តាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ស្រ្តីខ្មែរ១រូប តំណាងឱ្យកម្ពុជា លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងអញ្ជើញទៅចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា កម្មវិធីភាពជាអ្នកដឹកនាំមគ្គទេសក៍អន្តរជាតិលើគម្រោងអ្នកបង្កើតបច្ចេកវិទ្យា៖ "ការអប់រំក្នុងយុគសម័យឌីជីថល" (The International Visitor Leadership Program (IVLP) project on Technology Innovators: "Education in the Digital Age") ដែលរៀបចំដោយក្រសួងការបរទេសនៃសហរដ្ឋអាមេរិក។
វត្តមានរបស់លោកស្រី រស់ យ៉ាណា នៅលើទឹកដីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលនៅទីនោះ លោកស្រីនឹងជួបជាមួយអ្នកដឹកនាំផ្សេងៗលើវិស័យអប់រំជាច្រើនរូប ក្នុងកិច្ចពិភាក្សាអំពីតួនាទីរបស់បច្ចេកវិទ្យាក្នុងការសិក្សានាពេលអនាគត។
គោលបំណងនៃកម្មវិធីភាពជាអ្នកដឹកនាំមគ្គទេសក៍អន្តរជាតិ គម្រោងអ្នកបង្កើតបច្ចេកវិទ្យា៖ "ការអប់រំក្នុងយុគសម័យឌីជីថល" (The International Visitor Leadership Program (IVLP) project on Technology Innovators: "Education in the Digital Age") ក៏ចង់បង្ហាញឱ្យឃើញថា តើបច្ចេកវិទ្យាមានឥទ្ធិពលយ៉ាងណាទៅលើវិស័យអប់រំក្នុងដំណើរការរៀន បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ជាមួយគ្នានោះ ក៏មានការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធផ្សេងៗ ដើម្បីបង្ហាញពីវត្តមានបច្ចេកវិទ្យាថ្មីៗក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងក្នុងវិស័យអប់រំ និងឈ្វេងយល់អំពីអ្វីជាគុណសម្បត្តិ និងអ្វីជាគុណវិបត្តិថែមទៀតផង។

លោកស្រី រស់ យ៉ាណា ជាស្រ្តីសកម្មមួយរូបនៅក្នុងវិស័យអប់រំ ដែលតែងតែគាំទ្រ និងជំរុញដល់ការដាក់បញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សា ចូលរួមកិច្ចពិភាក្សាជាសាកល ធ្វើការយ៉ាងជិតស្និទ្ធជាមួយសិស្សានុសិស្ស និងអ្នកជំនាញ ដើម្បីចូលរួមក្នុងវិស័យអប់រំកាន់តែរីកចម្រើន និងឈានទៅមុខ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងជំរុញការគាំទ្រលើការសិក្សាតាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងកម្មវិធីផ្លាស់ប្តូរការសិក្សា ក្នុងគោលដៅស្វែងរកដំណោះស្រាយអប់រំប្រកបដោយនិរន្តរភាព តាមរយៈការប្រមូលផ្តុំអ្នកអប់រំកំពូលៗ អ្នកបង្កើតគោលនយោបាយ ដែលមកពីស្ថាប័ននានាទូទាំងពិភពលោក៕