ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ តាមតេលេក្រាម ដែលមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ដែលត្រូវបានអភិវឌ្ឍឡើង ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការ ដោយអង្គការ DW Akademie របស់អាឡឺម៉ង់ និងគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ)។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ ព្រមទាំងមានវត្តមាន លោកស្រី Sabina Casagrande នាយកប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ របស់អង្គការ DW Akademie លោកនាយក លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោកស្រី គឹម សេដ្ឋានី បានអបអរសាទរ ចំពោះសមិទ្ធិផលថ្មី ដែលមានឈ្មោះថា «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ដោយមានប្រសាសន៍ថា នេះជាសមិទ្ធិផលដ៏សំខាន់មួយ ដែលនឹងចូលរួមជំរុញការយល់ដឹង ស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ ហើយប្រព័ន្ធផ្ញើសារនេះ ក៏បានផ្តោតគោលដៅជាសំខាន់ ទៅលើក្មេងស្រី និងក្រុមងាយរងគ្រោះផងដែរ។
លោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការអប់រំ ស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ។
ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ត្រូវបានអភិវឌ្ឍឡើង ដើម្បីលើកកម្ពស់ការយល់ដឹង ក្នុងការជំនួយដល់គ្រូបង្រៀន លើកកម្ពស់ដល់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា បង្កើតបរិយាកាសឌីជីថលនៅក្នុងថ្នាក់រៀន ជំរុញកម្មវិធីស្វ័យសិក្សាដែលជួយឱ្យសិស្ស និស្សិត សិក្សាស្រាវជ្រាវដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ក្នុងន័យជំរុញការអប់រំបែបឌីជីថល ព្រមទាំងជួយកសាងជំនាញភាពជាពលរដ្ឋឌីជីថល ក្នុងសង្គមកម្ពុជាផងដែរ។
សូមជម្រាបថា ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម មានមាតិកាជាច្រើន សម្រាប់អ្នកប្រើប្រាស់ដូចជា ខ្លឹមសារមេរៀនចំនួន១០ សទ្ទានុក្រម សំណួរចម្លើយ លំហាត់វាស់ស្ទង់សមត្ថភាព គន្លឹះសំខាន់ៗ រូបភាព វីដេអូ តំណភ្ជាប់ឯកសារ ពិសេស គឺក្រុមពិភាក្សា។
តាមរយៈប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម អ្នកប្រើប្រាស់អាចធ្វើការស្រាវជ្រាវ និងស្វ័យសិក្សាដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕