ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ហេតុអ្វីបានជាមនុស្សចូលចិត្តទស្សនាការប្រកួតអន្តរជាតិ?

បានផ្សាយចេញ | ០៩ មិថុនា ២០២៦ 393

ហេតុអ្វីបានជាមនុស្សចូលចិត្តទស្សនាការប្រកួតអន្តរជាតិ?

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “​ហេតុអ្វីបានជាមនុស្សចូលចិត្តទស្សនាការប្រកួតអន្តរជាតិ?”
អត្ថបទដកស្រង់ដោយ : សុង សេរីនាថ
#MJQE #AmericanInterconSchool
 
ព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិតែងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក មិនថាជាការប្រកួតកីឡា ការប្រឡងសមត្ថភាពសិល្បៈ ឬការប្រកួតចំណេះដឹងនោះទេ ព្រឹត្តិការណ៍ទាំងនេះជាការប្រមូលផ្តុំបុគ្គលមានសមត្ថភាពពីជុំវិញពិភពលោកដើម្បីបង្ហាញសមត្ថភាពដែលខ្លួនមានលើឆាកអន្តរជាតិ។ ភាពល្បីល្បាញ និងពេញនិយមរបស់ព្រឹត្តិការណ៍ទាំងនោះកើតចេញពីកត្តាជាច្រើនដូចជា អារម្មណ៍រំភើបពេលបានទស្សនាជាមួយគ្រួសារ ឬមិត្តភក្តិ មោទនភាពជាតិនៅពេលប្រទេសខ្លួនចូលរួមលើឆាកអន្តរជាតិ និងជាពិសេសគឺការសម្តែងសមត្ថភាព និងទេពកោសល្យដ៍អស្ចារ្យ របស់អត្តពលិក ឬបុគ្គលតំណាងប្រទេសតែម្តង។

មូលហេតុទីមួយដែលមនុស្សចូលចិត្តទស្សនាព្រឹត្តិការណ៍អន្តរជាតិ គឺដោយសារភាពទាក់ទាញ និងច្នៃប្រឌិតនៃការរៀបចំព្រឹត្តិការណ៍ទាំងមូល។ គុណភាពរូបភាព ការតុបតែងឆាក ឬទីលាន ការជ្រើសរើសសិល្បៈករ និងបុគ្គលមានឥទ្ធិពលឱ្យចូលរួមផ្សព្វផ្សាយ ជាពិសេសភាពសិ្វតស្វាញនៃការប្រកួតនីមួយៗ សុទ្ធសឹងតែជាចលករធ្វើឱ្យអ្នកទស្សនាជក់ចិត្តចង់តាមដានពីដើមរហូតដល់ចប់។ កត្តាសំខាន់មួយទៀតគឺមោទកភាព និងស្មារតីស្នេហាជាតិ។ អ្នកទស្សនាតែងតែភ្ជាប់អារម្មណ៍ខ្លួនជាមួយបុគ្គល ឬក្រុមដែលពួកគាត់គាំទ្រ ជាពិសេសនៅពេលដែលពួកគេត្រូវប្រកួតជាមួយក្រុមមកពីប្រទេសដ៍ទៃ។ អារម្មណ៍សប្បាយរីករាយនៅពេលដែលប្រទេសខ្លួនទទួលបានជ័យជម្នះ និងអារម្មណ៍សោកស្តាយនៅពេលដែលក្រុមចាញ់ការប្រកួតធ្វើឱ្យអ្នកទស្សនាកាន់តែមានភាពរំជើបរំជួលក្នុងពេលទស្សនា។​ យោងតាមគណៈកម្មការអន្តរជាតិអូឡាំពិក (IOC) ព្រឹត្តិការណ៍អន្តរជាតិជួយបង្កើនស្មារតីស្នេហាជាតិ ភាពស្និទ្ធស្នាល​ និងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូលឱ្យកាន់តែខ្លាំងក្លាជាងមុន។

កម្មវិធីអន្តរជាតិជាឱកាសល្អមួយក្នុងការសាងកេរ្តិ៍ឈ្មោះរបស់បុគ្គលមានសមត្ថភាពមកពីបណ្តាប្រទេសនានានៅលើឆាកអន្តរជាតិ។ អ្នកចូលរួមប្រកួតជាច្រើនត្រូវចំណាយពេលរាប់ខែ រាប់ឆ្នាំក្នុងការហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ទាំងនោះ។ ការតស៊ូ ការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់របស់ពួកគាត់នេះហើយដែលផ្តល់ជាកម្លាំងចិត្ត និងក្តីសង្ឃឹមដល់អ្នកទស្សនាឱ្យខិតខំប្រឹងប្រែងទៅមុខក្នុងការសម្រេចគោលដៅរបស់ពួកគេដូចគ្នា។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍ទាំងនេះក៏ជួយឱ្យទស្សនិកជនស្គាល់ពីវប្បធម៌ និងប្រពៃណីនៃប្រទេសផ្សេងៗពីជុំវិញពិភពលោក។ ជាក់ស្តែងក្នុងពិធីបើកការប្រកួតកម្មវិធីធំៗដូចជាព្រឹត្តិការណ៏កីឡា Olympics ឬ FIFA World Cup តែងតែមានការសម្តែង ឬការបង្ហាញខ្លីៗពីសិល្បៈ ប្រពៃណី និងអត្តសញ្ញាណរបស់បណ្តាប្រទេសនានាដែលបានចូលរួម។​ អង្គការ UNESCO បានលើកឡើងថា កីឡា និងព្រឹត្តិការណ៍អន្តរជាតិអាចជួយលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជននៃបណ្តាប្រទេសជុំវិញពិភពលោក។

សរុបមកមនុស្សចូលចិត្តទស្សនាការប្រកួតអន្តរជាតិ ពីព្រោះវាផ្តល់នូវភាពរំភើប បង្កើនមោទកភាពជាតិ បង្ហាញទេពកោសល្យដ៏អស្ចារ្យ និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ ព្រឹត្តិការណ៍ទាំងនោះនាំមនុស្សឱ្យរួបរួមគ្នា និងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃក្នុងនាមជាជនរួមជាតិតែមួយ៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Ms Ya1.jpg

ហេតុអ្វីបានជាការអប់រំកាយ (PE) មានសារៈសំខាន់សម្រាប់កុមារ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Mr Vuth1.jpg

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Lim1.jpg

កម្លាំងប្រជាពលរដ្ឋក្នុងការអភិរក្សព្រៃឈើ និងជីវចម្រុះ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Ms Vanrun1.jpg

សកម្មភាពគំនូរជួយអ្វីខ្លះដល់កុមារ?