អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍ទាំង៥នៃរុក្ខជាតិក្រវាញ”
អត្ថបទដកស្រង់ដោយ : ជី សុខវ៉ាន់
#MJQE #AmericanInterconSchool
រុក្ខជាតិក្រវាញត្រូវបានគេរកឃើញថា មានដើមកំណើតដំបូងនៅក្នុងទឹកដីឥណ្ឌា។ សព្វថ្ងៃវាជារុក្ខជាតិមួយដែលមានវត្តមាននៅលើទឹកដីនៃប្រទេសជាច្រើនទៀត។ គ្រាប់ និងប្រេងរបស់រុក្ខជាតិក្រវាញ ឬ Cardamom ជាភាសាអង់គ្លេស ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាល ឬសម្រាប់ថែរក្សាសុខភាព អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៥នៃរុក្ខជាតិក្រវាញ៖
ទី១. សម្រួលសម្ពាធឈាម :
ក្រវាញអាចជួយសម្រួលសម្ពាធឈាមមនុស្សពេញវ័យមួយចំនួនជាមួយនឹងសារធាតុអង់ទីអុកស៊ីដង់។ ការសិក្សាមួយធ្វើឡើងលើមនុស្សវ័យចំណាស់ចំនួន២០នាក់ដែលមានជំងឺលើសឈាម ពួកគេម្នាក់ៗត្រូវបានអ្នកជំនាញតម្រូវឱ្យបរិភោគម្សៅក្រវាញចំនួន៣ក្រាមក្នុងមួយថ្ងៃ។ ក្រោយរយៈពេល១២សប្តាហ៍ សម្ពាធឈាមរបស់ពួកគេបានវិលមកកម្រិតមួយសមស្រប និងបរិមាណអង់ទីអុកស៊ីដង់ក្នុងខ្លួនកើនឡើង។
ទី២. អាចមានផ្ទុកសារធាតុប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក :
ការសិក្សាមួយនៅក្នុងសត្វកណ្តុរបានបង្ហាញថា ម្សៅក្រវាញបានទៅជួយជំរុញសមាសធាតុ អង់ស៊ីមមួយចំនួនដែលមាននាទីប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក។ ម្យ៉ាងវិញទៀត វាមាននាទីក្នុងការជំរុញសមត្ថភាពកោសិកាការពាររាង្គកាយក្នុងការប្រយុទ្ធនឹងដុំសាច់មហារីកដែរ។
ទី៣. ការពារជំងឺរ៉ាំរ៉ៃ :
ក្រវាញមានសមាសធាតុមួយចំនួនដែលការពារ និងបង្ការរាងកាយពីការរលាក ដែលនឹងអាចបង្កឱ្យមានជំងឺរ៉ាំរ៉ៃ ដោយការថែរក្សាកោសិការបស់មនុស្ស។ ការសិក្សាមួយទៀតដែលធ្វើឡើងលើសត្វកណ្តុរដដែលគឺ រុក្ខជាតិក្រវាញជួយកាត់បន្ថយការរលាកលើកោសិកាថ្លើម នៅពេលដែលរបបអាហាររបស់សត្វកណ្តុរទាំងនោះពោរពេញទៅដោយខ្លាញ់ និងកាបូអ៊ីដ្រាត។
ទី៤. ជួយរំលាយអាហារ :
លើសពីនេះទៀតក្រវាញ គឺជួយសម្រួលអារម្មណ៍វិលមុខ ឬចង់ក្អួត ក្រវាញក៏មានសមត្ថភាពក្នុងការព្យាបាលជំងឺប្រព័ន្ធរំលាយអាហារមួយចំនួនផងដែរ។ ការសិក្សាលើសត្វកណ្តុរពីរក្រុមដែលទទួលថ្នាំ Aspirin ដូចគ្នា ដែលក្រុមទីមួយបានទទួលរបបរុក្ខជាតិក្រវាញបន្ថែម និងក្រុមទីពីរមិនបានទទួលរបបរុក្ខជាតិក្រវាញនោះទេបង្ហាញថា ក្រុមកណ្តុរដែលទទួលទានក្រវាញមានភាគរយកើតជំងឺរំលាយអាហារតិចជាកណ្តុរដែលមិនបានទទួលរបបរុក្ខជាតិក្រវាញ។
ទី៥. កាត់បន្ថយក្លិនមាត់ និងការពុកធ្មេញ :
ក្រវាញ ជារុក្ខជាតិម្យ៉ាងដែលមនុស្សប្រើប្រាស់សម្រាប់សម្អាតធ្មេញអស់រយៈពេលរាប់រយឆ្នាំមកហើយ។ វាមានសមាសធាតុដែលអាចទៅប្រយុទ្ធប្រឆាំងជាមួយនឹងបាក់តេរីមួយចំនួន ដែលរស់នៅក្នុងមាត់ និងបង្កជំងឺពុកធ្មេញ។ ក្រវាញមិនត្រឹមជារុក្ខជាតិដែលអាចប្រើជាឱសថសម្រាប់ព្យាបាលជំងឺប៉ុណ្ណោះទេ ថែមទាំងជាបន្លែដ៏មានឱជារសដែលប្រជាជនតាមតំបន់ចូលចិត្ត និងរៀបចំជាអាហារបានច្រើនប្រភេទថែមទៀតផង៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://thmeythmey.com/detail/83595