អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ : “អត្ថប្រយោជន៍ទាំង៦ នៃទឹករមៀតសម្រាប់សុខភាព”
អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE #AmericanInterconSchool
រមៀតមានប្រយោជន៍ច្រើនយ៉ាង មិនត្រឹមតែប្រើជាគ្រឿងទេសបង់ក្នុងសម្លបង្កើនរសជាតិឆ្ងាញ់ ក្លិនឈ្ងុយនោះទេ វាថែមទាំងមានប្រយោជន៍សម្រាប់សុខភាពទៀតផង។ ទឹករមៀតមិនត្រឹមតែជួយដល់ស្បែក តែនៅមានគុណប្រយោជន៍ច្រើនទៀត។ រមៀតសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាក ព្រមទាំងវីតាមីន C ដែលផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យដល់ស្បែករបស់យើង។ លើសពីនេះ គ្រឿងទេសមួយមុខនេះ ក៏ជួយពង្រឹងសុខភាព និងបង្ការជំងឺមួយចំនួនផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៦ នៃទឹករមៀតចំពោះសុខភាព៖
១. ជួយខួរក្បាល :
ការញ៉ាំទឹកក្ដៅឧណ្ហៗ លាយជាមួយម្សៅរមៀតជាប្រចាំនៅពេលព្រឹក អាចជួយឱ្យខួរក្បាលយើងមានភាពរវៀសរវៃ និងបង្កើនភាពស្វាហាប់។
២. ជួយសុខភាពបេះដូង និងជួយឱ្យឈាមរាវ :
អ្នកដែលមានបញ្ហាបេះដូង គួរញ៉ាំទឹករមៀតឱ្យបានទៀងទាត់ ពីព្រោះភេសជ្ជៈមួយនេះ អាចជួយធ្វើឱ្យកម្ចាត់ជាតិពុលពីឈាម ជួយឱ្យឈាមរាវ និងបង្ការកំណកឈាម ដែលទាំងនេះអាចជួយបញ្ចៀសការគាំងបេះដូងបាន។
៣. ជួយថ្លើម :
ទន្ទឹមនឹងនេះដែរ ទឹករមៀតក៏អាចកម្ចាត់ជាតិពុលពីថ្លើម និងជួយឱ្យកោសិកាបំពេញមុខងារប្រកបដោយប្រសិទ្ធភាព។
៤. សុខភាពស្បែក :
ទឹករមៀត លាយជាមួយនឹងទឹកឃ្មុំ និងទឹកក្រូចឆ្មារ អាចជួយប្រឆាំងនឹងភាពចាស់ បណ្តេញជាតិពុលពីរាងកាយ និងជួយធ្វើឱ្យស្បែកភ្លឺថ្លា និងភ្លឺម៉ត់រលោង។
៥. ប្រឆាំងជំងឺមហារីក :
ការញ៉ាំទឹករមៀតចំនួន០៣ដង ក្នុងមួយសប្តាហ៍ អាចរួមចំណែកជួយការពាររាងកាយពីហានិភ័យកើតជំងឺមហារីក។
៦. ជំនួយកម្លាំង និងការគេង :
បន្ទាប់ពីសម្រាលកូនហើយ អ្នកម្តាយគ្រប់រូបច្បាស់ជាមានការឈឺចាប់លើរាងកាយ មានអារម្មណ៍អស់កម្លាំង ល្ហិតល្ហៃ ត្រូវការប៉ូវសុខភាពឱ្យឆាប់មានកម្លាំងវិញ។ ភេសជ្ជៈធម្មជាតិដូចម្សៅរមៀតទឹកដោះគោ ផ្ដល់ប្រយោជន៍ច្រើនដល់សុខភាព និងសម្រស់ ក៏ដូចជាការគេងផងដែរ គឺជួយឱ្យគេងលក់ស្កប់ស្កល់ និងមានអារម្មណ៍ស្រស់ស្រាយដោយសារវាសម្បូរសារធាតុប្រឆាំងអុកស៊ីដកម្ម សារធាតុប្រឆាំងរលាក និងជួយឆ្អឹងយើងរឹងមាំផងដែរ។
ទោះបីជាទឹករមៀតមានអត្ថប្រយោជន៍ច្រើនដល់សុខភាព និងសម្រស់ក៏ពិតមែន ប៉ុន្តែយើងមិនត្រូវប្រើប្រាស់ច្រើនលើសបរិមាណតម្រូវការនោះទេ ព្រោះសុខភាព និងការទទួលយករបស់រាងកាយនៃមនុស្សម្នាក់ៗមិនដូចគ្នាទេ។ យើងត្រូវចេះតាមដាន សង្កេត និងថ្លឹងថ្លែងពីអត្ថប្រយោជន៍ និងផលវិបាកដែលយើងទទួលបាន ហើយបើមានបញ្ហាណាមួយមិនប្រក្រតីសម្រាប់សុខភាពយើង ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញភ្លាមៗតាមដែលអាចធ្វើបាន៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://hellokrupet.com