អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ពិធីបុណ្យចូលព្រះវស្សា ”
អត្ថបទដកស្រង់ដោយ : សាត សារឿន
#MJQE #AmericanInterconSchool
ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យដ៏ធំមួយដែលអាចចាត់ទុកថា ជាបុណ្យដែលមានសារៈសំខាន់ណាស់នៅក្នុងចំណោមបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារឰពីធីបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាបាននាំគ្នាជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ប្រគេនដល់ភិក្ខុសង្ឃឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ ពិធីបុណ្យចូលកាន់ព្រះវស្សាសម្រាប់ឆ្នាំនេះ មានរយៈពេល៣ខែ ដោយចាប់ពីថ្ងៃ១រោច ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៦។
យោងតាមឯកសារបានឱ្យដឹងថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឱ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែង វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព។
ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល៤ខែ គឺរាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថាវស្សានរដូវ។ បានជាព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់អនុញ្ញាតឱ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សានោះ ពីព្រោះហេតុខាងដើម២យ៉ាងគឺ៖
១. ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឱ្យអ្នកស្រុក រិះគន់តិះដៀល និងពោលនូវទោសដែលមានប្រការផ្សេង។
២. ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឱ្យបព្វជិតក្នុងសាសនាលំបាកក្នុងការធ្វើដំណើរទៅមក គឺឱ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល៣ខែ។
ក្នុងវិន័យបិដក មហាវគ្គភាគ៧ ត្រង់វស្សូបនាយិកក្ខន្ធក លោកសម្តែងថា ការចូលវស្សាមាន២យ៉ាងគឺ៖
ទី១. ហៅថា បុរិមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ១រោច ខែអាសាឍ (បើឆ្នាំណាលើកខែអាសាឍពីរដងនោះ ចូលវស្សានេះនៅថ្ងៃ ១រោច ខែទុតិយាសាឍ) តទៅអស់១ត្រៃមាស (៣ខែ) ទើបចេញវស្សានៅថ្ងៃ១៥កើត ខែអស្សុជ។
ទី២. ហៅថាបច្ឆិមិកាវស្សា ការចូលវស្សាលើកក្រោយ (ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន១ខែ) គិតចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក ទើបត្រូវចេញ។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់សាវ័ក ក្រែងមានកិច្ចរវល់ប្រការណាមួយដែលពុំអាចចូលវស្សាទី១ ឱ្យចូលវស្សាទី២បាន៕