កម្មវិធីបញ្ញាសិប្បនិមិ្មត (AI) ជំរុញការសិក្សារបស់សិស្សសម័យបច្ចេកវិទ្យា

បានផ្សាយចេញ | ១៣ កុម្ភៈ ២០២៥

កម្មវិធីបញ្ញាសិប្បនិមិ្មត (AI) ជំរុញការសិក្សារបស់សិស្សសម័យបច្ចេកវិទ្យា

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ

ក្រោមប្រធានបទ “កម្មវិធីបញ្ញាសិប្បនិមិ្មត (AI) ជំរុញការសិក្សារបស់សិស្សសម័យបច្ចេកវិទ្យា”

អត្ថបទដកស្រង់ដោយ : ចក់ សុខលាង

#MJQE#AmericanInterconSchool

 

បច្ចុប្បន្ននេះ ការវិវឌ្ឍនៃបច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជីវិតរស់នៅ ការធ្វើជំនួញ ការសិក្សាស្រាវជ្រាវ ក៏ដូចជាការបង្រៀនផងដែរ។ ការមិនស្វែងយល់ពីបច្ចេកវិទ្យា ប្រៀបដូចជាយើងមិនអាចទទួលបាននូវព័ត៌មានដ៏ត្រឹមត្រូវ និងជាក់លាក់ណាមួយ ហើយការសិក្សាស្រាវជ្រាវ និងការបង្រៀនក៏រឹតតែលំបាក។ ប្រសិនបើពោលពីការសិក្សានៅក្នុងសម័យបច្ចេកវិទ្យា កម្មវិធីបញ្ញាសិប្បនិម្មិត កំពុងដើរតួនាទីជាចលករថ្មីមួយ ដោយជួយជំរុញឱ្យការសិក្សារបស់សិស្ស រីកចម្រើនបានយ៉ាងឆាប់រហ័ស ដែលផ្ទុយពីសម័យមុន បច្ចេកវិទ្យា ឯកសារមេរៀនអាចទទួលបានពីការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ រៀមច្បង ឬមានតែក្នុងសៀវភៅពុម្ព និងបណ្ណាល័យតែប៉ុណ្ណោះ។

តើកម្មវិធីបញ្ញាសិប្បនិម្មិត បានដើតួរនាទីអ្វីខ្លះ ក្នុងការជួយជំរុញការសិក្សារបស់សិស្សនាសម័យបច្ចេកវិទ្យា? មុនពេលឆ្លើយសំនួរខាងលើ យើងគួរតែស្វែងយល់បន្តិចពីនិយមន័យរបស់បញ្ញាសិប្បនិម្មិត។ បញ្ញាសិប្បនិម្មិត ឬជាភាសាអង់គ្លេសថា Artificial Intelligence (AI) គឺជាបច្ចេកវិទ្យាដែលអាចផ្តល់ព័ត៌មាន និងការវិភាគស្រាវជ្រាវទូលំទូលាយដោយការបញ្ជាចេញតាមម៉ាស៊ីនកុំព្យូទ័រ។ សិស្សអាចសិក្សាស្រាវជ្រាវតាមបញ្ញាសិប្បនិម្មិតដោយការប្រើកម្មវិធីជាច្រើនដូចជា ChatGPT ឬ AI Art ជាដើម។ កម្មវិធីបញ្ញាសិប្បនិម្មិតទាំងនោះ បានជួយដល់សិស្សដូចខាងក្រោម៖

ស្វ័យសិក្សា : សិស្សអាចស្វែងយល់បន្ថែមលើមេរៀន លំហាត់ និងទស្សនៈពិបាកៗដែលមិនមាននៅក្នុងមេរៀនឬនៅក្នុងថ្នាក់ ដោយការប្រើបញ្ញាសិប្បនិម្មិតនេះ។

ពង្រីកសកម្មភាព និងការសហការសិក្សាជាក្រុម : ដោយការប្រើបញ្ញាសិប្បនិម្មិតក្នុងការស្វែងរកព័ត៌មានទូលំទូលាយ សិស្ស មានការចូលរួមពិភាក្សាក្នុងថ្នាក់ ដែលជំរុញឱ្យពួកគេទទួលបានឱកាសក្នុងការចែករំលែកគំនិត និងសំណួររបស់ខ្លួន ហើយមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃការសិក្សា។

មាតិកាសិក្សាទំនើប និងល្អៗ : ដោយការប្រើបញ្ញាសិប្បនិម្មិត សិស្សអាចសិក្សាតាមមាតិកាអប់រំល្អៗ និងទំនើបដូចជា វីដេអូមេរៀនអប់រំ ការសិក្សាតាមប្រព័ន្ធអនឡាញ ដែលជាផ្នែកមួយជួយឱ្យសិស្យមានភាពច្នៃប្រឌិតខ្ពស់ និងអាចអនុវត្តតាមបាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

សរុបសេចក្តីមក ការសិក្សាដោយប្រើកម្មវិធីបញ្ញាសិប្បនិម្មិត ពិតជាបានចូលរួមជាឧបករណ៍សំខាន់ក្នុងការជំរុញការសិក្សារបស់សិស្សក្នុងសម័យបច្ចេកវិទ្យា ដោយផ្ដល់នូវស្វ័យសិក្សា  ការពង្រីកសកម្មភាព និងការសហការសិក្សាជាក្រុម និងមានមាតិកាសិក្សាទំនើបៗ និងល្អៗជាច្រើន។