ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ចិនជាប្រទេសដំបូងគេដែលប្រើមជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្រ ដើរដោយថាមពលខ្យល់

បានផ្សាយចេញ | ១៦ កក្កដា ២០២៦ 205

ចិនជាប្រទេសដំបូងគេដែលប្រើមជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្រ ដើរដោយថាមពលខ្យល់

អត្ថបទព័ត៌មានស្តីពីរបកគំហើញ
ក្រោមប្រធានបទ “ចិនជាប្រទេសដំបូងគេដែលប្រើមជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្រ ដើរដោយថាមពលខ្យល់”
អត្ថបទដកស្រង់ដោយ : តាំង វិបុល
#MJQE #AmericanInterconSchool

ប្រទេសចិន បានចាប់ផ្តើមប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្រដំបូងគេ ដែលប្រើប្រាស់ថាមពលខ្យល់ (offshore wind) និងប្រើប្រាស់ទឹកសមុទ្រដើម្បីធ្វើឱ្យប្រព័ន្ធកុំព្យូទ័រត្រជាក់។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីយ៉ាងគំហុក ដែល បណ្តាលមកពីការកើនឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

គម្រោងមជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្រមានឈ្មោះថា «Shanghai Lingang» ដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រពីឆ្នេរភាគខាងកើតនៃទីក្រុងស៊ាងហៃ ហើយគម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China Communications Construction ដោយរួមបញ្ចូលគ្នារវាងវិស្វកម្មសមុទ្រ ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រសម្រាប់ដំណើរការប្រព័ន្ធ AI។ គម្រោងនេះមានសមត្ថភាពថាមពល ២៤មេហ្គាវ៉ាត់ ដែលអាចផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះបានប្រហែល ២០,០០០ ខ្នង។

ការច្នៃប្រឌិតដ៏សំខាន់ និងជាស្នូលនៃគម្រោងនេះ គឺប្រព័ន្ធ «ការភ្ជាប់ថាមពលខ្យល់សមុទ្រដោយផ្ទាល់»។ អគ្គិសនីដែលផលិតបានពីថាមពលខ្យល់នេះ នឹងត្រូវបញ្ជូនត្រង់ទៅកាន់ម៉ូឌុលទិន្នន័យដែលនៅក្រោមទឹក តាមរយៈខ្សែកាបចម្រុះរូបភាព-អគ្គិសនីក្រោមបាតសមុទ្រ (subsea photoelectric composite cables) ដោយមិនចាំបាច់ឆ្លងកាត់បណ្តាញអគ្គិសនីទូទៅនោះទេ។ ប្រព័ន្ធផ្លាស់ប្តូរកម្តៅដោយប្រើទុយោស្ពាន់ដែលចរន្តទឹកសមុទ្រឆ្លងកាត់នេះ អាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីបាន ២២.៨% ហើយមិនចាំបាច់ប្រើប្រាស់ទឹកសាបសម្រាប់ប្រព័ន្ធធ្វើឱ្យត្រជាក់ និងជួយកាត់បន្ថយការប្រើប្រាស់ផ្ទៃដីបានច្រើនជាង ៩០% បើធៀបនឹងមជ្ឈមណ្ឌលទិន្នន័យនៅលើដីធម្មតា។

គម្រោងវិនិយោគនេះមានទឹកប្រាក់សរុបចំនួន ១,៦ប៊ីលីយូនយ័ន (ប្រហែល ២៣៥លានដុល្លារអាមេរិក) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ប្រទេសចិន ក្នុងការបំពេញតម្រូវការថាមពលដ៏ខ្លាំងក្លាដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI។ ការប្រើប្រាស់អគ្គិសនីជាសកលដោយមជ្ឈមណ្ឌលទិន្នន័យ ត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅត្រឹមឆ្នាំ២០៣០ ដែលបច្ចេកវិទ្យា AI ជាកាតាលីករដ៏ចម្បងក្នុងការជំរុញឱ្យមានការកើនឡើងនេះ៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr Tha.jpg

ជំនាញ៣ប្រភេទ ដែលយុវជនគួររៀនក្នុងសម័យបច្ចេកវិទ្យាបច្ចុប្...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Chay1.jpg

តើមានភពណាដែលអាចជំនួសភពផែនដីបាន?

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr na.jpg

ផលប៉ះពាល់នៃបច្ចេកវិទ្យាចំពោះសុខុមាលភាពរបស់មនុស្ស

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Pheap1.jpg

យន្តហោះគ្មានមនុស្សបើកធ្វើពីក្រដាសកាតុង (រចនាបថ IKEA)