អត្ថបទព័ត៌មានស្តីពីព្រឹត្តការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៦”
អត្ថបទដកស្រង់ដោយ : ជាង ប៊ុនលី
#MJQE #AmericanInterconSchool
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៦ គ្រោងនឹងប្រារព្ធឡើងយ៉ាងឱឡារិកនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅទីព្រះស្រែ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ។ ពិធីនេះមានរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដែលរួមបញ្ចូលទាំងការតាំងពិព័រណ៍ផលិតផលខ្មែរ ដើម្បីអបអរសាទររដូវដាំដុះថ្មី។
ព្រះរាជពិធីនេះ គឺជាព្រឹត្តិការណ៍វប្បធម៌ និងកសិកម្មដ៏សំខាន់ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីព្រះទ័យយកចិត្តទុកដាក់របស់ព្រះមហាក្សត្រចំពោះរបរស្រូវស្រែរបស់ប្រជារាស្ត្រ។ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមក្នុងពិធីច្រត់ព្រះនង្គ័លនេះ ជាមួយថ្នាក់ដឹកនាំជាតិពីស្ថាប័ននានា រួមទាំងប្រជារាស្រ្ត ដើម្បីរួមគ្នាថែរក្សាព្រះរាជប្បវេណីពីបុរាណរបស់ព្រះមហាក្សត្រដូចសព្វរាល់ឆ្នាំ។
បើតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រយៈពេល៤ថ្ងៃនៃពិធីច្រត់ព្រះនង្គ័លនៅខេត្តព្រៃវែងនេះ ក៏មានស្តង់ពិព័រណ៍ផលិតផលខ្មែរដ៏សម្បូរបែបផងដែរ។ ពិព័រណ៍នេះ សហការរៀបចំដោយក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍។ ចំណែកឯទីស្ដីការគណៈរដ្ឋមន្រ្តី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ ជាអ្នកសម្របសម្រួលលើសម្ភារថវិកាសម្រាប់បម្រើក្នុងពិធី ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តព្រៃវែង ទទួលបន្ទុកលើការសម្ដែងសិល្បៈក្នុងពិធីនេះ។
គួរជម្រាបជូនថា ពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្ដើមរដូវធ្វើស្រែចម្ការរបស់កសិករ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធឱ្យបង្អុរទឹកភ្លៀងបរិបូរណ៍តាមរដូវកាលបម្រើក្នុងវិស័យកសិកម្មឱ្យទទួលបានភោគផលខ្ពស់។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្នុងខែពិសាខជារៀងរាល់ឆ្នាំ ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និងដាំណាំផ្សេងៗរបស់ប្រជាកសិករ និងផ្សងមើលប្រផ្នូលស្រុកទេស តាមរយៈគោឧសភរាជ។ ក្នុងព្រះរាជពិធីនេះ ព្រាហ្មណ៍ព្រះរាជគ្រូ សូធ្យពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹករបស់៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ ដែលរួមមាន គ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ និងស្រា១តុ៕