អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “គុណប្រយោជន៍នៃការធ្វើសមាធិ”
អត្ថបទដកស្រង់ដោយ : អ៊ុក ម៉ារីណា
#MJQE #AmericanInterconSchool
ជាទូទៅមនុស្សម្នាក់ៗមិនបានចាប់អារម្មណ៍ទៅលើការថែទាំសុខភាពលើការសមាធិនៅឡើយទេ ការអប់រំបែបសាសនាក៏បានផ្តល់ឱវាទឱ្យយើងចេះអប់រំផ្លូវចិត្តតាមរយះការធ្វើសមាធិដែរ។ ការសមាធិ មានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ប្រសិនយើងអនុវត្តធ្វើជាប្រចាំ ជារៀងរាល់ថ្ងៃ ពី១០ ទៅ៣០នាទីម្តង និងក្នុងរយៈពេលជាច្រើនឆ្នាំជាប់គ្នា។ ការធ្វើសមាធិ អាចពន្យឺតភាពចាស់ទ្រុឌទ្រោមនៃខួរក្បាល និងជួយឱ្យខួរក្បាលមានសមត្ថភាពប្រសើរឡើង ព្រមទាំងអាចជួយគ្រប់គ្រងអារម្មណ៍ កាត់បន្ថយអារម្មណ៍ឡើងស្ត្រេស និងសម្រួលដំណេកបានទៀត។
សមាធិត្រូវបានគេរាប់ជាបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងនឹងការឡើងស្ត្រេស និងជំងឺគេងមិនលក់ ដ៏ពេញនិយម។ សមាធិ គឺជាការផ្តល់ពេលវេលាឱ្យខ្លួនឯង អង្គុយ និងអង្កេតមើលស្ថានភាពអារម្មណ៍ ស្វែងរកភាពស្ងប់ និងភាពធូរស្បើយ ឆ្ងាយពីភាពពុះកញ្ជ្រោល សំឡេង សម្ពាធទាំងឡាយ។ នៅពេលអារម្មណ៍បានស្ងប់ មូលល្អ នោះស្ត្រេសក៏ធ្លាក់ចុះ ហើយការងងោកងងុយនឹងលេចឡើង ដំណេកក៏នឹងអាចបានស្ងប់ល្អដែរ។
ការបង្កើតឱកាសស្ងប់ល្អ ចេះស្តាប់អារម្មណ៍ និងសរីរាង្គខ្លួនប្រាណ ដោយផ្តោត ឬផ្តុំអារម្មណ៍ទៅលើចលនាដង្ហើមក្នុងពេលវេលាជាក់ស្តែងនេះ ជាកម្មវត្ថុនៃការហាត់រៀនធ្វើសមាធិ ដែលអាចប្រព្រឹត្តទៅជាក្រុម (ម្តងមួយម៉ោង) ឬដោយម្នាក់ឯង។ ស្តាប់ទៅងាយទេ តែសមាធិជាលំហាត់ដ៏លំបាក។ ក្រៅអំពីជាលំហាត់សម្រាកលំហែអារម្មណ៍ ពិភពវេជ្ជសាស្ត្របានងាកមកជ្រើសរើសប្រើសមាធិជាវិធីសាស្ត្រព្យាបាលទប់ស្កាត់ការលាប់ជំងឺធ្លាក់ទឹកចិត្ត ឬហៅថាវិធីសាស្ត្រព្យាបាលអារម្មណ៍ទាំងនៅមានស្មារតីពេញលេញ។ ដើម្បីប្រឈមរស់ជាមួយនឹងជំងឺមហារីក គ្រូពេទ្យឯកទេសក៏បានស្នើឱ្យអ្នកមានផ្ទុកជំងឺមហារីក អ្នកកំពុងទទួលការព្យាបាល ឬអ្នកទើបងើបពីឈឺ បដិបត្តិការធ្វើសមាធិជាប្រចាំ អាចជួយឱ្យការកាត់បន្ថយភាពចាស់ជរា និងការគ្រប់គ្រងអារម្មណ៍ផងដែរ៕