អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៩ ប្រចាំឆ្នាំ២០២៦”
អត្ថបទដកស្រង់ដោយ : ភី ភារីន
#MJQE #AmericanInterconSchool
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំឱ្យមានការប្រកួតកីឡាប្រចាំឆ្នាំសម្រាប់សិស្សានុសិស្ស និងបុគ្គលិក សម្រាប់ការប្រកួតកីឡាសិស្សមានដូចជា៖ កីឡាបាល់ទាត់ បាល់បោះ ការ៉ាតេ តេក្វាន់ដូ ល្បុក្កតោ វាយសី ហែលទឹក និងអត្តពលកម្ម។ សម្រាប់ឆ្នាំ២០២៦នេះ សាលាក៏មានរៀបចំការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកពានរង្វាន់ម៉េងលី ជេ. គួច ជំនាន់ទី១៩ ប្រចាំឆ្នាំ២០២៦ ដែលនឹងប្រកួតនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ បែងចែកជាពីរក្របខណ្ឌ៖ ក្របខណ្ឌផ្នែកនារី និងក្របខណ្ឌផ្នែកបុរស ហេតុដូច្នេះប្អូនៗសិស្សានុសិស្សដែលមានបំណងចង់ចូលរួមការប្រកួតនាពេលខាងមុខនេះ អាចចុះឈ្មោះនៅការិយាល័យកិច្ចការគ្រប់អគារសិក្សា ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ចូលរួមប្រកួតទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន កម្រិតបច្ចេកទេស សមត្ថភាព មិត្តភាព និងជ្រើសរើសកីឡាការិនី និងកីឡាករឆ្នើមប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ក្បាច់គុនល្បុក្កតោ ដើម្បីអភិរក្ស លើកតម្កើង និងផ្សព្វផ្សាយយ៉ាងទូលំទូលាយក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ចូលក្បាច់គុនល្បុក្កតោ ក្នុងកម្មវិធីសិក្សាជំនាញថ្ងៃសៅរ៍ ជូនដល់សិស្សានុសិស្សពីថ្នាក់ទី២ ដល់ទី១២ សិក្សារៀងរាល់ថ្ងៃសៅរ៍ ២ម៉ោង ក្នុងមួយសប្តាហ៍ដល់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយ ពីជំនាន់មួយ ទៅជំនាន់មួយបានស្គាល់ជាថ្នាល ចូលរួមហ្វឹកហាត់កីឡាដើម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងចេះក្បាច់គុន អាចការពារខ្លួន និងជួយអ្នកដទៃបាន។
ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុនប្រយុទ្ធដូចសត្វតោ ឬការប្រើកម្លាំងវាយប្រយុទ្ធដូចសត្វតោ។ ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុននៃសិល្បៈគុនខ្មែរ ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទ សូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើតច្បាប់កងទ័ព ដែលបែងចែកកងទ័ពជាច្រើនក្រុមមានទ័ពថ្មើរជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និងទ័ពព្រួញ ផ្សេងៗ...។ គុនល្បុក្កតោជាក្បាច់គុនបុរាណខ្មែរបានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរយ៉ាងច្រើនសតវត្សមកហើយ បន្តរហូតមកដល់បច្ចុប្បន្ន។ រីឯចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសាហាវ ព្រមទាំងសត្រូវដើម្បីការពារសង្គមជាតិ និងមាតុភូមិផងដែរ៕