អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ហូលពិតានខ្មែរ”
អត្ថបទដកស្រង់ដោយ : នាក់ លីណា
#MJQE #AmericanInterconSchool
សិល្បៈតម្បាញជាប់នឹងជំនឿ និងមរតកវប្បធម៌ដ៏កម្រក្នុងចំណោមសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ «ហូលពិតាន» ត្រូវបានចាត់ទុកជាស្នាដៃសិល្បៈតម្បាញដ៏វិចិត្រ ដែលឆ្លុះបញ្ចាំងពីទេពកោសល្យ ប្រាជ្ញា និងជំនឿសាសនារបស់បុព្វបុរសខ្មែរ មិនដូចហូលសម្រាប់ស្លៀកពាក់ទូទៅនោះទេ។ ហូលពិតានត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងពិធីសាសនា និងការថ្វាយបង្គំជាសក្ការៈ ដោយមានលើកគោមជារូបភាពព្រះពុទ្ធប្រវត្តិ ជាតក និងទេវកថាផ្សេងៗ ដែលពោរពេញទៅដោយអត្ថន័យជំនឿ និងសីលធម៌។
ហូលពិតានមានលក្ខណៈពិសេសខុសពីសំពត់ហូលធម្មតា ដោយសារលំនាំរចនាដ៏ស្មុគស្មាញ និងរូបភាពដែលទាក់ទងនឹងសាសនា។ អាស្រ័យលើគោម និងរូបភាពដែលលេចឡើងលើផ្ទៃសំពត់ ហូលប្រភេទនេះត្រូវបានហៅឈ្មោះផ្សេងៗគ្នាដូចជា ពិតានរូបព្រះ ពិតានរូបប្រាសាទ ពិតានរូបទង់ ឬពិតានរូបទូកជាដើម។ ជាទូទៅ ហូលពិតានត្រូវបានយកទៅចងជាពិតាននៅលើព្រះជីវ៍ក្នុងព្រះវិហារ សាលាឆាន់ ឬប្រើក្នុងពិធីបុណ្យសាសនាផ្សេងៗ។ ដោយសារហូលពិតានត្រូវបានចាត់ទុកជាវត្ថុសក្ការៈ អ្នកស្រុកមានតំណមមិនយកមកស្លៀកពាក់ ឬប្រើប្រាស់ដូចសំពត់ធម្មតាឡើយ។ សូម្បីតែគោមពិសិដ្ឋមួយចំនួនដូចជា រូបព្រះ រូបវិហារ រូបទង់ រូបហង្ស រូបទូក និងរូបផ្កាបិណ្ឌ ក៏មិនត្រូវបានយកទៅត្បាញលើសំពត់សម្រាប់ស្លៀកពាក់ដែរ។
អ្នកស្រាវជ្រាវយល់ថា តម្លៃពិតប្រាកដរបស់ហូលពិតាន ស្ថិតនៅលើបច្ចេកទេសចងគាត និងការលើកគោមដ៏ល្អប្រណីត។ ប្រសិនបើហូលធម្មតាមានត្រឹមក្បាច់ផ្កាតូចៗដដែលៗ ហូលពិតានវិញប្រៀបបាននឹងផ្ទាំងគំនូរមួយនៅលើសរសៃសូត្រ ដែលបង្ហាញសាច់រឿង និងទស្សនវិជ្ជាជីវិតតាមបែបព្រះពុទ្ធសាសនា។ អ្នកតម្បាញហូលពិតានភាគច្រើនជាមនុស្សមានបទពិសោធខ្ពស់ អំណត់ធ្មត់ និងមានចំណេះដឹងជ្រាលជ្រៅអំពីសាច់រឿងសាសនា និងទេវកថា។ ក្នុងចំណោមរូបភាពដែលគេនិយមលើកគោម មានព្រឹត្តិការណ៍សំខាន់ៗនៃព្រះពុទ្ធប្រវត្តិដូចជា ព្រះពុទ្ធប្រសូត្រ ការត្រាស់ដឹង និងបរិនិព្វាន។ ចំណែកសាច់រឿងក្នុងមហាវេស្សន្តរជាតកវិញ ភាគច្រើនបង្ហាញពីការបំពេញទានបារមីរបស់ព្រះវេស្សន្តរដូចជា ការដាក់ទានដំរី រាជរថ និងការបរិច្ចាគព្រះរាជបុត្រា-ព្រះរាជបុត្រី។ ក្រៅពីនេះ ក៏មានរូបនាគ ហង្ស ដំរី ទេវតា និងសត្វសក្ដិសិទ្ធិផ្សេងៗ ដែលមានប្រភពពីទេវកថាបុរាណផងដែរ។
បច្ចុប្បន្ន ហូលពិតានកំពុងប្រឈមនឹងការថមថយទាំងផ្នែកផលិតកម្ម និងការប្រើប្រាស់។ មូលហេតុសំខាន់ៗរួមមាន ភាពស្មុគស្មាញនៃបច្ចេកទេស ការចំណាយពេលយូរ និងតម្លៃផលិតខ្ពស់។ ជាលទ្ធផល អ្នកចេះត្បាញហូលពិតាននៅតាមសហគមន៍កាន់តែមានចំនួនតិចទៅៗ។ ទោះជាយ៉ាងណា សិប្បករនៅតាមតំបន់មួយចំនួនដូចជា ខេត្តតាកែវ និងខេត្តសៀមរាប នៅតែបន្តថែរក្សា និងបន្តការតម្បាញហូលពិតាន ដើម្បីរក្សាមរតកដូនតាឱ្យស្ថិតស្ថេរ។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរៀបចំពិព័រណ៍ហូលពិតានជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិរក្សពីសាធារណជន ។
ជារួម ហូលពិតានមិនមែនគ្រាន់តែជាសំពត់ត្បាញពីសរសៃសូត្រប៉ុណ្ណោះទេ ប៉ុន្តែជាស្នាដៃ «សិល្បៈ សក្ការៈ» ដែលរួមបញ្ចូលគ្នានូវជំនឿ សាសនា សីលធម៌ និងអត្តសញ្ញាណវប្បធម៌ខ្មែរ។ ការអភិរក្ស និងលើកតម្កើងហូលពិតាន គឺជាការរក្សាទុកនូវចំណេះដឹង និងស្មារតីវប្បធម៌របស់បុព្វបុរសខ្មែរ សម្រាប់បន្តទៅកាន់មនុស្សជំនាន់ក្រោយ៕