អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ : “បច្ចេកវិទ្យា World Model របស់ចិន អាចបង្កើតវីដេអូ AI បានភ្លាមៗគ្រាន់តែបញ្ចូលរូបថត អត្ថបទ និងសំឡេង”
អត្ថបទដកស្រង់ដោយ : ហ៊ន សុគន្ធា
#MJQE #AmericanInterconSchool
ក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះរបស់ប្រទេសចិន AIsphere បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់លើពិភពលោក ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបច្ចេកវិទ្យា " AI World Model " ជាលក្ខណៈសកល។ ចំពោះបច្ចេកវិទ្យានេះ មានសមត្ថភាពអាចបង្កើតវីដេអូបានភ្លាមៗក្នុងពេលជាក់ស្តែង (Real-time video generation) ដោយគ្រាន់តែបញ្ចូលរូបថត អត្ថបទ ឬសំឡេងប៉ុណ្ណោះ។
បច្ចេកវិទ្យា AI ខ្នាតធំជំនាន់ថ្មីនេះ មានឈ្មោះថា " R-series " ដែលមិនត្រឹមតែអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបចំឈុតឆាក និងតួអង្គយ៉ាងងាយស្រួលចេញពីរូបថតពិតប្រាកដត្រឹមមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចវិភាគទិន្នន័យចលនាផ្សេងៗ ដើម្បីបង្កើតជាវីដេអូ (Simulation) ស្របតាមបទដ្ឋានរូបវិទ្យា
ពិតៗបានយ៉ាងរហ័សទាន់ចិត្តផងដែរ។
ជាក់ស្តែង ក្នុងការងារពាណិជ្ជកម្ម អ្នកប្រើប្រាស់គ្រាន់តែបញ្ចូលរូបថតផលិតផល អត្ថបទពិពណ៌នា និងការកំណត់សំឡេង នោះប្រព័ន្ធ AI នឹងបង្កើតបានជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មបែប E-commerce ពេញលេញមួយភ្លាមៗដោយមិនបាច់ចំណាយពេលយូរឡើយ។ សមត្ថភាពដ៏លេចធ្លោនេះ បានជួយកាត់បន្ថយពេលវេលា និងថ្លៃចំណាយយ៉ាងច្រើន ប្រសិនបើធៀបនឹងការថតវីដេអូពាណិជ្ជកម្មតាមបុរាណធ្វើឱ្យផលិតផល AI មួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិស័យពាណិជ្ជកម្ម និងអាចវាយលុកចូលទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័ស។
លោក Jin Hanmin អនុប្រធានក្រុមហ៊ុន AIsphere បានថ្លែងឱ្យដឹងថា ចាប់តាំងពីថ្ងៃដំបូងនៃការដាក់ឱ្យប្រើប្រាស់ ផលិតផលនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុង១៧០ប្រទេស ហើយបច្ចុប្បន្នមានអ្នកចុះឈ្មោះប្រើប្រាស់កើនឡើងរហូតដល់ជាង១៥០លាននាក់នៅទូទាំងពិភពលោក។ លោកបានបន្ថែមទៀតថា នៅក្នុងឆមាសទី១ ក្នុងឆ្នាំ២០២៦នេះ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនបានកើនឡើងរហូតដល់ ១១៩.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលចំនួនអ្នកប្រើប្រាស់សរុបបានកើនឡើងប្រចាំឆ្នាំរហូតដល់ ៩៧.៧%៕