អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “១១គន្លឹះ ដើម្បីអប់រំកូន”
អត្ថបទដកស្រង់ដោយ៖ អ៊ាត ចំរើន
#MJQE #AmericanInterconSchool
ការអប់រំកូនមិនមែនជារឿងងាយស្រួលទេ យើងត្រូវមានវិធីសាស្ត្រជាច្រើនដើម្បីទូន្មានប្រៀនប្រដៅកូន ។ ខាងក្រោមនេះជាគន្លឹះត្រួសៗក្នុងការអប់រំកូន៖
១. ត្រូវធ្វើអ្វីដែលអ្នកបាននិយាយ ហើយកុំនិយាយអ្វីដែលអ្នកមិនអាចធ្វើបាន។ បើអ្នកដាក់ពិន័យកូនឱ្យចម្លងអត្ថបទ ១០០ចប់ ត្រូវតែឱ្យកូនសរសេរឱ្យបានគ្រប់ចំនួន។ សូមកុំទទួលយកអត្ថបទ ២០ចប់ឱ្យសោះ។
២. ត្រូវមានគោលជំហររឹងមាំជាងកូន : បើអ្នកនិយាយថា «ទេ» មិនត្រូវផ្លាស់ប្តូរគំនិតឡើយ ទោះជាកូនស្រែកយំយ៉ាងណាក៏ដោយ ព្រោះថាបើអ្នកចុះចាញ់កូននឹងរឹតតែប្រកាន់យកចរិតរឹងរូសនេះថែមទៀត។
៣. ត្រូវចេះសរសើរ និងលើកទឹកចិត្តចំពោះទង្វើល្អរបស់កូន។ ត្រូវចេះថ្លឹងថ្លែង ក្រៅពីការស្តីបន្ទោស ត្រូវលើកពីចំណុចល្អមកសរសើរកូនផងដែរ។
៤. ផ្តល់ក្តីស្រឡាញ់ដល់កូនឱ្យបានច្រើន : ក្រៅពីការដាក់វិន័យ និងទណ្ឌកម្ម អ្នកគួរតែចំណាយពេលនៅជាមួយកូនផងដែរ។
៥. ដាក់ពិន័យភ្លាមៗ កុំរង់ចាំយូរ : ការដាក់ពិន័យយូរថ្ងៃក្រោយការប្រព្រឹត្តខុសមិនសូវមានប្រសិទ្ធភាពចំពោះក្មេងឡើយ។
៦. ការសម្រេចចិត្តស្ថិតនៅលើអ្នក : អ្នកត្រូវធ្វើការសម្រេចណាមួយដែលជាជម្រើសដ៏ល្អសម្រាប់កូន បន្ទាប់ពីបានស្តាប់យោបល់កូន។
៧. បង្រៀនឱ្យកូនចេះផ្តល់តម្លៃចំពោះអ្វីៗដែលនៅជុំវិញខ្លួន : ដើម្បីឱ្យកូនចៀសផុតពីភាពអាត្មានិយម ការច្រណែន និងការមើលងាយជាដើម អ្នកគួរតែបង្រៀនគេឱ្យចេះផ្តល់តម្លៃចំពោះការគោរពអ្នកដទៃផងដែរ។
៨. កុំទម្រើសកូន តាមរយៈសម្ភារៈ : សូមកុំឱ្យកូនមានទម្លាប់នឹងការទទួលបានកាដូងាយៗដូចជា សម្លៀកបំពាក់ថ្មី ឬការនាំទៅបរិភោគអាហារខាងក្រៅផ្ទះ ដោយមិនបាច់ធ្វើការដោះដូរអ្វីនោះឡើយ។
៩. ចៀសវាងវត្តមានល្បែងអេឡិចត្រូនិកនៅក្នុងបន្ទប់ : ល្បែងប្រភេទនេះធ្វើឱ្យកេ្មងឯកោ ហើយក្មេងមិនបានចំណាយពេលទៅការសិក្សា។
១០. កុំធ្វើអ្វីជំនួសកូន ត្រូវបង្រៀនឱ្យគេចេះម្ចាស់ការលើខ្លួនឯង : ត្រូវបង្រៀនកូនឱ្យសកម្ម និងខិតខំប្រឹងប្រែងដើម្បីទទួលបាននូវអ្វីដែលគេចង់បាន។ អ្នកអាចទុកឱ្យកូនជួបរឿងបរាជ័យ រួចចាប់ផ្តើមក្រោកឈរសារជាថ្មីបាន ដើម្បីឱ្យគេរឹងមាំ។
១១. កុំដាក់បញ្ជាហាមឃាត់ដាច់ខាតខ្លាំងពេក : បើយើងធ្វើការដាក់បញ្ជាអ្វីមួយចង់ឱ្យគាត់ធ្វើតាមយើងគួរតែពន្យល់ពីហេតុផលទៅកាន់គាត់ដោយសមស្រប។ ចៀសវាងការប្រាប់ឱ្យគាត់ធ្វើអ្វីមួយឱ្យខានតែបាន ហើយគ្មានហេតុផល។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ www.dobi.be