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ គណៈកម្មការ និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បាននាំសិស្សានុសិស្សថ្នាក់ទី២ ទៅកាន់ផ្សារ ម៉ាក្រូ នៅក្រុងសៀមរាប ដែលជាដំណើរទស្សនកិច្ចសិក្សាលើកទី១៩។
សិស្សានុសិស្សដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សានោះ ពួកគេម្នាក់ៗ មានភាពសប្បាយរីករាយ ជាមួយនឹងការដើរមើលក្នុងផ្សារនោះណាស់។ លោកគ្រូ អ្នកគ្រូ បានណែនាំសិស្សានុសិស្ស ឱ្យបានស្គាល់អំពីប្រភេទបន្លែ ផ្លែឈើ ត្រី សាច់ និងមុខទំនិញផ្សេងៗ ជាច្រើនទៀត នៅក្នុងផ្សារទំនើបនោះ។
ការបង្រៀនសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា គឺដើម្បីឱ្យពួកគាត់ បានស្គាល់ពីទិដ្ឋភាពសង្គមខាងក្រៅជាក់ស្តែង ដែលនេះ គឺជាវិធីសាស្រ្តដ៏ល្អប្រសើរមួយ ដែលអាចជួយឱ្យខួរក្បាលរបស់ក្មេងៗ ឆាប់ទទួល និងចងចាំបានល្អ នូវអ្វីដែលពួកគេបានជួបប្រទះដោយផ្ទាល់។
កុមារ ក្រៅតែពីការសិក្សានៅក្នុងថ្នាក់រៀន គេក៏ត្រូវការឈ្វេងយល់ពីអ្វីដែលនៅជុំវិញខ្លួនគេផងដែរ។ ផ្ទុយមកវិញ បើកុមារគ្មានឱកាសឈ្វេងយល់ពីសង្គមខាងក្រៅនោះទេ ពួកគេ ក៏មិនអាចរីកចម្រើនដោយល្អបានដែរ ហើយពេលដែលពួកគេជួបបញ្ហាតូចតាច នោះនឹងធ្វើឱ្យពួកគេឆាប់ភ័យខ្លាច រួញរា និងឆាប់បាក់ស្មារតីក៏មាន។