អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “គោលការណ៍អាហារទាំងបួនយ៉ាងតាមបែបជប៉ុនសម្រាប់សុខភាពល្អ និងមានអាយុវែង”
អត្ថបទដកស្រង់ដោយ : ធី មោលីធីតា
#MJQE#AmericanInterconSchool
បច្បុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបដែលជាហេតុធ្វើមនុស្សជាច្រើនមានរបៀបរស់នៅផ្សេងៗគ្នាដើម្បីធ្វើឱ្យសុខភាពរបស់គេមានភាពល្អប្រសើរ។ ជាក់ស្តែងនៅប្រទេសជប៉ុន ការញ៉ាំអាហារដើម្បីសុខភាព មិនត្រឹមតែជាការញ៉ាំតែមួយបែបនោះទេ តែវាជារបៀបរស់នៅ។ អស់រយៈពេលជាច្រើនឆ្នាំប្រជាជនជប៉ុនបានអនុវត្តទម្លាប់សាមញ្ញប៉ុន្តែមានប្រសិទ្ធភាព ដែលជួយលើការដែលទទួលបាននូវអាយុវែង និងសុខភាពល្អ។ ខាងក្រោមនេះជាគោលការណ៍អាហារទាំងបួនយ៉ាងតាមបែបជប៉ុនសម្រាប់សុខភាពល្អ និងមានអាយុវែង៖
១. អនុវត្តញ៉ាំអាហារតាម (Hara Hachi Bu) :
Hara Hachi Bu ជាគោលការណ៍នៃការញ៉ាំអាហារដែលមានប្រភពមកពីតំបន់អូគីណាវ៉ា ប្រទេសជប៉ុន។ វាមានន័យថា ញ៉ាំអាហារឱ្យបានត្រឹម ៨០ភាគរយ នៃការពេញពោះ ហើយទុក ២០ភាគរយ ទៀតឱ្យនៅទទេ។ វិធីនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង មហារីក និងជំងឺដាច់សរសៃឈាមខួរក្បាល។ អាហារដែលណែនាំគឺអាហារដែលមានកាឡូរីទាប និងត្រូវទំពារឱ្យម៉ត់ល្អ។
២. ចៀសវាងអាហារ (Fast Food) :
ជប៉ុនភាគច្រើនមិនញ៉ាំម្ហូបលឿនៗដែលមានខ្លាញ់ និងស្ករ ឬសារធាតុរក្សាអាហារទុកនោះទេ។ ពួកគេចូលចិត្តចម្អិនម្ហូបដោយខ្លួនគេនៅផ្ទះ ឬរៀបចំម្ហូបអាហារដែលមានសារធាតុចិញ្ចឹមល្អៗដើម្បីទ្រទ្រង់ដល់សុខភាព។
៣. ផ្តោតលើភាពចម្រុះនៃអាហារ :
អាហារបែបប្រពៃណីជប៉ុនជាទូទៅអនុវត្តតាមគោលការណ៍ “ichiju sansai” មានន័យថា ស៊ុបមួយចាន និងម្ហូបបីមុខ ដែលភាគច្រើនរួមមានបន្លែ បាយ និងត្រី។ វាជួយបង្កើតតុល្យភាពអាហារ និងជាគន្លឹះមួយនៃសុខភាពល្អរបស់ជនជាតិជប៉ុន។ អាហារដែលបានបំប្លែងដោយការចម្រាស់ដូចជា មីសូ និងទឹកស៊ីអ៊ីវ ជួយថែរក្សាប្រព័ន្ធរំលាយអាហារ។
៤. ញ៉ាំអាហារដែលមានសមតុល្យ :
នៅជប៉ុនអាហារដូចជា ចេក natto umeboshi (ផ្លែព្រូនជ្រលក់អំបិល) តៅហ៊ូ និងតែបៃតង ត្រូវបានជឿថាជួយឱ្យស្រកទម្ងន់បានលឿន។ តែទោះជាយ៉ាងណា ការញ៉ាំតែអាហារទាំងនេះមិនអាចផ្តល់លទ្ធផលច្រើនទេ ប្រសិនបើមិនបន្ថែមដោយរបបអាហារដែលមានតុល្យភាព និងការហាត់ប្រាណជាប្រចាំ។
តាមរយៈការស្រាវជ្រាវតាមគោលការខាងលើ វាអាចជួយ និងរក្សាសមតុល្យក្នុងអាហារ អាចជួយគាំទ្រសុខភាព និងការរស់នៅ រយៈពេលវែង។ គំនិតវិជ្ជមាន និងការហាត់កាយសម្បទានៅជាមួយវិធីទាំងនេះក៏មានប្រយោជន៍សម្រាប់ការរស់នៅមានសុខភាពល្អ និងអាយុវែង៕