អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឆ្នាំ២០២៦”
អត្ថបទដកស្រង់ដោយ : គុណ ប៊ុន្ថា
#MJQE #AmericanInterconSchool
ដើម្បីអភិរក្ស និងលើកកម្ពស់ប្រពៃណីបង្ហើរខ្លែង ដែលជាកេរមរតក វប្បធម៌ដ៏មានតម្លៃរបស់ជាតិ ចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី របស់ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ជាចលករមួយចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង។
នៅក្នុងព្រឹត្តិការណ៍បើកការបង្ហើរខ្លែងឯកខ្មែរ ប្រចាំឆ្នាំ២០២៦ លើកទី២ គឺមានរយៈពេលបីថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់)។ សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២៦នេះ មានបេក្ខជន បេក្ខនារីចូលរួមប្រកួតខ្លែងឯក និងខ្លែងសេរីចំនួន១៣៨ ក្នុងនោះខ្លែងឯកមានចំនួន ៩៣ខ្លែងឯក និងខ្លែងសេរីចំនួន ៤៥ខ្លែង ដោយនៅក្នុងនោះក៏មានបេក្ខជនចំនួន ១រូប មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានទទួលចំណាត់ថ្នាក់លេខ៣ផងដែរ។
គួរបញ្ជាក់ផងដែរថា ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឱ្យប្រជាពលរដ្ឋ សាធារណជន ទស្សនាប្រកបដោយសេចក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹង ទំនៀមទម្លាប់ ប្រពៃណី ដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួមថែរក្សា ការពារ លើកស្ទួយអត្តសញ្ញាណជាតិ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកនូវឯកសារបេតិកភណ្ឌវប្បធម៌នេះឱ្យបានស្ថិតស្ថេរគង់វង្ស។
បើតាមលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ការបង្ហើរខ្លែងបានកើតមានឡើងនៅក្នុងប្រពៃណីរបស់ខ្មែររាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែមួយរយៈកាលកន្លងមកនេះ ខ្លែងខ្មែរ ជាពិសេសខ្លែងឯកនេះ ស្ទើរតែបាត់បង់ដោយសារតែប្រជាពលរដ្ឋមួយចំនួនមានជំនឿថា ខ្លែង ជាវត្ថុអពមង្គល តែតាមការពិតខ្លែង ដូនតាខ្មែរបង្កើតមកជាវត្ថុតំណាងឱ្យសុភមង្គល។ ដោយសារតែជំនឿមិនសមហេតុផលនេះ ទើបថ្នាក់ដឹកនាំ ស្ថាប័នជាតិបានគិតគូរ និងយកចិត្តទុកដាក់រៀបចំឱ្យមានព្រឹត្តិការណ៍នានា ដែលទាក់ទងនឹងខ្លែងនេះ ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានបំណងយកខ្លែងឯករបស់ខ្មែរ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំបំផុសចលនាបង្ហើរខ្លែងនេះ ព្រោះការចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ យើងអាចអភិរក្ស និងផ្សព្វផ្សាយអំពីខ្លែងយើងបានទូលំទូលាយ៕